ដោយៈសរិទ្ធ/ស្វាយរៀងៈ ស្ត្រីចំណាស់ម្នាក់បានលង់ទឹកព្រែកស្លាប់ ពេលចេញទៅមើលមង កាលពី ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតក្នុងភូមិម្រាមខាងត្បូង ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។
ស្ត្រីនេះឈ្មោះយស់ ឡូត អាយុ៥៤ឆ្នាំ មុខរបរកសិកររស់នៅភូមិឃុំកើតហេតុខាងលើ។ តាមក្រុមគ្រួសារបានឱ្យដឹងថា មុនកើតហេតុស្ត្រីរងគ្រោះបានចេញពីផ្ទះទៅមើលមងដាក់ត្រីនៅព្រែកខាងកើតឆៀងខាងត្បូងផ្ទះ នាវេលាម៉ោង៧ព្រឹក។ រហូតមកដល់ម៉ោង១១ និង៣០នាទីព្រឹក ពុំឃើញជនរងគ្រោះមកផ្ទះវិញ ក៏បានទៅតាមរកដល់ព្រែកកន្លែងដាក់មង តែពុំឃើញមនុស្សទេឃើញតែអាវទុកនៅលើភ្លឺព្រែក។ ពេលនោះ ពួកគាត់ក៏បានរាយការណ៍ជូននគរបាលប៉ុស្ដិ៍ឲ្យជួយរុករក និងចុះរាវក្នុងទឹកព្រែកបានប្រទះឃើញជនរងគ្រោះតែម្ដង។
ក្រុមគ្រួសារបានបន្តទៀតថា មុនកើតហេតុ ស្ត្រីរងគ្រោះ បានហូបស្រាស្រវឹងខ្លាំងទើបចេញទៅមើលមង បណ្ដាលឱ្យលង់ទឹកព្រែកតែម្ដង។
បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕