ប្រែសម្រួល : កញ្ញាដាលីស ៖ ពួកឧត្តមសេនីយ៍មីយ៉ាន់ម៉ាបានបញ្ជាឱ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណេតដាក់កំហិតលើការចូលប្រើ Facebook នៅថ្ងៃព្រហស្បតិ៍នេះគឺតែប៉ុន្មានថ្ងៃបន្ទាប់ពីពួកគេដណ្តើមកាន់កាប់អំណាច ខណៈដែលប្រមុខអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ គូថេរ៉េស និយាយថា ពិភពលោកត្រូវតែប្រមូលផ្តុំកម្លាំងគ្នាដើម្បីធានាថារដ្ឋប្រហារយោធាត្រូវតែបរាជ័យ។
ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានធ្លាក់ចូលក្នុងការគ្រប់គ្រងរបស់យោធាដោយផ្ទាល់កាលពីថ្ងៃចន្ទខណៈមេដឹកនាំជាក់ស្តែងអ៊ុង សាន ស៊ូជី និងមេដឹកនាំស៊ីវិលផ្សេងទៀតត្រូវបានឃុំខ្លួនក្នុងការឆ្មក់ចាប់ខ្លួនជាបន្តបន្ទាប់ ដោយបញ្ចប់នូវការសាកល្បងលទ្ធិប្រជាធិបតេយ្យមួយដង្ហើមចង្រិតរបស់ប្រទេសនេះ។
រដ្ឋប្រហារនេះបាននាំឱ្យមានការថ្កោលទោសពីអន្តរជាតិនិងបង្កការបារម្ភថា យោធានឹងទាញប្រជាជនចំនួន ៥៤ លាននាក់ត្រឡប់ទៅរកការគ្រប់គ្រងរបស់របបយោធាជាច្រើនទសវត្សរ៍ដែលប្រែក្លាយមីយ៉ាន់ម៉ាទៅជាប្រទេសក្រីក្រនិងមានការគាបសង្កត់ខ្លាំងបំផុតនៅអាស៊ី។
ខណៈក្រុមប្រដាប់អាវុធត្រឡប់មកតាមដងផ្លូវនៃទីក្រុងធំៗវិញការដណ្តើមអំណាចលើកនេះមិនបានជួបនឹងការតវ៉ាតាមដងផ្លូវធំៗណាមួយឡើយ។ប៉ុន្តែប្រជាជនបានប្រមូលផ្ដុំក្នុងបណ្តាញសង្គមដើម្បីបង្ហាញសំឡេងប្រឆាំងនិងចែករំលែកផែនការមិនគោរពច្បាប់រដ្ឋ ពិសេសនៅលើ Facebook។
ក្រុមហ៊ុន Telenor ដែលជាអ្នកផ្តល់សេវាទូរគមនាគមន៍ដ៏សំខាន់មួយរបស់ប្រទេស បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា អាជ្ញាធរចេញបទបញ្ជាឱ្យ “បិទលទ្ធភាពចូលប្រើ Facebook” ជាបណ្តោះអាសន្ន។ក្រុមហ៊ុនរបស់ន័រវែសនេះនិយាយថាខ្លួនត្រូវតែអនុវត្តតាម ប៉ុន្តែមិនជឿថាការស្នើសុំនេះ ផ្អែកលើភាពចាំបាច់និងសមាមាត្រ ដែលស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិនោះទេ។
Facebook បានបញ្ជាក់ថា ការចូលប្រើ “បច្ចុប្បន្នត្រូវបានរំខានសម្រាប់មនុស្សមួយចំនួន” ហើយខ្លួនជំរុញឱ្យអាជ្ញាធរស្តារការតភ្ជាប់បណ្តាញឡើងវិញ។
ក្រុមហ៊ុន NetBlocks ដែលឃ្លាំមើលការដាច់អ៊ីនធឺណេតនៅជុំវិញពិភពលោក បាននិយាយថា ការរំខាននេះក៏ជះឥទ្ធិពលដល់កម្មវិធីដែលគ្រប់គ្រងដោយ Facebook ដែរដូចជា Instagram និង WhatsApp ។
សម្រាប់ប្រជាជនមីយ៉ាន់ម៉ាភាគច្រើន Facebook គឺជាច្រកចេញចូលអ៊ីនធឺណេតតែមួយគត់ និង ជាមធ្យោបាយសំខាន់ដើម្បីប្រមូលព័ត៌មាន។
សហគ្រិនអាយុ ៣២ ឆ្នាំឈ្មោះអាយ៉េ ដែលប្រឆាំងនឹងរដ្ឋប្រហារនេះ បាននិយាយថា “រឿងដំបូងដែលយើងក្រឡេកមើលរាល់ព្រឹកគឺទូរស័ព្ទរបស់យើងរឿងចុងក្រោយដែលយើងមើលនៅពេលយប់គឺទូរស័ព្ទរបស់យើង”៕
ប្រជាជនមីយ៉ាន់ម៉ាគោះចានឆ្នាំងសម្តែងការប្រឆាំងនឹងរដ្ឋប្រហារយោធា