រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន អនុម័ត​លើ​សេចក្តីថ្លែងការណ៍ ស្តីពី​វិស័យ​ទេសចរណ៍​ប្រកបដោយ​ចីរភាព បរិ​យា​ប័ន្ន និង​ភាព​ធន់​កាន់តែ​ប្រសើរ​

​ដោយៈ ទេព មង្គល​/​ភ្នំពេញ​: នា​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​លើក​ទី​២៤ នា​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២១ រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន បាន​គាំទ្រ​អនុម័ត​សេចក្តីថ្លែងការណ៍​ភ្នំពេញ ស្តីពី​វិស័យ​ទេសចរណ៍​អាស៊ាន ប្រកប​ដោយ​ចីរភាព បរិ​យា​ប័ន្ន និង​ភាព​ធន់​កាន់តែ​ប្រសើរ (Phnom Penh Declartion on a more Sustainable, Inclusive and Resilient ASEAN Tourism) ដែល​ផ្តួចផ្តើម និង​រៀបចំ​ដោយ​ក្រសួងទេសចរណ៍​កម្ពុជា​។​

​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​លើក​ទី​២៤​នេះ ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ​ខន់​ហ្វើ​រិ​ន ដែល​រៀបចំ​ដោយ​ក្រសួងទេសចរណ៍​កម្ពុជា នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​កេ​ត្រា និង​ដឹកនាំ​ដោយ​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​។​

សេចក្តីថ្លែងការណ៍​ភ្នំពេញ ស្តីពី​វិស័យ​ទេសចរណ៍​អាស៊ាន​ប្រកបដោយ​ចីរភាព បរិ​យា​ប័ន្ន និង​ភាព​ធន់​កាន់តែ​ប្រសើរ ផ្តោតលើ​ចំណុច​សំខាន់​ចំនួន ៣ រួមមាន​៖

១៖ រួមគ្នា​ដោះស្រាយ​ផលប៉ះពាល់​វិ​ប​ត្ត​កូ​វីដ​-១៩៖ ​ពង្រឹង​​កិច្ចសហប្រតិបត្តិការ ឲ្យ​កាន់តែ​ស្អិតល្មួត ក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន ដើម្បី​រៀបចំ​អភិវឌ្ឍន៍​ទេសចរណ៍​អាស៊ាន​ប្រកបដោយ​ចីរភាព បរិ​យា​ប័ន្ន និង​មាន​ភាព​ធន់ តាមរយៈ​ការរៀបចំ​ផែនការ​ស្តារ​វិស័យ​ទេសចរណ៍​អាស៊ាន​ឡើងវិញ​។

២៖ វិស័យ​ទេសចរណ៍​អាស៊ាន កាន់តែ​ប្រសើរឡើង​នៅពេល​អនាគត​៖ ការអភិវឌ្ឍ​ទេសចរណ៍​អាស៊ាន ប្រកប​ដោយ​ចីរភាព បរិ​យា​ប័ន្ន និង​មាន​ភាព​ធន់ ដោយ​ផ្តោត​សំខាន់​លើ​ការបង្កើត​ឱកាស​ការងារ ការគាំទ្រ​សហគ្រាស​ខ្នាតតូច​បំផុត ខ្នាតតូច និង​ខ្នាត​មធ្យម (MSME) ព្រមទាំង​ទ្រទ្រង់​ដល់​ក្រុម​ជន​ងាយ​រងគ្រោះ​ផងដែរ​។

៣៖ អភិវឌ្ឍន៍​ជំនាញ​ទេសចរណ៍ ក្នុង​យុគសម័យ​បច្ចេកវិទ្យា​ឌីជីថល​៖ ផ្តល់​ការបណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍ តាមរយៈ​ការបណ្តុះបណ្តាល​ជំនាញ​បន្ថែម និង​ជំនាញ​ថ្មី ជាពិសេស​ជំនាញ​ឌីជីថល ន​វាន​វត្ត​ន៍ និង​សហគ្រិនភាព សម្រាប់​អ្នកជំនាញ​ទេសចរណ៍​នៅ​បច្ចុប្បន្ន និង​ពេលអនាគត​ដែលជា​កត្តា​មួយ​ដ៏​ចម្បង សម្រាប់​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​ចីរភាព បរិ​យា​ប័ន្ន និង​មាន​ភាព​ធន់​នៅ​អនាគត​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular