ដោយ៖ដេប៉ូ
ព្រះវិហារ៖ប្រាសាទបុរាណខ្មែរមួយដែលមានឈ្មោះច្រើនគឺប្រាសាទចិនស្រម ឬជាន់ស្រាំ ឬអ្នកស្រុកតែងហៅថាប្រាសាទព្រៃវែងកំពុងស្ថិតនៅក្នុងព្រៃ ប៉ុន្តែមានតម្លៃយ៉ាងមហាសាលលើវប្បធម៌ជាតិ។
ប្រាសាទមួយនេះបើទោះបីស្ថិតនៅកណ្តាលព្រៃ ដាច់ស្រយាលពិតមែន ប៉ុន្តែអ្នកទេសចរមួយចំនួនក៏តែងស្វះស្វែងដើម្បីបានទស្សនានិងចូលជួបដោយផ្ទាល់ភ្នែកផងដែរ ។
ប្រាសាទចិនស្រម ស្ថិតនៅដែនជម្រកសត្វព្រៃគូលែន -ព្រហ្មទេព ភូមិព្រៃវែង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។ ពិតមែនហើយគេអាចធ្វើដំណើរតាមទីរួមស្រុកគូលែនកាត់តាម ភូមិព្យួរជ្រូកឆ្ពោះទៅកាន់ ភូមិព្រៃវែង ចម្ងាយប្រមាណ ២៣ គីឡូម៉ែត្រ។ ម្យ៉ាងទៀតយើងអាចធ្វើដំណើរតាមប្រាសាទកោះកេរ ទៅទិសខាងជើង ឆ្លងកាត់ស្ទឹងសែន និងឆ្លងកាត់ភូមិសម្បូរឆ្ពោះទៅកាន់ភូមិព្រៃវែង ប្រមាណ ១៨ គីឡូម៉ែត្រ។
នៅពេលអ្នកកទេសចរ ទៅដល់ភូមិព្រៃវែង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារដែលជាចំណុចទីតាំងប្រសាទនោះបើពុំមានការបង្ហាញពីអ្នកភូមិឬអាជ្ញាធរមូលដ្ឋានទេគេពិតជាលំបាកក្នុងការស្វែងរកប្រាសាទនេះណាស់។ព្រោះថាផ្ឡូវចូលទៅកាន់ប្រាសាទនេះហ៊ុមព័ទ្ធដោយព្រៃនិងពិសេសពុំមានផ្លូវចូលពិតប្រាកដឡើយដោយតម្រូវឱ្យគេត្រូវដើរឆ្លងកាត់វាលស្រែអ្នកភូមិនៅទីនោះ។ម្យ៉ាងវិញទៀតប្រាសាទនេះបង្កប់ក្នុងព្រៃព័ទ្ធជុំវិញ ដោយមើលពីចម្ងាយមិនអាចឃើញដោយងាយឡើយ។
ក្រៅពីនេះបើគេចង់ធ្វើដំណើរទៅកាន់ប្រាសាទនេះពិសេសពេលទៅដល់ទឹកដីខេត្តព្រះវិហារហើយ ពិតណាស់ផ្លូវទៅកាន់ប្រសាទមួយនេះមានសភាពលំបាកដែលត្រូវឆ្លងកាត់ផ្លូវព្រៃជាច្រើនគីឡូម៉ែត្រទើបទៅដល់។អ្នកទេសចរនឹងជួបការលំបាកខ្លាំងប្រសិនបើទៅកាន់ប្រាសាទនេះនារដូវវស្សាថែមទៀត។ យ៉ាងណាក្តីក៏អ្នកភូមិក្នុងតំបន់នេះបានប្រាប់ឱ្យដឹងថាមានអ្នកទេសចរក្នុងស្រុកនិងពិសេសបរទេសកាលពីអំឡុងមុនការផ្ទុះជំងឺកូវីដ-១៩បានចូលទស្សនាប្រាសាទនិងសត្វព្រៃតំបន់នេះជាបន្តបន្ទាប់។
តាមឯកសារស្រាវជ្រាវបានបង្ហាញថា ប្រាសាទចិនស្រម ឬជាន់ស្រាំ ឬប្រាសាទព្រៃវែងនេះកសាងអំពីឥដ្ឋមានតួ៥ បែរទៅទិសខាងកើតសង់លើខឿនថ្មបាយក្រៀមមាន៣ថ្នាក់ នៅជុំវិញបរិវេណប្រាសាទមាន ហោត្រៃចំនួន២សាង អំពីឥដ្ឋមានសំណង់ជា បន្ទប់រាងចតុកោណកែងចំនួន៨សាងអំពីថ្មភក់ និងថ្មបាយក្រៀម មានគោបុរៈ ចំនួន២នៅទិសខាងកើត និងខាងលិចនៃប្រាសាទមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញមានស្រះទឹក និង បារាយណ៍នៅទិសខាងកើត។ ផ្អែកតាមរចនាសម្ព័ន្ធរបស់ប្រាសាទ និងភស្តុតាងជាច្រើនដែលនៅសល់ ក្នុងតំបន់នេះយើងអាចដឹងថាប្រាសាទនេះសាងនៅសតវត្សទី១០នៃគ.ស និងបានជួសជុលកែលំអឡើងវិញនៅសតវត្សទី១១នៃគ.ស ដើម្បីឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ ប្រាសាទនេះស្ថិតនៅក្នុងរាជព្រះបាទសូរ្យវរ្ម័នទី១ ការស្និដ្ឋាននេះគឺយោងតាមសិលាចារិកដែលចារនៅលើមេទ្វារនេះ។ បើតាមសិលាចារឹកមួយដែលចារលើមេទ្វារមួយនៃប្រាសាទភ្នំសណ្តក ក៏ បាននិយាយអំពីរាជ្យគ្រូរបស់ព្រះបាទសូរ្យវរ្ម័នទី១ ដែលព្រះអង្គបានបញ្ជាឱ្យមកជួសជុលប្រាសាទ និង ចារសិលាចារឹកនៅទីនោះផងដែរ។ ប្រាសាទភ្នំសណ្តក មានចំងាយប្រមាណ ៦ គីឡូម៉ែត្រ ពីប្រាសាទចិនស្រមនេះ ។
គួរបញ្ជាក់ថាប្រជាពលរដ្ឋក្នុងតំបន់នេះបានអំពាវនាវឱ្យក្រុមអ្នកទេសចរមិនថាក្នុងស្រុកឬក្រៅប្រទេសទេឱ្យធ្វើដំណើរទៅទស្សនា ដែនជម្រកសត្វព្រៃគូលែន -ព្រហ្មទេព ពិសេសក្នុង ភូមិព្រៃវែង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារពីព្រោះក្រៅពីប្រាសាទបុរាណដ៏ល្អឯកមួយនេះ គេនៅអាចទស្សនាសត្វព្រៃដូចជាសត្វបក្សាបក្សី ច្រើនប្រភេទ និងសត្វលើគោកមួយចំនួនដែលកំពុងរស់នៅទីនោះថែមទៀត៕