ដោយៈប.ជ័យ / បន្ទាយមានជ័យៈ ចាប់បានសត្វជ្រូកសាច់រស់ ដែលឈ្មួញលួចដឹកចេញពីច្រករបៀង នៃព្រំដែនប្រទេសកម្ពុជា-ថៃ តាមមធ្យោបាយរថយន្តរត់ទូ ត្រូវកម្លាំងជំនាញពេទ្យសត្វខេត្តបន្ទាយមានជ័យឃាត់យកទៅអនុវត្តនីតិវិធី ។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យបានអោយដឹងថ្ងៃទី៤ ខែកុម្ភៈ ២០២១ថា៖ សត្វជ្រូកសាច់រស់នោះមានចំនួន១៦ក្បាល ឈ្មួញលួចដឹកចេញពីច្រករបៀងនៃព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដោយដឹកតាមរថយន្តរត់ទូ ឬទូរីស ហើយត្រូវកម្លាំងជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ខេត្តបន្ទាយមានជ័យ ឃាត់បាននៅនៅវេលាម៉ោង៤រសៀល ថ្ងៃទី៣ ខែកុម្ភៈ ត្រង់ចំណុចមុខស្ថានីយ៍ប្រេងឥន្ទនៈមួយលើផ្លូវជាតិលេខ៦ ស្ថិតក្នុង ភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
រថយន្តរត់ទូនោះ ម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ចង្កូតឆ្វេង ពាក់ស្លាកលេខ កំពង់ចាម 2A-3823 បានលួចដឹកជ្រូករស់ចំនួន ១៦ក្បាលដោយគ្មានឯកសារបញ្ជាក់ប្រភពការអនុញ្ញាតិដឹកជញ្ជូន និងវិញ្ញាបនប័ត្រពេទ្យសត្វត្រឹមត្រូវឡើយ ។
ក្រុមការងារជំនាញបាននាំយកមធ្យោបាយ វត្ថុតាងនៃបទល្មើសផលិតកម្ម បសុព្យបាលខាងលើនេះទៅ រក្សាទុក ធ្វើចត្តាឡីស័កនៅការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យដើម្បីរកមេរោគសត្វ និងយកវត្ថុសំណាកទៅពិនិត្យ ហើយបើឃើញវិជ្ជមាន ជំនាញនឹងចាត់ការទៅតាមនិតិវិធីបន្ត៕