ប្រែសម្រួល : កញ្ញាដាលីស ៖ កងទ័ពជើងទឹកអាម៉េរិកនិយាយថានាវាចម្បាំងអាម៉េរិកមួយគ្រឿងបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍នេះនៅក្នុងការធ្វើដំណើរលើកដំបូងចាប់តាំងពីការឡើងកាន់តំណែងរបស់ប្រធានាធិបតីចូ បៃដិន។
កងនាវាទី៧អាម៉េរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាពិឃាដ USS John S. McCain ដែលបំពាក់មីស៊ីលបញ្ជាទិសប្រភេទ Arleigh Burkeបានដឹកនាំការឆ្លងកាត់ជាទម្លាប់លើផ្លូវទឹកខ័ណ្ឌចែករវាងដីចិនដីគោកនិងកោះតៃវ៉ាន់។
នាវាចម្បាំងអាម៉េរិកធ្វើសមយុទ្ធនាវាចរណ៍ម្តងម្កាលនៅតាមច្រកសមុទ្រនេះ ដែលជារឿយៗបង្កឱ្យមានការឆ្លើយតបខឹងសម្បាពីចិន ដែលអះអាងថាកោះតៃវ៉ាន់ដែលគ្រប់គ្រងបែបប្រជាធិបតេយ្យដោយខ្លួនឯង គឺជាផ្នែកមួយនៃទឹកដីខ្លួន។
រដ្ឋាភិបាលក្រុងប៉េកាំងចាត់ទុកនាវាទាំងឡាយណាដែលឆ្លងកាត់ច្រកសមុទ្រនេះជាការរំលោភអធិបតេយ្យភាពរបស់ខ្លួនខណៈសហរដ្ឋអាម៉េរិកនិងប្រទេសជាច្រើនទៀតចាត់ទុកផ្លូវទឹកនេះជាដែនទឹកអន្តរជាតិបើកចំហសម្រាប់គ្រប់គ្នា។
នាវាពិឃាដ USS John S. McCain ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍នេះ