ដោយ:ដេប៉ូ/ភ្នំពេញ: លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានបញ្ជាក់ថាក្រសួងនឹងរៀបចំ «កម្មវិធីបោះជំរំ» ក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្នុងភូមិសាស្ត្រខេត្តក្រចេះ រយៈពេល២ថ្ងៃពោល គឺចាប់ពីថ្ងៃទី១៤ ដល់១៥ ខែកុម្ភៈ ឆ្នាំ២០២១។
បើតាមការឱ្យដឹងរបស់លោក នេត្រភក្ត្រា បានបញ្ជាក់ថា កម្មវិធីបោះជំរំស្រឡាញ់ព្រៃឡង់នេះ ក្រោមប្រធានបទ «យើងស្រឡាញ់ព្រៃឡង់» ហើយកម្មវិធីនេះ នឹងបើកទូលាយឱ្យមានការចូលរួមពីសំណាក់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលបណ្តាញសហគមន៍ថ្នាក់តំបន់ និងប្រជាសហគមន៍មូលដ្ឋាន ដែលតាមការប៉ាន់ ស្មាននឹងមានអ្នកចូលរួមប្រមាណ៣០០នាក់។
លោករដ្ឋលេខាធិការបានមានប្រសាសន៍ដែរថាក្នុងឆ្នាំ២០២១ នេះគឺជាលើកទី២ ហើយ ដែលក្រសួងបរិស្ថានបានដឹកនាំកម្មវិធីបោះជំរំនេះ។ កម្មវិធីបោះជំរំនេះមានគោលបំណងដើម្បី ១) សម្តែងនូវក្តីស្រឡាញ់ចំពោះធនធានធម្មជាតិ ជីវៈចម្រុះ និងបរិស្ថាននៅដែនជម្រកសត្វព្រៃព្រៃឡង់ ក៏ដូចជានៅក្នុងប្រទេសកម្ពុជាទាំងមូល។ ២)ផ្សព្វផ្សាយការយល់ដឹងនិងចែករំលែកបទពិសោធក្នុងការគ្រប់គ្រងធនធានធម្មជាតិ។ ៣) បំផុសគំនិតនិងស្មារតីដល់ ប្រជាជនជាពិសេសក្នុងស្រទាប់យុវវ័យឱ្យស្រឡាញ់ និងចូលរួមអភិរក្សធនធានធម្មជាតិ។ ៤) បង្កើនការប្រាស្រ័យទាក់ទងរបស់ប្រជាជនគ្រប់មជ្ឈដ្ឋានដើម្បីរួមគ្នាការពារ និងអភិរក្សធនធានធម្មជាតិជីវៈចម្រុះ និងបរិស្ថាន។
ជាមួយគ្នានេះលោក នេត្រ ភក្ត្រាបានលើកឡើងថា ព្រៃឡង់ត្រូវបានរាជរដ្ឋាភិបាលបង្កើត ឡើងតាំងពីឆ្នាំ ២០១៦ ហើយស្ថិតក្រោម ការគ្រប់គ្រង អភិរក្សរបស់ក្រសួងបរិស្ថាន។ ព្រៃ ឡង់ មាន ផ្ទៃដី សរុប ជាង ៤៣ ម៉ឺន ហិកតា និង មាន ភូមិសាស្ត្រ ខេត្ត ចំនួន ៤ គឺ ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ និងក្រចេះ។ កាលពីឆ្នាំ ២០១៩ ក្រសួងបរិស្ថានបានប្រកាសទទួលស្គាល់ តំបន់ការពារធម្មជាតិ ចំនួន ១៩ ដែលមានសិទ្ធិស្របច្បាប់ចូលរួមសកម្មភាពការពារ និងអភិរក្សធនធានធម្មជាតិ នៅក្នុង ដែនជម្រកសត្វព្រៃដ៏មានសារៈសំខាន់។
លោករដ្ឋលេខាធិការបានបន្ថែមថា ”ខ្ញុំសូមគូសបញ្ជាក់សាជាថ្មីនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា របស់មន្ត្រីឧទ្យានុរក្សនៃក្រសួង បរិស្ថាន និងសហគមន៍តំបន់ការពារធម្មជាតិក្នុងការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់។ កិច្ចខិតខំប្រឹងប្រែងលើការអនុវត្តច្បាប់ និងការអប់រំផ្សព្វផ្សាយ បានធ្វើឱ្យកម្រិតបទល្មើសទ្រង់ទ្រាយធំលែងកើតមាន ហើយមន្ត្រីមានសមត្ថកិច្ចបន្តបង្ក្រាប និងទប់ស្កាត់បទល្មើសតូចៗ ដែលនៅកើតមានបន្ថែមទៀត”។
បើតាមលោករដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងដែរថា ក្នុងការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅឆ្នាំ២០២០ កន្លងទៅនេះ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងសហគមន៍ តំបន់ការពារធម្មជាតិដោយមានការគាំទ្រពីគម្រោងព្រៃឡង់បៃតងរបស់ USAID ផង បានចុះល្បាតចំនួន១៧២៨លើក បង្ក្រាបបទល្មើសបានចំនួន១០១៩ករណី ក្នុងនោះបានបញ្ជូនសំណុំរឿងទៅតុលាការចំនួន៤៧ករណី រឹបអូសរ៉ណារយន្តបានចំនួន៤៨១គ្រឿង គោយន្តកន្ត្រៃចំនួន១១៦គ្រឿង រឹបអូសម៉ូតូចំនួន៤៧គ្រឿង ដោះអន្ទាក់ចេញពីតំបន់ព្រៃឡង់បានចំនួន២៦៣០អន្ទាក់ ដកហូតកាំភ្លើងកែច្នៃចំនួន១១៧ដើម ដកហូតឈើបានចំនួន២៧៥ម៉ែត្រគូប ពិន័យអន្តរការណ៍ចំនួន៦៩ករណី និងធ្វើកិច្ចសន្យានិងអប់រំចំនួន៣៧៩ករណី៕