Home ព័ត៌មានសំខាន់ៗ មេបញ្ជាការ​កង...

មេបញ្ជាការ​កងទ័ពជើងគោក​រំលឹក​ដល់​មេបញ្ជាការ​ថ្នាក់ក្រោម​ពី​សកម្មភាព​ចាក​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​នាពេល​ដ៏​ខ្លី​ខាងមុខ​

ដោយៈមុនីរ័ត្ន/ភ្នំពេញ : លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​រំលឹក​ដល់់​មេបញ្ជាការ​អង្គភាព​ទាំងអស់​ពន្យល់​ណែនាំ​ដល់​បងប្អូន​កងកម្លាំង​ប្រដាប់អាវុធ​ដែលជា​គោលដៅ​អាទិភាព​ក្នុងការ ទទួល​ចាក់​ថ្នាំ​បង្ការ​ឱ្យមាន​ស្មារតី​នឹងនរ​និង​ជឿទុកចិត្ត​លើ​ការគិតគូរ​របស់​រាជ​រដ្ឋាភិបាល​និង​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ផ្ទាល់ ព្រោះនេះ​គឺជា​កិច្ចការ​ធំ​នៅក្នុង​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​រំលឹក​ដល់់​មេបញ្ជាការ​អង្គភាព​ទាំងអស់​ពន្យល់​ណែនាំ​ដល់​បងប្អូន​កងកម្លាំង​ប្រដាប់អាវុធ​ដែលជា​គោលដៅ​អាទិភាព​ក្នុងការ ទទួល​ចាក់​ថ្នាំ​បង្ការ​(រូបថតផេកលោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត)

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ថ្លែង​បែបនេះ​នៅក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​ភស្តុភារ​, យន្ត​យុទ្ធ​,​ពេទ្យ​សង្គ្រោះ និង​ជំនាញ​បើកបរ​រថយន្ត​ធុន​ធ្ងន់​សម្រាប់​យោធភូមិភាគ​ទី​៤​និង​កងពលធំ​អន្តរាគមន៍​លេខ​២​នៅ​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បន្តថា​ទន្ទឹមនឹងនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​រួមគ្នា​និង​ត្រៀមលក្ខណៈ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​អនុវត្ត​វិធានការ​សុខាភិបាល និង​ទទួល​ចាក់​ថ្នាំ​បង្ការ​ទៅតាម​ដំណាក់កាល​នីមួយៗ​តាម​ផែនការ​លទ្ធភាព​របស់​រាជរដ្ឋាភិបាល ដើម្បី​ការពារ​ខ្លួន​យើង គ្រួសារ​យើង សង្គមជាតិ​យើង និង​ប្រជាជន​យើង​នៅក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​។ ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​គឺ​ផ្តើមចេញ ពី​ខ្លួន​យើង ដើម្បី​ការពារ​ខ្លួន​យើង និង​អ្នកដទៃ​។ ប្រទេសមួយ​ចំនួន​ខ្វះ​ការយកចិត្តទុកដាក់​លើ​ប្រជាជន​ខ្លួនឯង​។ ប្រទេស​យើង​តូច ប៉ុន្តែ​យើង​មាន​ថ្នាក់ដឹកនាំ​ដែល​គិតគូរ​ពី​ប្រជាពលរដ្ឋ យកចិត្តទុកដាក់​ដោះស្រាយ​ការលំបាក​គ្រប់បែបយ៉ាង​របស់​ប្រជាពលរដ្ឋ​។​

​ចំពោះ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ ដែលជា​បញ្ហា​ប្រឈម​ចំពោះមុខ មកដល់​បច្ចុប្បន្ននេះ កម្ពុជា​យើង​អាច​គ្រប់គ្រង​ស្ថានការណ៍​បានល្អ​ប្រសើរ ដោយ​មិនទាន់មាន​ករណី​ឆ្លង​ច្រើន ហើយ​ករណី​ស្លាប់​នៅក្នុង​ប្រទេស​ក៏​មិនទាន់មាន ខណៈដែល​ប្រទេស​មួយចំនួន​ទាំង​ក្នុង​តំបន់ និង​ពិភពលោក​កំពុង​បន្ត​រងគ្រោះ​ខ្លាំង​។ ទាំងនេះ​ក៏ដោយ​សារ​យើងទាំងអស់គ្នា ទាំង​ប្រជាជន មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​បាន​ចូលរួម​អនុវត្ត​ប្រកបដោយ​ការទទួលខុសត្រូវ​នូវ​វិធានការ​ដ៏​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព​របស់​រាជរដ្ឋាភិបាល ហើយ​ចុង​ក្រោយនេះ គឺ​វិធានការ​ទប់ស្កាត់​នៅ​ច្រកព្រំដែន​តែម្តង​។ យ៉ាងណាក៏ដោយ ជាមួយនឹង​កំណើន​ពលករ​ចំណាកស្រុក​មកពី​ក្រៅប្រទេស​នេះ ក៏​ជា​ហានិភ័យ​មួយ​គួរឱ្យ​ព្រួយបារម្ភ​ផងដែរ​។ ដូច្នេះ​ដំណាក់កាល​បន្ត​នៅក្នុង​ការងារ​នេះ គឺ​ការបន្ត​ការពារ​ប្រជាពលរដ្ឋ​របស់​យើង ទី​១​តាមរយៈ​វិធានការណ៍​សុខាភិបាល និង​ទី​២ តាមរយៈ​ផ្តល់​ការចាក់​ថ្នាំ​បង្ការ​ដល់​ប្រជាពលរដ្ឋ ដូច​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​រំលឹក​ដល់់​មេបញ្ជាការ​អង្គភាព​ទាំងអស់​ពន្យល់​ណែនាំ​ដល់​បងប្អូន​កងកម្លាំង​ប្រដាប់អាវុធ​ដែលជា​គោលដៅ​អាទិភាព​ក្នុងការ ទទួល​ចាក់​ថ្នាំ​បង្ការ​(រូបថតផេកលោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត)

​លោក​បន្តថា សព្វថ្ងៃនេះ នៅ​ទូទាំង​ពិភពលោក ប្រទេស​ជាច្រើន​បាន​រកឃើញ​ថ្នាំ​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដែល​អាចមាន​ប្រសិទ្ធភាព​ប្រើប្រាស់​បាន ដោយ​ឆ្លងតាម​ការស្រាវជ្រាវ និង​ត្រួតពិនិត្យ​ផ្នែក​បច្ចេកទេស និង​វិទ្យាសាស្ត្រ​ត្រឹមត្រូវ​។ ដូច្នេះ នៅ​ចំពោះមុខ​ហានិភ័យ​ដ៏​គ្រោះថ្នាក់​នៃ​ជំងឺ​នេះ រាជរដ្ឋាភិបាល​បានសម្រេច​ចិត្ត​ទិញ​ថ្នាំ​បង្ការ​ពី​ប្រទេស​ចិន​បន្ថែម​លើ​ជំនួយ​របស់​បណ្តា ប្រទេស​ជា​មិត្ត​ធ្វើយ៉ាងណា​ការពារ​ឱ្យបាន​នូវ​សុខភាព​និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ដោយ​មិនអាច​រង់ចាំ​បានឡើយ​ជាពិសេស​ខណៈពេលដែល​ក​ម្លាំ​ង​សុខាភិបាល​និង​កម្លាំងប្រដាប់អាវុធ​ជាតិ​យើង​ដែល​នៅ​ជួរមុខ​កំពុង​ប្រឈម​ដោះស្រាយ​បញ្ហា​ពលករ​ចំណាកស្រុក​ដែល​ត្រឡប់​ចូលមក​ក្នុងប្រទេស​វិញ​នៅតាម​ច្រកព្រំដែន និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​។ នេះ គឺជា​ការសម្រេចចិត្តរ​បស់​រាជរដ្ឋាភិបាល​ផ្អែកលើ​មូលដ្ឋាន​សុខាភិបាល និង​ស្តង់ដារ​គុណភាព សុវត្ថិភាព​ច្បាស់លាស់ ជាពិសេស​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ជោគវាសនា​ប្រទេសជាតិ និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​។ ក្នុង​ភាពជា​អ្នកដឹកនាំ​ដោយ​គំរូ ព្រមទាំង​ដើម្បី​ផ្តល់​ទំនុកចិត្ត និង​ជំនឿ​ជឿជាក់​ដល់​ប្រជាពលរដ្ឋ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ផ្សេងទៀត ក៏បាន​ស្ម័គ្រចិត្ត​ទទួលយក​ការចាក់​ថ្នាំ​បង្ការ​នេះ​មុនគេ​ផងដែរ​។​ម្យ៉ាងវិញទៀត​ថ្នាក់ដឹកនាំ​និង​ប្រជាជន​នៃ​បណ្តា​ប្រទេស​ផ្សេងៗ​ជាច្រើន​ទៀត​រាប់លាន​នាក់​ទៀត ក៏បាន​ប្រើប្រាស់​នូវ​ថ្នាំ​បង្ការ​ប្រភេទ​នេះ ដោយមាន​ប្រសិទ្ធភាព​រួចទៅហើយ​៕​សរន​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​រំលឹក​ដល់់​មេបញ្ជាការ​អង្គភាព​ទាំងអស់​ពន្យល់​ណែនាំ​ដល់​បងប្អូន​កងកម្លាំង​ប្រដាប់អាវុធ​ដែលជា​គោលដៅ​អាទិភាព​ក្នុងការ ទទួល​ចាក់​ថ្នាំ​បង្ការ​(រូបថតផេកលោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular