ដោយៈ ណូរ៉ា / ភ្នំពេញៈ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យ៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពីបង្ក្រាបបាន ជាបន្តបន្ទាប់ ចំនួន ៥ ករណីផ្សេងគ្នា ។
មន្ត្រីអាវុធហត្ថ បាននិយាយថាៈ កម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនសង្ស័យ ៩ នាក់ (ស្រី១នាក់) ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវ សារធាតុញៀន ដោយខុសច្បាប់ ក្រោយពីបង្ក្រាបបាន ជាបន្តបន្ទាប់ ចំនួន ៥ ករណីផ្សេងគ្នា ដោយចាប់យកនូវ វត្ថុតាងគ្រឿងញៀន និងសម្ភារៈ សម្រាប់សេពគ្រឿងញៀន បានមួយចំនួន។
មន្ត្រីដដែល បានបន្តថាៈ កិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ទាំង ៥ ករណី រួមមានៈ
ករណីទី១-នៅវេលាម៉ោងជាង១០ យប់ ថ្ងៃទី១ កុម្ភៈ កម្លាំងល្បាតរបស់មូលដ្ឋាន អាវុធហត្ថខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យ ២ នាក់ ពាក់ព័ន្ធករណី គ្រឿងញៀន នៅចំណុចផ្លូវវិមានឈ្នះឈ្នះ ស្ថិតក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ករណីទី២-នៅថ្ងៃទី២ កុម្ភៈ វេលាម៉ោងជាង ១ រំលងអធ្រាត្រ កម្លាំងល្បាតមូលដ្ឋាន អាវុធហត្ថខណ្ឌដង្កោ ចេញល្បាតក្នុងភូមិសាស្ត្រ ដោយបានឃាត់ខ្លួន ជនសង្ស័យម្នាក់ ត្រង់ចំណុចផ្លូវលំ ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ករណីទី៣- នៅថ្ងៃទី២ កុម្ភៈ កម្លាំងល្បាតរបស់មូលដ្ឋាន អាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យ ៣ នាក់ ២លើក ពីបទរក្សាទុក ដោយខុសច្បាប់ នូវសារធាតុញៀន នៅវេលាម៉ោង ១១និង៥០នាទី នៅចំណុចផ្លូវលេខ១៨២ កែង២៦៥ សង្កាត់ទឹកល្អក់ទី៣ ឃាត់ខ្លួនបានជនសង្ស័យ ២នាក់ និងបន្តឃាត់ខ្លួន ជនសង្ស័យម្នាក់ទៀត នៅចំណុចផ្លូវ២៧១ សង្កាត់ទឹកល្អក់ទី២ កាលពីវេលាម៉ោង ១២និង៥៦នាទី ថ្ងៃខែដដែល។
ករណីទី៤-នៅវេលាម៉ោង ៥ ល្ងាចថ្ងៃទី៣ កុម្ភៈ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថ ខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរក្សាទុក ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្ទះលេខឃ.៦៣ ភូមិអណ្តូង៤ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ករណីទី៥-កម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដឹកនាំដោយ លោកវរសេនីយ៍ទោ ប៉ាន់ សុភាព នាយការិយាល័យ សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបានជាក់ស្ដែង នូវមុខសញ្ញាជួញដូរ និងប្រើប្រាស់នូវ សារធាតុញៀន ដោយខុសច្បាប់ នៅចំណុច មុខបន្ទប់ជួលគ្មានលេខ ផ្លូវរថភ្លើង ភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង ២និង២០នាទី រសៀល ថ្ងៃទី៣ កុម្ភៈ ដោយឃាត់ខ្លួនបាន ជនសង្ស័យ ២នាក់ (ស្រី១នាក់)៕/V