ដោយៈ ប.ខុន / ភ្នំពេញៈ តម្លៃត្រី ពិតជាបានឡើងថ្លៃ ជាងមុន បន្ទាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានវិធានការ ទប់ស្កាត់ការនាំចូលត្រី ជាបណ្តោះ អាសន្ន ចំនួន ៤ ប្រភេទ កាលពីដើមខែមករា ឆ្នាំ២០២១ តែការឡើងថ្លៃ ក្នុងមួយគីឡូក្រាម ពី ១.០០០ ទៅ ២.០០០ រៀលនោះ មានតែនៅតាម មណ្ឌលបែងចែក ផលនេសាទ តែនៅលើទីផ្សារ មិនមានការប្រែប្រួល ច្រើនទេ។
លោក ងិន ឌី នាយខណ្ឌរដ្ឋបាលជលផល រាជធានីភ្នំពេញ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ថាៈ តម្លៃត្រី នៅតាមមណ្ឌលបែងចែកផល នេសាទ ក្នុងរាជធានីភ្នំពេញ ពិតជាមានការកើនឡើង ចាប់តាំងពីផ្អាក មិនឱ្យមានការនាំចូល នូវប្រភេទត្រី ចំនួនបួនមុខ មួយរយៈរួចមក។
ឧកញ៉ា ទូច ឡូញ អ្នកគ្រប់គ្រង មណ្ឌលបែងចែល ផលនេសាទ គីឡូម៉ែត្រលេខ៩ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៤ កុម្ភៈ ថាៈ តម្លៃត្រី មានការប្រែប្រួលខ្លះ ទៅតាមប្រភេទត្រី ដូចជា ត្រីអណ្តែង នៅពេលបិទការនាំចូលពីដំបូង តែឥឡូវ ធម្មតាវិញហើយ និងឮដំណឹងថា បិទការនាំចូលត្រីរ៉ស់ ថែមមួយប្រភេទទៀត នៅថ្ងៃ ខាងមុខនេះ។
តម្លៃត្រី នៅតាមមណ្ឌលបែងចែក ផលនេសាទ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២០ ដូចជាត្រីប្រា ១ គីឡូក្រាម មានតម្លៃ ៥.០០០ រៀល, ត្រីឆ្តោ ១ គីឡូក្រាម ១២.០០០ រៀល, ត្រីពោ ៦.០០០ រៀល និងត្រីអណ្តែង ៥.០០០ រៀល តែនៅថ្ងៃទី៤ ខែកុម្ភៈ នេះ ត្រីប្រា ១ គីឡូក្រាម មានតម្លៃ ដល់ ៧.០០០ រៀល, ត្រីឆ្តោ ១ គីឡូក្រាម ១២.០០០ រៀល (តម្លៃដដែល) និងត្រីពោ ៨.០០០ រៀល។
ឯតម្លៃត្រី នៅមជ្ឈមណ្ឌលផ្សារអូរឫស្សី កាលពីថ្ងៃទី១២ ខែមករា កន្លងទៅ សម្រាប់ត្រីរ៉ស់តូច ១១.០០០ រៀល ត្រីរ៉ស់ធំ ១២.០០០ រៀល ,ត្រីឆ្តោតូច១៣.០០០ រៀល ត្រីឆ្តោធំ១៤.០០០ រៀល, ត្រីប្រា ៩.០០០រៀល រហូតដល់ថ្ងៃទី៤ខែកុម្ភៈឆ្នាំ ២០២១ មានការឡើងថ្លៃតែត្រីឆ្តោ ដោយក្នុងមួយគីឡូក្រាមឡើងថ្លៃ១.០០០រៀល គឺត្រីឆ្តោតូច ១ គីឡូក្រាម ថ្លៃ ១៤.០០០ រៀល ត្រីឆ្តោធំ ១៥.០០០ រៀល។
ពិនិត្យជារួម តម្លៃត្រី ឃើញមានការឡើង នូវប្រភេទខ្លះ នៅតាមមណ្ឌលបែង ចែកផលនេសាទ តែនៅលើទីផ្សារ មានការប្រែប្រួល តិចតិចតួច។ ត្រីខ្លះ បានឡើង ថ្លៃនៅតាម មណ្ឌលបែងចែក ផលនេសាទ ដូចជា ត្រីក្រាញ់ពី ៧.០០០ ទៅ ៩.០០០ រៀល តែមិនមែនជាប្រភេទត្រី ហាមឃាត់ការនាំចូលនោះទេ។
រំលឹកឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានសម្រេចបង្កើត ក្រុមការងារទប់ស្កាត់ និងបង្ក្រាបការដឹកជញ្ជូន ផលផលិតផល ជលផលនាំចូល នាំចេញ និងឆ្លងកាត់គ្មានការអនុញ្ញាត ដោយមានលោក ណៅ ធួក រដ្ឋលេខាធិការ និងលោក ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើជាសហប្រធាន។
នៅក្នុងសេចក្តីសម្រេច ដែលចុះហត្ថលេខា ដោយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅត្រង់ប្រការ ១ ឃើញមានសមាសភាព រដ្ឋលេខាធិការ ពីររូប ធ្វើជាសហប្រធាន , អនុរដ្ឋលេខាធិការម្នាក់ និងអគារធិការ នៃអគារធិការដ្ឋាន ជាអនុប្រធាន ហើយនឹង ៨ រូបផ្សេងទៀត។
ក្នុងប្រការ២នៃសេចក្តីសម្រេចលេខ០១៣សសរ.កសកនេះ បានសរសេរ ដូច្នេះថា ក្រុមការងារ មានភារកិច្ច ដូចជា ចុះប្រតិបត្តិការ ទប់ស្កាត់ និង បង្ក្រាបការ ដឹក ជញ្ជូនផល ផលិតផលជលផល នាំចូល នាំចេញ និងឆ្លងកាត់គ្មានការអនុញ្ញាត ទូទាំងព្រះរាជាណាចក្រកម្ពុជា។ ស្រាវជ្រាវរកជនល្មើស និង អ្នកពាក់ព័ន្ធ ដើម្បី រៀ ប ចំកសាងសំណុំរឿងបទល្មើសជលផលតាមនិតិវិធី,ចាត់វិធានការតាមនិតិវិធី នៃ ច្បាប់ស្តីពីជលផល និងបទដ្ឋានកតិ យុត្តពាក់ព័ន្ធ , សហការជាមួយសមត្ថកិច្ច និង រដ្ឋរាជធានីខេត្តពាក់ព័ន្ធដើម្បី ប្រសិទ្ធ ភាពការងារ , ជម្រុញពង្រឹងការងារនិង ដឹក នាំកម្លាំងសមត្ថកិច្ចជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីខេត្ត លើការងារដឹកជញ្ជូនផល ផលិត ផលជលផលនាំចូល នាំចេញ និង ឆ្លងកាត់ គ្មាន ការអនុញ្ញាត, បូកសរុបរបាយការណ៍លទ្ធផល ជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងទទួលភារកិច្ចផ្សេងទៀត ដែលរដ្ឋមន្ត្រីក្រសួងសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រគល់ជូន។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ចេញសេចក្តីសម្រេចបង្កើត ក្រុមការងារខាងលើ បន្ទាប់ពីបានចេញសេចក្តីប្រកាសព័ត៌មាន កាលថ្ងៃទី ៨ ខែមករា ឆ្នាំ២០២១ មានស្តីពីការផ្អាកនាំចូល ជាបណ្តោះអាសន្ន នូវប្រភេទត្រីមួយចំនួន ដែលវារីវប្បករក្នុងស្រុក ផលិតបាន ដោយសារការទប់ស្កាត់ គ្មានប្រសិទ្ធភាព រួចមក។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ បានប្រកាសព័ត៌មានថា អនុវត្តតាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងពិធីប្រគល់សញ្ញាប័ត្រ ដល់គរុសិស្ស គរុនិស្សិតបញ្ចប់ ការសិក្សា ឆ្នាំ២០១៨-២០១៩ នៅវិទ្យាស្ថានជាតិអប់រំ និងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ក្នុងឱកាសជួបសំណេះសំណាល ជាមួយបងប្អូន ប្រជាកសិករ វារីវប្បករ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ត្រីទឹកសាបបាទី ខេត្តព្រៃវែង ដែលសម្តេចតេជោ បានណែនាំ ហើយណែនាំទៀត ឱ្យប្រើប្រាស់ ឱកាសមាស ក្នុងការដាំដុះ ចិញ្ចឹមត្រី និងសត្វ ដើម្បីឈានទៅដល់ ការកាត់បន្ថយការនាំចូល និងផ្អែកតាម សំណូមពររបស់ សមាគមនវារីវប្បករ នៅកម្ពុជាផង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការពិនិត្យ និងពិចារណា ក្នុងការផ្អាកជាបណ្តោះអាសន្ន នូវការនាំចូល ផលិតផលជលផល ដែលវារីវប្បករក្នុងស្រុក អាចផលិតបាន ដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ ជាដើម ដើម្បីជួយដោះស្រាយ បញ្ហាប្រឈម ទីផ្សារផលិតផលវារីវប្បកម្ម នាពេលបច្ចុប្បន្ន រួមចំណែកក្នុងការផលិតក្នុងស្រុក ឱ្យបានខ្លាំងក្លា និងឈានទៅរកការនាំចេញ នៅពេលខាងមុខ។
ក្នុងសេចក្តីប្រកាសព័ត៌មាន សរសេរទៀតថាៈ ថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្កេតឃើញថា មានក្រុម អាជីវករនាំចេញនាំចូល ផលផលិត ផលជលផលមួយចំនួន មានការមិនពេញចិត្ត ចំពោះចំណាត់ការ នៃការផ្អាកជាបណ្តោះអាសន្ន នូវការនាំចូលផលិតផលជលផល ដែលអាចផលិតបាននៅក្នុង ស្រុក នាពេលកន្លងមក។ ដូចនេះ ដើម្បីដោះស្រាយបញ្ហាខាងលើ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានរៀបចំកិច្ចប្រជុំ ពិភាក្សាជាមួយភាគីពាក់ព័ន្ធ រួមមានសមាគមនវារីវប្បករ នៅកម្ពុជា និងតំណាងអាជីវករ នាំចេញនាំចូល ផលិតផលជលផល និងបានព្រមព្រៀងគ្នា អនុវត្តនូវវិធាន ការបន្ទាន់មួយចំនួន ដូចខាងក្រោមៈ
-សមាគមនវារីវប្បករនៅកម្ពុជាត្រូវរៀបចំផ្តល់នូវពត៍មានដែលទាក់ ទងទៅ នឹង ប្រភេទបរិមាណផល ផលិតផលវារីវប្បកម្ម ដែលត្រូវដល់ពេលប្រមូលផល នៅ តាមខែនីមួយៗ ដល់អាជីវករ ប្រមូលទិញនាំចេញនាំចូល ផលផលិតផលជលផល ដើម្បីចុះប្រមូលទិញ ផលផលិតផល ជលផល ដែលផលិតបាននៅក្នុង ស្រុកទាំង នោះ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
-តំណាងអាជីវករនាំចេញ នាំចូលផលផលិតផលជលផល បានយល់ព្រម ផ្អាកនូវការស្នើសុំនាំចូលប្រភេទត្រី ដែលវារីវប្បករផលិតបានច្រើន ដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ ព្រមទាំងប្រភេទត្រី មួយចំនួនទៀត ដែលអាចចិញ្ចឹម បានក្នុងស្រុក តាមការជូនដំណឹង របស់សមាគមវារីវប្បករនៅកម្ពុជា។
-តំណាងអាជីវករ នាំចេញនាំចូលផល ផលិតផលជលផល បានឯកភាព ក្នុងការបង្កើតនូវសមាគម និងបណ្តុំអ្នកប្រមូលទិញ ផលផលិតផលជលផល នៅ តាមតំបន់ ដើម្បីប្រមូលទិញផល ផលិតផលជលផល ដែលផលិតបាន។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន បានសរសេរទៀតថាៈ ចំពោះការនាំចូលឆ្លង កាត់ផលផលិតផលជលផល តំណាងអាជីវករ នាំចេញនាំចូលផលផលិតផល ជល ផល ធានាថា នឹងមានការចុះ បញ្ជីទទួលស្គាល់ នៅដើមទី និងចុងទី ពីមន្ត្រីជលផលមានសមត្ថកិច្ច និងធានាថា មិនមានទម្លាក់ចែកចាយ ផលផលិតផល ជលផល ឆ្លងកាត់នេះ ចូលទៅក្នុងទីផ្សារ ក្នុងស្រុកឡើយ៕/V.mara