ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ បន្ទាប់ពីទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋានស្តីពីទុក្ខលំបាករបស់ប្រជាពលរដ្ឋជាជនពិការ មន្ត្រីអាជ្ញាធរបានចុះទៅជួបនិងដោះស្រាយបន្ទាន់តាមសំណូមពរ ។
មន្ត្រីសាលាស្រុកមង្គលបូរីបានឲ្យដឹងកាលពីថ្ងៃទី៤ខែកុម្ភៈនេះថាលោកលីសារីអភិបាលរងខេត្តបន្ទាយមានជ័យនិងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្ត និងរួមដំណើរ ជាមួយលោកស្រី ហេង សុភ័ក្ត្រ អភិបាលរងស្រុកមង្គលបូរី និងក្រុមការងារលោកនៅមូលដ្ឋានឃុំរហាត់ទឹក បាននាំអំណោយគ្រឿងឧបភោគ បរិភោគ និងរទេះជនពិការចំនួនពីរគ្រឿង របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងថវិកាផ្ទាល់ខ្លួន ប្រគល់ជូនជនពិការចំនួនពីរនាក់ ដែលរស់នៅភូមិអូរជួប ឃុំរហាត់ទឹក ស្រុកមង្គលបូរី ។គ្រួសារជនពិការមាន៖ឈ្មោះ ហ៊ុន សុឃឿ ភេទស្រីអាយុ៥០ឆ្នាំ ពិការជើងនៅតែលើផ្ទះ(ដោយជំងឺមហារីកជើង រយៈពេលបួនឆ្នាំហើយ) រស់នៅជាមួយកូនប្រុសបង្កើត។
និងឈ្មោះ ហ៊ុន វណ្ណៈ ភេទប្រុសអាយុ២០ឆ្នាំ ស្វិតជើងនិងដៃទាំងសងខាង(រយៈពេល១២ឆ្នាំ)រស់នៅជាមួយឪពុក ម្តាយបង្កើត ៕សរន