Home ព័ត៌មានសំខាន់ៗ ពលរដ្ឋ​ខេត្តព...

ពលរដ្ឋ​ខេត្តព្រះវិហារ​ប្រើ​ដើម​ទ្រាំង​កែច្នៃ​យកមក​ធ្វើជា​ចង្កឹះ​វែក​និង​សម្ភារៈ​ផ្សេងៗ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​

​ដោយៈ​ដេប៉ូ​/​ព្រះ​វិហារៈ ដើម​ទ្រាំង​ជា​ប្រភេទ​រុក្ខជាតិ​ពពួក​ត្នោត មាន​ដើម​ពណ៌​ខ្មៅ ដែលមាន​កំពស់​ពី ៦ ទៅ ២៥ ម៉ែត្រ​។​ដើម​ទ្រាំង​ធាង​របស់​វា​វែងៗ ហើយ​ធំ ដោយ​គេ​អាច​យក​ធាង​ទាំងនោះ យកមក​កែច្នៃ​ពុះ​ច្រៀក​ធ្វើជា​ស្លឹក​រឹទ្ធ និង​អាច​បិត​ធ្វើជា​ចង្កឹះ​បាន ព្រមទាំង​មានគុណ​ភាពល្អ និង​មាន​ព៌​ណ​ខ្មៅ នៅពេលដែល​យើង​ប្រើប្រាស់​ប្រចាំថ្ងៃ​។​
​ ​
​ប្រជា​សហគមន៍​កែច្នៃ​ចង្កឹះ​ទ្រាំង​ស្រុក​ឆែប ខេត្តព្រះវិហារ​បាននាំគ្នា​កែច្នៃ​ផលិតផល​ចេញពី​ដើម​ទ្រាំង​ក្នុងនោះ​មានដូចជា ចង្កឹះ ដាវ វែក​ដួស​បាយ ឈើច្រត់ វែក​ឆា កន្ទេល និង​សម្ភារៈប្រើប្រាស់​មួយចំនួនទៀត ដែល​សុទ្ធសឹង​កែច្នៃ​ចេញពី​ដើម​ទ្រាំង​។​

​បច្ចុប្បន្ននេះ ចង្កឹះ​ផលិត​ចេញពី​ដើម​ទ្រាំង របស់​សហគមន៍​នេះ បានធ្វើការ​ផ្សព្វផ្សាយ​ល​ក់​តាម​បណ្តា​ខេត្ត​ខាងក្រៅ​និង​មួយចំនួនទៀត​ក៏បាន​នាំចូល​មក​លក់​ក្នុង រាជធានី​ភ្នំពេញ​ផងដែរ​។​

​ប្រជាពលរដ្ឋ​នៅ ភូមិ​ព្រៃវែង ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ លោក​វ៉ាន់​ជឿន​បាន​ប្រាប់ឱ្យដឹង​ដឹងថា​សម្ភារៈ​ធ្វើ​ពី​ទ្រាំង​បាន​លក់ដាច់​ដោយសារតែ​មួយចំនួន​គេ​មាន​ជំនឿ​លើ​អប្បិយ​ជំនឿ​។​

​លោ​កថា​ក្នុង​ជំនឿ​ពលរដ្ឋ​មួយចំនួន​ពិសេស​ជនជាតិ​ចិន​ជឿជាក់ថា ចង្កឹះ​ធ្វើ​ពី​ដើម​ទ្រាំង​នាំ​លាភ​សំណាង និង​អាច​បណ្តេញ​ឧបទ្រពចង្រៃ​ដោយសារ​វិញ្ញាណ​ល្អ​ដែល​នៅក្នុង​ដើម​ទ្រាំង​។​ក្រៅពីនេះ​សម្ភារៈ​ធ្វើ​ពី​ដើម​ទ្រាំង​ក៏​អា​ចប​ណេ្ត​ញ​ឧ​ប​ទ្រព្យ​ចង្រៃ​ដូចគ្នា​។​

​ដោយឡែក លោក មាស ហឿ​ប្រធាន​ក្រុម​សហគមន៍​កែច្នៃ​ចង្កឹះ​ទ្រាំង ស្រុក​ឆែប បានឱ្យដឹងថា​តាមរយៈ​ការកែច្នៃ​សម្ភារៈ​ធ្វើ​ពី​ដើម​ទ្រាំង​នេះ​គឺ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​អាច​រកចំណូលបាន​ក្នុង​មួយខែ​៥០​ម៉ឺន​រៀល ទៅ​៦០​ម៉ឺន​រៀល​។​ចំណូល​ទាំងនេះ​អាចធ្វើឱ្យ​ពួកគាត់​គ្រាន់​ដោះស្រាយ​ជីវភាព និង​មិនចាំបាច់​ចូល​ព្រៃ​កាប់​ឈើ​ឬ​បរបាញ់​សត្វ​ដូច​កាលពីមុន​ឡើយ​។​

​លោក​ថា ”​ពលរដ្ឋ​គាត់​ដកហូត​ធាង​ទ្រាំង​ដែល​ចាស់ៗ​មក​ប្រើ ក្នុងនេះ​អាច​កែច្នៃ​ជា​សម្ភារៈ​ច្រើន​មុខ ។​របស់​ទាំងនេះ​លក់ដាច់​គួរសម ហើយ​ពេលខ្លះ​សឹងតែ​ធ្វើ​មិនទាន់​ដែល​គេ​កុម្ម៉ង់​ផង​”​។​

​លោក​ប្រធាន​ក្រុម​សហគមន៍​រូបនេះ​ឱ្យដឹង​ដែរ​ថា នៅក្នុង​សហគមន៍​លោក​មាន​សមាជិក ១៤​គ្រួសារ​បាននាំគ្នា​ធ្វើ​របស់​កែច្នៃ​ពី​ដើម​ទ្រាំង​នេះ​។ ចំពោះ​សម្ភារៈ​កែច្នៃ​នេះ​ដូចជា​វែក​ដួស​បាយ និង​ចង្កឹះ មានការ​ពិបាកធ្វើ​បន្តិច ដោយ​ក្រុម​ប្រជា​សហគមន៍ អាចធ្វើ​បាន​ក្នុង​ម្នាក់​ចំនួន ១​ឬ​២​ហើយ​ចំណែក​ចង្កឹះ​អ្នកខ្លះ​មានលទ្ធភាព​អាចធ្វើ​បានត្រឹមតែ​២​ទៅ​៣​គូ​ទេ​។​

​លោក នេត្រ​ភក្ត្រា មន្ត្រី​នាំពាក្យ និង​ជា​រដ្ឋលេខា​ធិ​ក្រសួងបរិស្ថាន ដែល​បាន​ដឹកនាំ​ក្រុម​អ្នកសារព័ត៌មាន ចុះ​បំពេញ​ទស្សនកិច្ច​នៅ​ដែនជម្រកសត្វព្រៃ​គូលែន -​ព្រហ្ម​ទេព ភូមិ​ព្រៃវែង ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្ត​ព្រះ​វិហារ​​​កាលពី​ថ្មីៗ​មកនេះ​បានឱ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា​មាន​គោលនយោបាយ​ប្រែក្លាយ​ទីតាំង​មួយចំនួន​ក្នុង​តំបន់ការពារធម្មជាតិ​ខ្លះ ដែលមាន​សក្តានុពល​ទេសចរណ៍ ទៅជា​តំបន់​ទេសចរណ៍ធម្មជាតិ ដើម្បី​បង្កើន​សេដ្ឋ​កិច្ច​សម្រាប់​សហគម​ន៍​មូលដ្ឋាន ចូលរួម​អភិវឌ្ឍ និង​ធ្វើឱ្យមាន​កំណើនសេដ្ឋកិច្ច​ជាតិ ហើយ​ចូលរួម​ពង្រឹង​ប្រសិទ្ធ​ភាព​អភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ការអភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ គឺជា​យុទ្ធសាស្ត្រ​ត្រឹមត្រូវ​ដើម្បី​បង្កើន​ជីវភាព​ប្រជា​សហគមន៍​មូលដ្ឋាន បង្កើត​ជម្រើស​ថ្មី​មុខរបរ​ថ្មី​ជូន​ប្រជា​សហគមន៍ ដើម្បី​កាត់ផ្តាច់​ការប្រកប​រប​រ​ប្រពៃណី​របស់​ពលរដ្ឋ​ចូល​ព្រៃ​កាប់​ឈើ និង​ចូល​ព្រៃ​បរបាញ់​សត្វ និង​ការ​ចាញ់​ល្បិចកល​ការ​ញុះញង់​របស់​ក្រុម​ជនខិលខូច​មួយចំនួន​ចូល​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ដោយ​ខុសច្បាប់​។​

​លោក​នេត្រ​ភក្ត្រា​បាន​មានប្រសាសន៍ថា ដើម្បី​ប្រសិទ្ធភាព និង​ពង្រឹង​វិធានការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​រួមមាន​ព្រៃ ឈើ សត្វព្រៃ និង​ជីវៈចម្រុះ​ផ្សេងទៀត ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខ យើង​ចាំបាច់​ត្រូវមាន​ផែនការ​យុទ្ធសាស្ត្រ ដំណោះស្រាយ​សមស្រប​នោះ គឺ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​រស់នៅក្នុង និង​ជុំវិញ​តំបន់​តំបន់ការពារធម្មជាតិ មាន​ជីវភាព​ល្អប្រសើរ ទទួលបាន​ការអប់រំ​បណ្តុះបណ្តាល​មានចំណេះដឹង និង​ចូលរួម​ទទួលខុសត្រូវ​លើ​ការងារ​ការពារ និង​អភិរក្ស​ហើយ​ទទួលបាន​ផលប្រយោជន៍​ពី​កិច្ចការ​អភិរក្ស​នេះ​។

​ជាមួយគ្នានេះ​ក្រសួងបរិស្ថាន​ក៏បានផ្តល់​នូវ​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​មធ្យោបាយ​ដើម្បី​ពង្រឹងសមត្ថភាព​សហគម​ន៍​ទេសចរណ៍ធម្មជាតិ​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular