ដោយៈ មេសា/ភ្នំពេញៈ ប្រជាពលរដ្ឋ និង រដ្ឋាភិបាល ស្រីលង្កា ប្រារព្ធទិវាឯករាជ្យជាតិរបស់ពួកគេនៅថ្ងៃទី៤ ខែកុម្ភៈ ដើម្បី រំឭកដល់ថ្ងៃដែលអង់គ្លេសប្រគល់ឯរាជភាពដល់ពួកគេកាលពីឆ្នាំ១៩៧៨ បន្ទាប់ពីការតស៊ូប្តូរផ្តាច់អស់រយៈពេលរាប់រយឆ្នាំមក ។
ភូមិសាស្ត្រ-ប្រជាសាស្ត្រ
សាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យ ស្រីលង្កា គឺជារដ្ឋកោះ នៃ សមុទ្ទ ឥណ្ឌា មានផ្ទៃដី ៦៥.៦១០ គីឡូម៉ែត្រក្រឡា ស្ថិនៅ អាស៊ី ខាងត្បូង មានព្រំដែនជាប់ប្រទេស ឥណ្ឌា ម៉ាឡេស៊ី និង ប្រទេស ម៉ាល់ឌីវ ហើយ ស្រីលង្កា គឺជាអាណាចក្រឃ្លាំង ព្រះពុទ្ធសាសនា ដ៏មានវ័យចំណាស់បំផុតមួយក្នុងលោក ។ ដើមឆ្នាំ ២០២១ មានប្រជាពលរដ្ឋជាង ២២ លាននាក់ ភាគច្រើនជាអ្នកកាន់ ព្រះពុទ្ធសាសានថេរវាទ ភាសាផ្លូវការគឺភាសា ស៊ីនហាឡា រដ្ឋធានីគឺទីក្រុង កូឡុំបូ ។
ប្រវត្តិសាស្ត្រ
កងទ័ព ព័រទុយហ្កាល់ បានទៅដល់ទឹកដី ស្រីលង្កា នៅ ឆ្នាំ ១៥០៥ ហើយក៏បានពង្រីកឥទ្ធិពលរបស់ពួកគេតាមរយៈពាណិជ្ជកម្ម ដោយការស្ថាបនាកំពង់ផែនៅទីក្រុង កូឡុំបូ នៅឆ្នាំ ១៥១៧ និង បានពង្រីកអំណាចរហូតគ្របដណ្តប់តំបន់ឆ្នេរសមុទ្ទ ឥណ្ឌា ទាំស្រុង ដែលក្នុងនោះក៏មានអាណាចក្រ កាន់ឌីយ៉ា គឺប្រទេស ស្រីលង្កា ផងដែរ ។
ដោយសារមិនអាចទប់ទល់ទាំងពី បារាំង ផង ពី អង់គ្លេស ផង នៅ ឆ្នាំ ១៨០២ ហុល្លង់ បានប្រគល់ការត្រួតត្រាលើតំបន់ឆ្នេរសមុទ្ទទាំងស្រុង ទៅឱ្យ ក្រុមហ៊ុន អង់គ្លេស ឥណ្ឌា ខាងកើត ( ក្រុមហ៊ុននេះទទួលសិទ្ធិពីរដ្ឋាភិបាល អង់គ្លេស ក្នុងការប្រតិបត្តិការយោធានៅ អាស៊ី ហើយជាបន្តបន្ទាប់បានឈ្លានពានធ្វើអាណានិគមលើប្រទេសនានានៅ អាស៊ី ស្ទើរតែទាំងអស់ ) ប៉ុន្តែអាណាចក្រ កាន់ឌីយ៉ា គឺប្រទេស ស្រីលង្កា ស្ថិតក្រោមការត្រួត្រារបស់ ហុល្លង់ នៅឡើយ ។
អំឡុងសសង្គ្រាម ណាប៉ូឡេអុង បារាំង បានជោគជ័យលើ ហុល្លង់ យ៉ាងធំធេង ហើយអង់គ្លេស បានរម្ភថា ហុល្លង់ នឹងប្រគល់អាណាចក្រ កាន់ឌីយ៉ា ឬ ប្រទេស ស្រីលង្កា ទៅអោយ បារាំង ទើបនៅឆ្នាំ ១៨០៣ អង់គ្លេស ចាប់ផ្តើមឈ្លានពានជាលើកទី១ ទៅលើប្រទេស ស្រីលង្កា ប៉ុន្តែបានបរាជ័យ ។ អង់គ្លេស បានបើកការវាយលុកទ្រង់ទ្រាយធំពីរលើកទៀតក៏បានត្រួតត្រាប្រទេស ស្រីលង្កា ដោយជោគជ័យនៅថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ១៨១៥ ។
ចលនាប្រឆាំង
ឆ្នាំ១៨១៧ ក៏មានចលនាឩទ្ទាម Uva ប្រឆាំងនឹងអាណានិគម អង់គ្លេស នៅលើអាណាចក្រ កាន់ឌីយ៉ា ។ ប៉ុន្តែត្រូវបានកងទ័ពអាណានិគម អង់គ្លេស បង្ក្រាប ។ គ្រាប់ពូជស្នេហាជាតិ និង ភ្លើងឈឺចាប់ក្រោមអាណានិគម អង់គ្លេស ខណៈជីវភាពរបស់ពលរដ្ឋបានធ្លាក់ក្នុងសភាពក្រីក្រ ទើបនៅឆ្នាំ ១៨៣០ ក្រុមឩទ្ទាមបានផ្ទុះឡើងម្តងទៀត ។ ឆ្នាំ ១៨៣៣ ក៏ចាប់ផ្តើមមានកំណែទម្រង់ ខ្លះៗ ។
អំឡុងទសវត្សរ៍ឆ្នាំ១៨៣០ នេះ មានបញ្ហាផលិតផល កាហ្វេ នាំឱ្យមានឱនភាពសេដ្ឋកិច្ចអាណានិគម ។ អង់គ្លេស ចាប់ផ្តើមរឹតបន្តឹងការប្រមូលពន្ធសព្វសារពើ សូម្បីតែឆ្កែក៏មិនរួចពន្ធផង បង្កក្តីក្តៅក្រហាយដល់មនុស្សគ្រប់គ្នា ។ នៅឆ្នាំ១៨៤៨ ចលនាឩទ្ទាមមួយទៀតឈ្មោះ Matale Rebelion បានផ្ទុះឡើង ។
អង់គ្លេស បានប្រឹងប្រែងពង្រីកឥទ្ធិពល គ្រិស្តសាសនា តាមរយៈផ្តល់អាទិភាពដល់អ្នកណាកាន់ គ្រិស្តសាសនា ដូចជាផ្តល់ការសិក្សាខ្ពស់ តួនាទីក្នុងសង្គម និង រដ្ឋាភិបាល និង ក្នុងវិស័យពាណិជ្ជកម្មជាដើម ហើយដាក់សម្ពាធទៅលើពួកអ្នកកាន់ ពុទ្ធសាសនា ក៏ដូចជា ហិណ្ឌូ និង មូស្ល៊ីមសាសនិក ។ ឆ្នាំ ១៩៣៥ ពួកអាណានិគម អង់គ្លេស បានប្រកាសអនុម័តឱ្យប្រើប្រាស់ភាសា អង់គ្លេស ជាភាសាផ្លូវការរបស់ ស្រីលង្កា ប៉ុន្តែមិនមានប្រសិទ្ធភាពឡើយ (រហូតដល់ឆ្នាំ ១៩៥៦) ។
នៅចុងសតវត្សរ៍ទី ១៩ មានមនុស្សជាច្រើនវណ្ណៈ បានងើបប្រឆាំងនឹងពួក គ្រិស្តនិយម ដែលចេះតែដាក់សម្ពាធលើពួកអ្នក កាន់ពុទ្ធសាសនា និង ហិណ្ឌូ ក៏នាំឱ្យកើតមានចលនា ទមិឡនិយម បង្កើតបានជាសភាជាតិ Ceylon ដាក់សម្ពាធឱ្យអាណានិគម អង់គ្លេស ត្រូវតែធ្វើកំណែទម្រង់ច្បាប់មួយចំនួន ។
ចលនាដើម្បីឯករាជ្យ
ទីបំផុតគណៈបក្សនយោបាយមួយ ដែលបានផ្លាស់រូបរាងចេញពីសហព័ន្ធយុវជន ឈ្មោះគណបក្ស The Lanka Sama Samaja Party (LSSP) ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៣៥ គឺជាគណបក្សដំបូងគេបំផុតរបស់ ស្រីលង្កា ដែលប្រកាសថាគោលបំណងរបស់ពួកគេគឺ ដើម្បី ទាមទារឯករាជភាពជាតិទាំងស្រុង និង ធ្វើជាតូបនិយកម្មទៅលើផលិតកម្មគ្រប់ទម្រង់ លប់បំបាត់ការប្រកាន់ពូជសាសន៍ វណ្ណៈ និង ភេទ ។
បក្ស LSSP មានទំនាក់ទំនាក់ភាតរភាពជាមួយគណបក្ស Congress Socialist Party (CSP) របស់ឥណ្ឌា ដែលបានបង្កើតកាលពីឆ្នាំ ១៩៣៤ ហើយពួកបានចាត់ទុកថាជាបក្សបង និង ប្អូន ។
សម័យសង្គ្រាម
អំឡុងសង្គ្រាមលោកលើកទី ២ សមាជិកពីររូបរបស់គណបក្សដែលកំពុងកាន់អំណាចគឺលោក Junius Richard Jayawardene និងលោក Dudley Senanayake បានលួចពិភាក្សាជាមួយកងទ័ព ជប៉ុន ក្នុងគោលបំណងផ្តួលរំលំ អង់គ្លេស នៅ ស្រីលង្កា ដណ្តើមឯករាជភាពជូន ស្រីលង្កា ។
ចាប់ពី ខែវិច្ឆិកា ឆ្នាំ ១៩៣៩ និង ពាក់កណ្តាល ឆមាស ទីមួយ ឆ្នាំ ១៩៤០ ក៏មានផ្ទុះចលនាកូដកម្មនៅតំបន់កសិដ្ឋានដែលមានម្ចាស់ជាជនជាតិ អង់គ្លេស ។ នៅថ្ងៃទី ១៩ ខែ មករា ឆ្នាំ ១៩៤០ កម្មករម្នាក់ត្រូវបានប៉ូលិសបាញ់សម្លាប់ ។
កូដកម្មនេះរីកចូលដល់ទីក្រុង និង ទៅដល់ភាគខាងត្បូងប្រទេស ទីបំផុតជំនោរកូដកម្មត្រូវបានវាយបកដោយហិង្សាពីសំណាក់ប៉ូលិស។ អាណានិគមមើលឃើញថា ចលនាពួកអ្នកទាមទារមឯករាជភាពមានកម្លាំងខ្លាំងក្លាណាស់ មិនអាចបណ្តែតបណ្តោយបានឡើយ ។
កងទ័ពអាណានិគម អង់គ្លេស ក៏ចេញប្រតិបត្តិការ ហើយបានចាប់ខ្លួនមេដឹកនាំសំខាន់ៗមានលោក N. M. Perera លោក Philip Gunawardena និងលោក Colvin R. de Silva ថ្ងៃទី ១៨-១៩ ខែ មិថុនា ឆ្នាំ ។ ទីស្នាក់ការបក្ស LSSP ត្រូវបានឆ្មក់ចូល និង បិទដំណើរការ ។
នៅពេលជប៉ុនចូលខ្លួនទៅក្នុងសង្គ្រាម ជាពិសេសបន្ទាប់ពី អង់គ្លេស បាត់បង់សាំងហ្គាពួរ ប្រទេស ស្រីលង្កា បានក្លាយជាសមរភូមិមុខរបស់ អង់គ្លេស ប្រឆាំង ជប៉ុន ។ នៅថ្ងៃទី ៥ ខែ មេសា ឆ្នាំ ១៩៤២ ជប៉ុនបានទម្លាក់គ្រាប់បែកលើទីក្រុង កូឡុំបូ ។ មេដឹកនាំជាច្រើន របស់បក្ស LSSP មានលទ្ធភាពរត់គេចខ្លួន ដោយភាគច្រើនភៀសខ្លួនទៅប្រទេស ឥណ្ឌា ហើយបានចូលរួមក្នុងចលនាទាមទារឯករាជភាពនៅទីនោះដែលដឹកនាំដោយលោក គន្ធី ។ នៅឆ្នាំ ១៩៤២ និង ឆ្នាំ ១៩៤៤ បក្ស LSSP ដណ្តើមបានតួនាទីមេដឹកនាំសហជីពកម្មកររបស់រដ្ឋាភិបាលទីក្រុង កូឡុំបូ ។
ជនជាតិ ស្រីលង្កា ដែលកំពុងរស់នៅក្នុងប្រទេស សាំងហ្គាពួរ និង ប្រទេស ម៉ាឡេស៊ី បង្កើតកងទ័ពបានមួយកងពល នៅក្នុងកងទ័ពជាតិ ឥណ្ឌា ក្រោមការដឹកនាំផ្ទាល់របស់លោក Netaji Subhas Chandra Bose ។ គម្រោងនេះក្នុងគោលបំណងបញ្ជូនពួកគេទៅប្រទេសស្រីលង្កា ដើម្បី បះបោរទាមទារឯករាជភាព ប៉ុន្តែបានបរាជ័យដោយសារអ្នកបញ្ជូនព័ត៌មានកងទ័ពត្រូវបាន អង់គ្លេស ចាប់បាន ដោយសារតែពួកគេចុះខុសគោលដៅ ។
ស្រីលង្កាសេរី
សាធារណជននៅ ស្រីលង្កា ចាប់ផ្តើមផ្ទុះកំហឹងចំពោះ អង់គ្លេស ។ នៅក្នុង ខែ វិច្ឆិកា ឆ្នាំ ១៩៤៤ លោក Susantha de Fonseka សមាជិកក្រុមប្រឹក្សារដ្ឋ បានអំពាវនាវឱ្យមានរដ្ឋធម្មនុញ្ញមួយដែលអោយ ស្រីលង្កាសេរី ។ នៅថ្ងៃទី ១៩ ខែ មករា ឆ្នាំ ១៩៤៥ “ ខិតប័ណ្ណស្រីលង្កា សេរី “ ត្រូវបានបង្ហាញនៅក្នុងក្រុមប្រឹក្សារដ្ឋ ។ សភា បានព្រាងរដ្ឋធម្មនុញ្ញ ស្រីលង្កាសេរី ប៉ុន្តែទីបំផុតនៅតែចេញមិនរួច ដោយសារអាណានិគមមិនព្រម ។
គម្រោងនានាដែលមានសហការជាមួយ ជប៉ុន ក្នុងការផ្តួលរំលំ អង់គ្លេស ដើម្បី ឯករាជភាព ស្រីលង្កា បានបរាជ័យបន្ទាប់ពី ជប៉ុន ចាញ់សង្គ្រាមនៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ១៩៤៥ ហើយអង់គ្លេស ក៏បានបន្តត្រួតត្រា ស្រីលង្កា ខណៈដែល ស្រីលង្កា កំពុងស្ថិតក្នុងសភាពខ្ទេចខ្ទាំដោយសារសង្គ្រាម ។
នៅថ្ងៃទី ៣០ ខែ ឩសភា ឆ្នាំ ១៩៤៥ លោក A.P. Jayasuriya បានលើកសំណើមួយនៅក្នុងក្រុមប្រឹក្សារដ្ឋថា ពួកអ្នកទាមទារឯករាជ្យ ត្រូវដោះលែងដោយគ្មានលក្ខខណ្ឌ ។
សំណើនេះត្រូវបានអនុម័តដោយមានតែសមាជិកជាមន្ត្រីតំណាង អង់គ្លេស ពីររូបប៉ុណ្ណោះជំទាស់ ។ ប៉ុន្តែពួកសកម្មជនទាមទារឯករាជ្យ នៅតែមិនត្រូវបានដោះលែង ។ នៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ នោះ ក៏មានកូដកម្មដ៏ក្រេវក្រោធមួយផ្ទុះឡើង ទើប អង់គ្លេស ព្រមដោះលែងពួកសកម្មជនទាំងនោះ នៅថ្ងៃទី ២៤ ខែ និង ឆ្នាំ ដដែលនោះ។
ចាប់ពីខែ កញ្ញា ឆ្នាំ ដដែលនោះទៅ ក៏មានជំនោរកូដកម្មកក្រើកឡើងម្តងទៀត នៅក្នុងទីក្រុង កូឡុំបូ ។ នៅខែ វិច្ឆិកា សហជីព All Ceylon United Motor Workers’ Union ដឹកនាំដោយបក្ស LSSP បានបើកយុទ្ធនាការកូដកម្មទូទាំងប្រទេសដោយជោគជ័យបើទោះជាមានការចាប់ខ្លួនលោក N. M. Perera លោក Philip Gunawardena និង មេដឹកនាំដទៃទៀតក៏ដោយ ។
កសិករខ្លះបានបដិសេធមិនប្រគល់ស្រូវជូនរដ្ឋាភិបាលឡើយ ហើយក៏ត្រូវបានចាប់ដាក់គុករាប់រយនាក់ ។ នៅឆ្នាំ ១៩៥៦ សភា បានរៀបចំក្បួនដង្ហែមួយទៅកាន់ក្រុមប្រឹក្សារដ្ឋ អំពាវនាវឱ្យទម្លាក់ចោលនូវច្បាប់ប្រមូលពន្ធ(ពន្ធអារ ក ) ។
ខែ តុលា ឆ្នាំ ១៩៤៦ កម្មកររដ្ឋាភិបាលបានផ្ទុះកូដកម្មរួមទាំងកម្មកររថភ្លើង កំពង់ផែ ក្រុមហ៊ុនថាមពល និង បានក្លាយជាកូដកម្មទូទៅមួយ ។ បន្ទាប់ពីចាប់ខ្លួនមេដឹកនាំខ្លះមកក៏មានការចរចាផ្តល់តាមការទាមទាររបស់កម្មករ ។ ប៉ុន្តែអាណានិគមមិនបានគោរពតាមការសន្យាច្រើនឡើយ ទើបនៅខែ មិថុនា ឆ្នាំ ១៩៤៧ មានផ្ទុះកូដកម្មសារជាថ្មីម្តងទៀត ។ ប៉ុន្តែត្រូវបានទប់ស្កាត់ដោយកម្លាំងកងទ័ព ។
ទទួលបានឯករាជ្យ
នៅឆ្នាំ ១៩៤៦ លោក D.S. Senanayake បានបង្កើតគណបក្សមួយឈ្មោះ គណបក្សរួបរួមជាតិ ( United National Party =UNP) បានឈ្នះកៅអីភាគតិចនៅក្នុងសភា ប៉ុន្តែបានចងសម្ព័ន្ធភាពជាមួយបក្សពីរផ្សេងទៀត Sinhala Maha Sabha និងបក្ស Tamil Congress ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ។
ការរួមគ្នានេះ គឺជាសារបង្ហាញអោយអាណានិគម អង់គ្លេស ឃើញច្បាស់ពីកម្លាំងសាមគ្គីនៅក្នុង ស្រីលង្កា មានគ្រប់ស្រទាប់ តាំងពីកម្មករ កសិករ មន្ត្រីរដ្ឋ និង អ្នកនយោបាយ ។ ប្រការនេះឯងហើយ ដែលអាណានិគម អង់គ្លេស ត្រូវតែបង្ខំចិត្តរៀបចំប្រគល់សិទ្ធិអំណាចទៅអោយ ស្រីលង្កា ។ ទីបំផុត ពិធីប្រគល់សិទ្ធិអំណាច ឬ ឯករាជភាពទៅអោយ ស្រីលង្កា ត្រូវបានធ្វើឡើងជាស្ថាពរនៅថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ១៩៤៨ ។
ជាសរុបទៅតាំងពីធ្លាក់ក្រោមការត្រួតត្រារបស់ អង់គ្លេស មក ប្រជាជនស្រីលង្កា មិនដែលព្រមរស់ក្រោមការត្រួតត្រារបស់ អង់គ្លេស ឡើយ ទើបមានចលនាតស៊ូរើបម្រះតាមរូបភាពផ្សេងៗជាបន្តបន្ទាប់រហូតបានជោគជ័យជាស្ថាពរ ដោយសារការរួបរួមគ្នាជាធ្លុងមួយ ៕