ប្រែសម្រួលៈវាសនា/បាងកក៖ថៃកាលពីថ្ងៃព្រហស្បតិ៍បានរាយការណ៍ថាបានរកឃើញមនុស្ស៨០៩នាក់ទៀតឆ្លងកូវីដ១៩ ក្នុងនោះ៧៩៦នាក់ឆ្លងនៅក្នុងស្រុក និង១៣នាក់ជាករណីនាំចូល ។ជាមួយនឹងចំនួនឆ្លងចុងក្រោយនេះ ថៃមានអ្នកឆ្លងជំងឺនេះសរុប២២.០៥៨នាក់។
ខេត្តសាមុត សាខន មានអ្នកឆ្លងខ្ពស់ជាងគេ គឺ៧៨៦នាក់ ក្នុងនេះ ៥៧៣នាក់ជាជនជាតិមីយ៉ាន់ម៉ា និង២១៣នាក់ថៃ ។
មន្ត្រីថៃបានអោយដឹងទៀតថា ក្នុងចំណោមការឆ្លងថ្មីទាំងនេះ ភាគច្រើនមិនចេញរោគសញ្ញាទេ ហើយចំណោមអ្នកឆ្លងសរុប២២.០៥៨នាក់ មាន១៤.៧៩៨នាក់បានជាសះស្បើយពីកូវីដ១៩ និងនៅសល់៧.១៨១នាក់ទៀតកំពុងព្យាបាល។
ពាក់ព័ន្ធនឹងកូវីដ១៩នេះដែរ កាលពីថ្ងៃពុធនាយករដ្ឋមន្ត្រីថៃបានអនុញ្ញាតអោយមានការចែកប្រាក់ដើម្បីជួយសម្រាលបន្ទុកនិយោជិតក្រោមប្រព័ន្ធសន្តិសុខសង្គម។គំរោងផែនការនេះនឹងតំរូវអោយរដ្ឋចំណាយប្រមាណ៤០ពាន់លានបាត ហើយនិយោជិតក្រុមហ៊ុនឯកជនប្រមាណ៩លាននាក់នឹងទទួលផល។
និយោជិតម្នាក់ៗត្រូវរំពឹងថានឹងទទួលបានប្រាក់ឧបត្ថម្ភ១.០០០បាត រហូតដល់៣.៥០០ទៅ៤.៥០០បាតក្នុងមួយសប្តាហ៍ដោយចាប់ផ្តើមពីខែក្រោយទៅ ។
គំរោងជំនួយសង្គ្រោះនឹងត្រូវគណៈរដ្ឋមន្ត្រីអនុម័តនៅសប្តាហ៍ក្រោយ៕
នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់ អូចា អនុញ្ញាតអោយមានការចែកប្រាក់ដល់និយោជិតឯកជនប្រមាណ៩លាននាក់ដែលជួបផលវិបាកបង្កឡើងដោយវិធានការប្រឆាំងកូវីដ១៩