Home ព័ត៌មានជាតិ សន្តិសុខ រឿងរ៉ាវ​លក់​ដ...

រឿងរ៉ាវ​លក់​ដី​ឲ្យ​គេតែ​មិន​ព្រម​ចុះចេញ : តុលាការ​គ្រប់​ជាន់ថ្នាក់​សម្រេច​ឲ្យ​ម្ចាស់​ដី​ឈ្នះ និង​ឲ្យ​ភាគី​ចាញ់ក្តី​រុះរើ​ចេញ​

ដោយៈ ឫទ្ធិ​ស័ក្តិ​/​ភ្នំពេញៈរឿងក្តី​វិវាទ​ដីធ្លី​ជា​យូរ​ឆ្នាំ​មួយ​នៅតែ​មិនទាន់​ដោះស្រាយ​បញ្ចប់​នៅឡើយ បើទោះបីជា​តុលាការ​គ្រប់​ជាន់ថ្នាក់​បានសម្រេច​ឲ្យ​ភាគី​ម្ចាស់​ដី​ឈ្នះក្តី​យ៉ាងណាក្តី ក៏​ភាគី​ម្ខាង​ទៀត​មិន​ព្រម​អនុវត្ត តាម​សេចក្តីសម្រេច​របស់​តុលាការ ដោយ​បន្ត​រស់នៅ​លើដី​របស់គេ​មិន​ព្រម​រុះ​រើចេញ​នោះឡើយ​។ កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ អាជ្ញាធរ បាន​ចុះទៅ​អនុវត្ត​សាល​សាលដីកា​ម្តងទៀត ក៏​ភាគី​ម្ខាង​ទៀត​នៅតែ​មិន​ព្រម​រុះរើ និង​ចាកចេញ ហើយ​ថែមទាំង​ឃើញ​មាន សំណង់​ថ្មីៗ ជាច្រើន រួមទាំង​មាន​បើកហាង​លក់​គុយទាវ​ថែមទៀត​ផង​។​

​រឿងក្តី​សុំ​ដី​រស់នៅ​បណ្តោះអាសន្ន ដល់ពេល​ម្ចាស់​គេ​ត្រូវ​ការមិន​ព្រម​ចាកចេញ​នេះ បានអូសបន្លាយ​តាំងពី​ឆ្នាំ​២០១០​មកម្ល៉េះ ដោយ សាលាដំបូង​រាជធានី​ភ្នំពេញ សាលាឧទ្ធរណ៍ និង តុលាការ​កំពូល​សុទ្ធតែ​បាន​កាត់ក្តី​ឲ្យ​ម្ចាស់​ដី​ឈ្នះ​។​

​ភាគី​ម្ចាស់​ដី ដែលមាន ឈ្មោះ សោម មុនី ភេទ​ស្រី រស់នៅ​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ចំណែក​ភាគី ដែល​សុំ​ដី​គេ​ស្នាក់នៅ​ហើយ​មិន​ព្រម​រុះ​រើចេញ​ឈ្មោះ នង ស៊ុ​គ ភេទ​ស្រី អាយុ​៨៣​ឆ្នាំ (​ស្លាប់​) និង ឈ្មោះ ចេង ខន ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ (​ស្លាប់​) និង​មាន​ប្រពន្ធ ឈ្មោះ អោ ស៊ី​មាន អាយុ​៦៧​ឆ្នាំ ដែល​រស់នៅ​លើដី​ទំនាស់ ក្នុងភូមិ​របោះ​អង្គា​ញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​យោងតាម​ដំណើររឿង​សរសេរ ក្នុង​ដីកា​របស់​តុលាការ​កំពូល​បាន​រៀបរាប់ថា ក្នុងអំឡុង ឆ្នាំ​២០០០ ឈ្មោះ សោម មុនី (​ម្ចាស់​ដី​) បាន​ទិញ​ដី និង ស៊ីទែន​កុងតឺន័រ ចំនួន​៤ និង គល់ឈើ បេង ចំនួន​៤ ពី​ឈ្មោះ ឡ ពន្លក ហៅ ឡ ស៊ី​ញ ដែលមាន​ទំហំ​៤០​ម៉ែត្រ គុណ​៨៩,៥​ម៉ែត្រ ទីតាំង​ស្ថិតនៅ ភូមិ​អង្កាញ់ ឃុំ​ព្រែក​ឯង ស្រុក​កៀនស្វាយ ខេត្តកណ្តាល​(​កាល​មិនទាន់​កាត់​ចូលមក​រាជ ធានី​ភ្នំពេញ​) ក្នុងតម្លៃ​សរុប ២៥.០០០​ដុល្លារ អាម៉េរិក ហើយ​បានធ្វើការ​កាត់ឈ្មោះ ផ្ទេរកម្មសិទ្ធិ​ពី​ភាគី អ្នកលក់​ឲ្យ​មក​អ្នកទិញ​ត្រឹមត្រូវ​តាម​បែបបទ​នីតិវិធី​សុរិយោដី (​វិញ្ញាណ​ប​ត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ​លេខ​កណ ០០៩៧៩៥ ចុះ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០០១)​។​

​នៅពេលដែល​ឈ្មោះ សោម មុនី ទិញ​ដី​ពី​ឈ្មោះ ឡ ពន្លក រួចហើយ ឈ្មោះ ឡ ពន្លក បាន​នាំ​ឈ្មោះ សោម មុនី ទៅ​ជួប​ឈ្មោះ នង ស៊ុ​គ (​អ្នករស់នៅ​លើដី​គេ​មិន​ព្រម​ចេញ​) ហើយ​ឈ្មោះ ឡ ពន្លក បាន​ប្រាប់ ឈ្មោះ នង ស៊ុ​គ ថា​គាត់​បាន​លក់​ដី​ឲ្យ មក​ឈ្មោះ សោម មុនី ហើយ ពេលនោះ នង ស៊ុ​គ បាន​ប្រាប់ថា ដី​ទំនាស់​នេះ​គាត់​សុំ ឈ្មោះ ឡ ពន្លក ស្នាក់នៅ​បណ្តោះអាសន្ន​ទេ ដើម្បី​សុំ​ដាំ​បន្លែ ដើម្បី​ចិញ្ចឹមជីវិត តែ​នៅពេល​ត្រូវការ​ពេលណា​គាត់​នឹង​ចាកចេញ​ពី​ដី​នេះ​ភ្លាម​។​
សូមបញ្ជាក់​ផងដែរ​ថា ឈ្មោះ នង ស៊ុ​គ បាន​ស្នាក់នៅ​ជាមួយ​កូនស្រី​ឈ្មោះ ចេង ស៊ីនួន និង​កូនប្រសារ​ប្រុស​ឈ្មោះ អេង ចន្ថា ដែល​ពេលនោះ ជា​កម្មករ​ធ្វើការ​ឲ្យ ឈ្មោះ ឡ ពន្លក​។​

​លុះដល់ អំឡុង ខែកញ្ញា ឆ្នាំ ២០១០ ម្ចាស់ ដី ឈ្មោះ សោម មុនី បាន​ប្រាប់​ទៅ ឈ្មោះ នង ស៊ុ​គ ឲ្យ​ចាក​ចេញពី​លើដី​នេះ ព្រោះ​ត្រូវការ​ដី​នេះ​យកមកប្រើ​ប្រាស់​វិញ​ស្រាប់តែ ឈ្មោះ នង ស៊ុ​គ ពុំ​ព្រម​ចាកចេញ ទេ មិនតែប៉ុណ្ណោះ ឲ្យ​កូនៗ របស់គាត់ សង់​ខ្ទម​ឈើ​បន្ថែម នៅ​លើដី​ទំនាស់​នេះ​ថែមទៀត ហើយ​បែរជា ថា​ភាគី​អ្នកទិញ​ដី​គាត់ ឈ្មោះ ឡ ពន្លក ពុំទាន់​បង់ប្រាក់ ឲ្យ​គាត់​គ្រប់​ចំនួន​ទៅវិញ​។ ទើប​ជំរុញ​ឲ្យ​ម្ចាស់​ដី​ប្តឹងទៅ តុលាការ ដើម្បី​ឲ្យ​ដោះស្រាយ​ជូន​។​

​យោងតាម​ចម្លើយ​សាក្សី​របស់លោក​ស្រី សោម មុនី (​អ្នកឈ្នះ​ក្តី​) រួម​មានកូន​បង្កើតកូន​ប្រសារ ដន្លង ក្មួយ ចៅ របស់​យាយ នង ស៊ុ​គ និង​អ្នកភូមិ ជិតខាង ចំនួន​៣៥​នាក់ រួមទាំង​ចៅសង្កាត់ មេភូមិ របស់ នង ស៊ុ​គ និង ចេង ខន បាន​ឆ្លើយបំភ្លឺ អំពី​ការពិត តាមរយៈ​វីដេអូរ​បញ្ជាក់ថា ឈ្មោះ នង ស៊ុ​គ និង ឈ្មោះ ចេង ខន បាន​លក់​ដី​ពិតជា​ទទួល​មាសថ្លៃ​ដី​គ្រប់​ចំនួន​ពី​អ្នកទិញ ហើយ​យកទៅ​ទិញ​ដី​អ្នកជិតខាង ឈ្មោះ អែម ឡៃ និង អ៊ុង ជួន ហើយ​បាន​ចែក​កូនៗ ម្នាក់ៗ ៣-៥​ជី​មាស រួមជាមួយ ភស្តុតាង​ដទៃៗ​ទៀត​ទើប​តុលាការ ទាំង​៣​ថ្នាក់ បានសម្រេច​ឲ្យ​ម្ចាស់​ដី ឈ្មោះ សោម មុនី ឈ្នះក្តី​។ ចំណែក ឈ្មោះ ចេង ខន និង​គ្រួ​សារបាន​រុះរើ​ផ្ទះ​ចេញពី​ដី ដែល​បាន​លក់​អោយមក ឈ្មោះ ឡ ពន្លក តាំងពី​ឆ្នាំ​១៩៩១ ទៅ​ទិញ​ដី​ផ្ទះ​នៅ​ជិត​រោងចក្រ​ស្រា​បៀរ Tiger និង​រោងចក្រ​កាត់ដេរ ក្រោយមកទៀត ធ្លាក់ខ្លួន​សង់​ខ្ទម​នៅលើ​ចិញ្ចើមផ្លូវ (​ដី​ចំណីផ្លូវ​) ជិត​រោងចក្រ​ជាច្រើន​ឆ្នាំ លុះដល់​ឆ្នាំ​២០១០ ត្រូវបាន​យាយ នង ស៊ុ​គ ហៅ​អោយ​ចូលមក​នៅលើ​ដី ទំនាស់​វិញ​។​

​បន្ទាប់មក​នៅ ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ ២០១៧ លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​គណៈកម្មការ ចម្រុះ​ចុះ​អនុវត្ត​សាលដីកា របស់​តុលាការ​កំពូល ប៉ុន្តែ​ត្រូវបាន​ភាគី​ចាញ់ក្តី បាន​កេណ្ឌ​កម្លាំង​ប្រជាពលរដ្ឋ​៣០​នាក់ មកពី​តំបន់​ផ្សេង មករា​រាំង​ការអនុវត្តន៍​នេះ ទើប​កម្លាំង​គណៈកម្មកា​រ លើក​ពេល​អនុវត្តន៍​សាលដីការ​និង​ឲ្យ​ភាគី​ចាញ់ក្តី​រុះរើ ចេញ​ដោយ​ស្ម័គ្រចិត្ត ដោយ​កំណត់ពេល​៣០​ថ្ងៃ​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ មិនទាន់​រុះរើ​ចេញ​ដោយ ស្ម័គ្រចិត្ត​នោះទេ​។​

​ម្ចាស់​ដី​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១​កន្លងទៅនេះ គណៈកម្មការ​ចម្រុះ​ចុះ​អនុវត្ត សាលដីកា​របស់​តុលាការ កំពូល​ជា​លើក​ទី​៣ និង​ស្នើ​ឲ្យ​គណៈកម្មការ​អនុវត្តន៍​មាន​ប្រសិទ្ធភាព​ចំពោះ ករណីនេះ​ព្រោះ​រូបគាត់​ខាតបង់​ច្រើន​លុយ​ក៏​អស់​ដី​មិនទាន់ បាន​គ្រប់គ្រង​ទៀត​។ ប៉ុន្តែ​ការអនុវត្ត​នោះ ក៏​នៅតែ​ភាគី​ម្ខាង​ទៀត​មិន​ព្រម​ដដែល​។​
​សូមបញ្ជាក់ថា ឈ្មោះ នង ស៊ុ​គ និង ឈ្មោះ ចេង ខន បានទទួល​មរណៈភាព​ហើយ បច្ចុប្បន្ន​នៅតែ​ឈ្មោះ អោ ស៊ី​មាន ដែល​ត្រូវជា​ប្រពន្ធ​របស់​ឈ្មោះ ចេង ខន និង​ត្រូវជា​កូនប្រសារ របស់​លោកយាយ នង ស៊ុ​គ​។ ហើយ​បញ្ហា​ទំនាស់​ដីធ្លី​នេះ សាធារណៈជន​អាច​ស្វែងយល់​ការពិត តាមរយៈ​ការសាកសួរ អ្នកភូមិ​បោះ​អង្កាញ់ ពី​ដើមភូមិ​ដល់​ចុង​ភូមិ ដែលមាន​គេហដ្ឋាន សងខាង និង​ទល់មុខ​ដី​ទំនាស់​នេះ នឹង​អាច​ដឹង​ពី​រឿង​ពិត​ជាក​ជាមិនខាន​។ ចំពោះ​ឯកសារ​បំភ្លឺ របស់​កូនចៅ លោកយាយ នង ស៊ុ​គ និង​អ្នកជិតខាង ជា​លាយលក្ខណ៍អក្សរ និង​មាន​ជា​វីដេអូរ គឺមាន​តម្កល់​នៅ​តុលាការ ទាំង​៣​ថ្នាក់​៕​សរន​


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular