​បន្ត​ទប់ស្កាត់​ទិស​ខាងលិច តែ​ខាងកើត ក៏ត្រូវ​បង្កើន​ដែរ​!

ដោយ​៖ ម៉េង​ឆៃ / ភ្នំពេញ​៖ កាលពី​រសៀល​ថ្ងៃទី​០៤ ខែកុម្ភៈ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានដាក់​ចេញ​នូវ​បទបញ្ជា​ម៉ឺងម៉ាត់ ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ ពិសេស​អាជ្ញាធរ​នៅជាប់​ព្រំដែន ត្រូវ​បន្ត​ចូលរួម​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​១៩ ពី​ប្រទេស​វៀតណាម និង​ថៃ ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា​យើង​។​

​បទបញ្ជា​ផ្ទាល់មាត់​ជាថ្មី​នេះ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ចេញ ខណៈដែល​ជំងឺ​កូ​វីដ​១៩ កំពុង​ឆ្លង​រាលដាល​នៅ​សហគមន៍ ក្នុងប្រទេស​ថៃ ពិសេស​នៅ​ប្រទេស​វៀតណាម​។​

​ក្នុង​សារ​ជា​សំឡេង សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​នូវ​បទបញ្ជា​ផ្ទាល់មាត់ យ៉ាង​ម៉ឺងម៉ាត់​ដល់​អាជ្ញាធរ​សមត្ថកិច្ច​ខេត្ត​ជាប់​ព្រំដែន ពិសេស​នៅ​ខេត្ត​ជាប់​ព្រំដែន​វៀតណាម ត្រូវ​បង្កើន​ការត្រួតពិនិត្យ និង​រឹតបន្តឹង​ការឆ្លង​ដែន​រវាង​ប្រជាជន​ទាំងពីរ ដោយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ហ្មត់ចត់​គ្រប់ ១៤​ថ្ងៃ មិន​ថា វៀតណាម ឬ​ពលរដ្ឋ​កម្ពុជា​យើង​ទេ ដែល​ឆ្លងដែន​ចូលមក​ប្រទេស​កម្ពុជា អំឡុង​ពេលនេះ​។​

​សម្តេច ហ៊ុន សែន ក៏បាន​លើកឡើង​នូវ​ការព្រួយបារម្ភ​ថា ប៉ុន្តែ​ឥឡូវនេះ ការព្រួយបារម្ភ​ធំ​បំផុត​របស់​យើង គឺ​ការ​ផ្ទុះឡើង នៃ​ការឆ្លង​ក្នុង​សហគមន៍​ក្នុងប្រទេស​វៀ​ណា​ម ដែល​ចាប់ផ្តើម​ពី​ភាគ​ខាងលើ ភាគ​កណ្តាល ហើយ​ឥឡូវនេះ ឆ្លង​មកដល់​ភាគខាងត្បូង ហើយ​មេរោគ​នោះ បាន​ក្លែងភេទ​ទៀតផង​។ ដូច្នេះ​ខេត្ត​ជាប់​ព្រំដែន​វៀតណាម ចាប់ពី​ខែ​កំពត ដល់​ខេត្តរតនៈគិរី ត្រូវ​ចាត់វិធានការ​បន្ទាន់​ទប់ស្កាត់ កុំ​ឲ្យ​ប្រជាជន​ឆ្លងដែន​ទៅមក ទាំង​ប្រជាជន​កម្ពុជា និង​ប្រជាជន​វៀតណាម​។ បើ​មាន​អ្នក​ឆ្លងដែន ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​ហ្មត់ចត់ គ្រប់ ១៤​ថ្ងៃ ដោយ​គ្មាន​ការលើកលែង ពិសេស​ក្នុងអំឡុងពេល​ចូលឆ្នាំ​ចិន នៅ​សប្តាហ៍​ក្រោយនេះ មិន​ថា ប្រជាជន​វៀតណាម ឬ​ប្រជាជន​កម្ពុជា​នោះទេ​។​

​ចំពោះ​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​វៀតណាម ត្រូវបាន​សម្តេច ហ៊ុន សែន ប្រកាសថា នៅ​បន្ត​ដូច​បាន​ព្រមព្រៀងគ្នា កាលពី​ខែមីនា ឆ្នាំ​២០២០ ប៉ុន្តែ​ត្រូវ​រឹត​បន្ត​រឹង​មនុស្ស​ឆ្លងកាត់​ព្រំដែន ដើម្បី​ទប់ស្កាត់​ការឆ្លង​កូ​វីដ​១៩​។​

​នៅថ្ងៃនេះ ក្រសួងសុខាភិបាល ក៏បាន​ចេញ​លិខិត ជម្រាប​អភិបាល​រាជធានី​-​ខេត្ត ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន និង​ចាត់វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ទប់ស្កាត់ និង​បង្ការ​ការនាំ​ចូល​វីរុស​កូ​វីដ​១៩ តាម​ច្រកព្រំដែន​កម្ពុជា​-​វៀតណាម ដើម្បី​ការពារ​ការចម្លង​វីរុស​កូ​វីដ​១៩ ចូលមក​កម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាសថា ឥឡូវនេះ នៅ​ទិស​ខាងលិច ជាប់​ព្រំដែន​ប្រទេស​ថៃ ក៏​ទាមទារ​ឲ្យ​យើង​បន្ត​រឹតបន្តឹង​ការត្រួតពិនិត្យ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ហ្មត់ចត់ គ្រប់ ១៤​ថ្ងៃ ដោយសារតែ​ឆ្លង​រាលដាល​នៅ​ប្រទេស​ថៃ មិនទាន់បាន​ធូរស្រាល​នៅឡើយ​។​

​យ៉ាងណាក៏ដោយ សម្តេច​តេ​ជោ ហ៊ុន សែន បាន​កត់សម្គាល់ថា នៅ​ទិស​ខាងលិច ក្នុង​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ថៃ គឺ​ត្រូវ​បានរៀបចំ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ បានល្អ​ប្រសើរ ដោយ​អាជ្ញាធរខេត្ត​ទាំងអស់ នៅជាប់​ព្រំដែន​ថៃ ដោយមាន​ការគាំទ្រ​ពី​ក្រសួងសុខាភិបាល និង​កងកម្លាំងប្រដាប់អាវុធ​។

​នៅពេលនេះ វិធាន​ការបិទ​ខ្ទប់​ឲ្យ​ខាន​តែ​បាន នៅតាម​ច្រករបៀង ទាំង​នៅតាម​ព្រំដែន និង​ការពិនិត្យ​ខាងក្នុង ត្រូវធ្វើ​ឲ្យ​បាន​តឹងរឹង​បំផុត ដើម្បី​កុំ​ឲ្យ​ឆ្លង​កូ​វីដ​១៩ ឆ្លងដែន​ពី​វៀតណាម ចូល​កម្ពុជា​។ ខេត្ត​តាម​ព្រំដែន ក៏ត្រូវ​រៀបចំ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នក​ឆ្លងដែន​ចូលមក​កម្ពុជា​។ ការ​រឹតបន្តឹង និង​ការធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវធ្វើ​ឲ្យ​គ្រប់ ១៤​ថ្ងៃ ដោយ​ខានមិនបាន និង​ដោយ​មិនមាន​ការយោគយល់​អធ្យាស្រ័យ​ឡើយ​។​

​វិធានការ​រឹតបន្តឹង​តាម​ព្រំដែន​ខាងកើត ជាប់​ព្រំដែន​វៀតណាម នៅពេលនេះ សូម​ធ្វើ​ឲ្យ​បាន​ដូច​នៅតាម​បណ្តា​ខេត្ត​ភាគ​ខាងលិច​ប្រទេស នៅជាប់​ព្រំដែន​ថៃ គឺ​កម្ពុជា អាច​ទប់ស្កាត់​នូវ​ការ​ចរាចរណ៍​ឆ្លងដែន​ជំងឺ​កូ​វីដ​១៩ ទោះបីជា​ប្រភេទ​ចាស់ ឬក៏​កូ​វីដ​ប្រភេទ​ថ្មី ក៏​មិនអាច​ឆ្លងដែន រាលដាល​ចូលមក​កម្ពុជា​យើង​បានឡើយ​។​

​គិត​មកដល់​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស​កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៤៦៧​នាក់​។ ក្នុងនោះ ជាសះស្បើយ ៤៥១​នាក់ និង​កំពុង​សម្រាក​ព្យាបាល ចំនួន ១៦​នាក់​។​

​ក្នុងចំណោម​អ្នកជំងឺ​កូ​វីដ​១៩ សរុប ៤៦៧​នាក់ គឺមាន​ពលករ​ខ្មែរ ធ្វើដំណើរ​មកពី​ប្រទេស​ថៃ ចំនួន ៨៧​នាក់​។ ប៉ុន្តែ​មកដល់​ព្រឹក​ថ្ងៃទី​៤ ខែកុម្ភៈ មាន​ពលករ ៨០​នាក់​ហើយ ត្រូវបាន​ព្យាបាល​ជាសះស្បើយ​។ ពោលគឺ​នៅសល់តែ​ពលករ ៧​នាក់​ប៉ុណ្ណោះ នៅ​សម្រាក​ព្យាបាល គឺ​នៅ​មន្ទីរពេទ្យ​ខេត្ត​ប៉ៃលិន ៣​នាក់ និង​នៅ​ខេត្តបន្ទាយមានជ័យ ៤​នាក់​។​

​យ៉ាងណាក៏ដោយ ក្នុងអំឡុងពេល​ចូលឆ្នាំ​ចិន​-​វៀតណាម ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៤ ខែកុម្ភៈ សប្តាហ៍​ក្រោយនេះ នៅតាម​ព្រំដែន​កម្ពុជា​-​វៀតណាម កន្លងមក រាង​ធូររលុង​ក្នុងការ​ឆ្លងដែន​ទៅមក​ដើរលេង ដោយ​ខ្មែរ​យើង អាច​ចេញចូល​វៀតណាម ទៅលេង​ផ្សារ ឬ​តំបន់​ជាប់ៗ​ព្រំដែន ហើយ​វៀតណាម ក៏​អាច​ឆ្លងដែន ចូលមក​លេង​ខាង​ខ្មែរ​យើង​ដែរ​។ ក៏ប៉ុន្តែ​ទិដ្ឋភាព​បែបណា នឹងមិន​ត្រូវបាន​អនុញ្ញាត​ទៀតឡើយ ដើម្បី​ទប់ស្កាត់​កូ​វីដ​។ អាជ្ញាធរ​សមត្ថកិច្ច​ខ្មែរ​យើង នៅតាម​ព្រំដែន រួមមាន​៖ ខេត្តរតនៈគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកណ្តាល ខេត្តតាកែវ និង​ខេត្តកំពត ត្រូវអនុវត្ត​ឲ្យ​បាន​ហ្មត់ចត់ ដោយ​គ្មាន​ការលើកលែង ទាំង​ការ​ឆ្លងដែន និង​ទាំង​ការធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​អ្នក​ឆ្លងដែន មិន​ថា ខ្មែរ វៀតណាម ឬក៏​ជនបរទេស​ណា​ណា​នោះទេ​។ មានតែ​ការ​អនុវត្តតាម​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​នេះហើយ ទើប​អាច​ការពារ​កម្ពុជា​យើង ឲ្យ​រួច​ផុតពី​ការឆ្លង​រាលដាល​កូ​វីដ នៅតាម​សហគមន៍​បាន​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular