ដោយៈ គ្រញូង / បាត់ដំបងៈ លោកវរសេនីយ៍ឯក អ៊ឹម កុសល ស្នងការរងខេត្ត និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានបញ្ជាក់ថាៈ បើសិនជាគ្មានការប្រែប្រួលទេ លោកជំទាវ ញ៉ែម សាខន ស ខេង នឹងអញ្ជើញចូលរួម ជាអធិបតីភាព ក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវអគារ មន្ទីរពេទ្យស្នងការដ្ឋាន នគរបាលខេត្ត ក្នុងការព្យាបាល មន្ត្រីនគរបាលមានជំងឺ ទូទាំងខេត្ត និងជួយព្យាបាល ជូនប្រជាពលរដ្ឋ ផងដែរ។
លោកបានបញ្ជាក់ថាៈ អគារមន្ទីរពេទ្យស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ចាប់ផ្តើមសាងសង់ឡើង ដោយគំនិតផ្តួចផ្តើម របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានលោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមមនុស្សធម៌ ស ខេង ជាអ្នកមើលខុសត្រូវ និងសម្របសម្រួលការងារ ព្រមទាំងមានការចូលរួម ពីសប្បុរសជន ក្នុងខេត្ត ក្រៅខេត្ត និងរាជធានី ទើបរួចរាល់ជាស្ថាពរ នៅចុងឆ្នាំ២០២០ ដោយមានលោក ឧត្តមសេនីយ័ត្រី វេជ្ជបណ្ឌិត សឿម សារិទ្ធ ស្នងការរងខេត្ត ជាអ្នកគ្រប់គ្រង។
លោកឧត្តមសេនីយ៍ត្រី វេជ្ជបណ្ឌិត សឿម សារិទ្ធ ប្រធានមន្ទីរពេទ្យ បានបញ្ជាក់ថាៈ មន្ទីរពពេទ្យនេះ ចាប់ផ្តើមព្យាបាលជំងឺ ជូនកងកម្លាំងនគរបាល ទូទាំងខេត្ត និងប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ។ ចំណែកជំងឺទឹកនោមផ្អែម គឺព្យាបាលមិនយកលុយទេ៕/V