ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសនន៍ប្រាប់រស្មីកម្ពុជា បន្ទាប់ពីចប់កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ នារសៀលថ្ងៃទី៤ខែកុម្ភៈនេះថាក្រសួងមហាផ្ទៃកំពុងតែរៀបចំមុខសញ្ញាមន្ត្រីនគរបាលដែលមានអាទិភាពក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយក្នុងនោះមាននគរបាលព្រំដែន និងនគរបាល នៃខេត្តជាប់ព្រំដែន ស្មៀនភូមិ មន្ត្រីនគរបាលចរាចរណ៍ សាលានគរបាល (ពីសាលាបឋម រហូតទៅដល់បណ្ឌិតសភា)។ ប៉ុន្តែតាមលទ្ធភាពជាក់ស្តែងរបស់រដ្ឋ តើវ៉ាក់សាំងមានប៉ុន្មាន? ។
រូបថតៈសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្តថា ទាក់ទងករណីនេះសម្តេចបានឧទ្ទេសនាមក្រុមការងារដែលដឹកនាំដោយ រដ្ឋលេខាធិការមួយរូប និងមានអគ្គនាយកដ្ឋានពាក់ព័ន្ធ ទៅចូលក្នុងគណៈកម្មការគ្រប់គ្រង និងចាត់ចែងវ៉ាក់សាំងហើយក៏បាន
ប្រគល់ភារកិច្ចនេះ ទៅឲ្យរដ្ឋលេខាធិការប្រចាំការ ដើម្បីរៀបចំមុខសញ្ញាអាទិភាពដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។
គួរបញ្ជាក់ថា វ៉ាក់សាំងដែលជាជំនួយរបស់ចិន នឹងដឹកតាមយន្តហោះពិសេសនឹងមកដល់កម្ពុជានៅថ្ងៃទី៧ ខែកុម្ភៈខាងមុខ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសម្រេចចាក់វ៉ាក់សាំងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នាមន្ទីរពេទ្យកាល់ម៉ែត។
ចំណែកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានរំលឹកដល់់មេបញ្ជាការអង្គភាពទាំងអស់ពន្យល់ណែនាំដល់បងប្អូនកងកម្លាំងប្រដាប់អាវុធដែលជាគោលដៅអាទិភាពក្នុងការ ទទួលចាក់ថ្នាំបង្ការឱ្យមានស្មារតីនឹងនរនិងជឿទុកចិត្តលើការគិតគូររបស់រាជរដ្ឋាភិបាលនិងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីផ្ទាល់ ព្រោះនេះគឺជាកិច្ចការធំនៅក្នុងការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩។
រូបថតៈលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងបែបនេះនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញភស្តុភារ, យន្តយុទ្ធ,ពេទ្យសង្គ្រោះ និងជំនាញបើកបររថយន្តធុនធ្ងន់សម្រាប់យោធភូមិភាគទី៤និងកងពលធំអន្តរាគមន៍លេខ២នៅខេត្តសៀមរាបកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
លោកឧត្តមសេនីយ៍ឯកបន្តថាទន្ទឹមនឹងនេះសូមបងប្អូនប្រជាពលរដ្ឋរួមគ្នានិងត្រៀមលក្ខណៈចូលរួមជាមួយរដ្ឋាភិបាលអនុវត្តវិធានការសុខាភិបាល និងទទួលចាក់ថ្នាំបង្ការទៅតាមដំណាក់កាលនីមួយៗតាមផែនការលទ្ធភាពរបស់រាជរដ្ឋាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ។ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដគឺផ្តើមចេញ ពីខ្លួនយើងដើម្បីការពារខ្លួនយើង និងអ្នកដទៃ។ ប្រទេសមួយចំនួនខ្វះការយកចិត្តទុកដាក់លើប្រជាជនខ្លួនឯង។ ប្រទេសយើងតូច ប៉ុន្តែយើងមានថ្នាក់ដឹកនាំដែលគិតគូរពីប្រជាពលរដ្ឋ យកចិត្តទុកដាក់ដោះស្រាយការលំបាកគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ៕សរន