​ប្រែ​សម្រួលៈ​វាសនា​/​ប៉េកាំង​៖​សហរដ្ឋ​អាម៉េរិក​មាន​ចេតនា​«​បង្ក​ភាព​តានតឹង​» និង​រំខាន​ដល់​សន្តិភាព​និង​ស្ថិរភាព នេះ​បើ​តាម​ការប្រកាស​របស់​យោធា​ចិន បន្ទាប់​ពី​នាវាចម្បាំង​អាម៉េរិក​មួយ​បាន​បើក​​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់ និង​ជា​បេសកកម្ម​ដូច្នេះ​ជា​លើកដំបូង​នៅក្រោម​រដ្ឋាភិបាល​របស់​ប្រធានាធិបតី ចូ បៃ​ដិន​។​

​ចិន​ដែល អះអាងថា កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន តែ​ធ្វើ​អោយ​ខឹង​ដោយសារតែ​ការគាំទ្រ​របស់​អាម៉េរិក​ចំពោះ​កោះ​សេរីនិយម​នេះ រួមានការ​លក់​សព្វាវុ​ធនិង​ការបញ្ជូន​នាវ​ចម្បាំង​កាត់​ច្រក​​សមុទ្រ​តៃវ៉ាន់​ផង​។​

​កងទ័ពជើងទឹក​អាម៉េរិក បាន​និយាយថា នាវា​ពិឃាត​ប្រដាប់​ដោយ​កាំជ្រួច​បញ្ជា​នាំ​ផ្លូវ​វាយប្រហារ USS John S. McCain «​បាន​ធ្វើ​ការបើក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​តាម​ធម្មតា​កាលពី​ថ្ងៃ​០៤​កុម្ភៈ​​ស្របតាម​ច្បាប់​អន្តរជាតិ​»​។​

​ក្រសួង​យោធា​តៃវ៉ាន់ បាន​ពណ៌នា​វា​ថា​ជា​«​បេសកកម្ម​ធម្មតា​»​មួយ​។​

​តែ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ព្រហកស្បតិ៍ បញ្ជាការ​ខាងកើត​របស់​កងទ័ព​រំដោះប្រជាជន​ចិន បាន​និយាយ​ថា​កងកម្លាំង​របស់​ខ្លួន​បាន​តាមដាន​នាវា​អាម៉េរិក​នេះហើយ​«​ទង្វើ​របស់​អាម៉េរិក​នេះ​​វា​បង្ហាញ​ការលេង​ល្បិចកល​ចាស់​នៅ​ចក្រ​សមុទ្រ​តៃវ៉ាន់ ដោយ​មាន​ចេតនា​បង្ក​ភាព​តានតឹង​និង​រំខាន​ដល់​សន្តិភាព​និង​ស្ថិរភាព​តំបន់​»​។​

​សេចក្តីថ្លែងការណ៍​បានបញ្ជាក់​ថា «​មិន​ថា​សភាពការណ៍​នៅ​ច្រក​សមុទ្រ​ផ្លាស់ប្តូរ​យ៉ាងណាទេ ទាហាន​ចិន​នឹង​នៅតែ​អនុវត្ត​ភារកិច្ច​និង​បេសកកម្ម​របស់​គេ​ដោយស្មោះ ការពារ​អធិបតេយ្យភាព សន្តិភាព​និង​​បូរ​ណា​ភាព​ទឹកដី​ជា​ដាច់ខាត »​។​

​រដ្ឋាភិបាល​អាម៉េរិក​ក្រោម​លោកចូ បៃ​ដិន ចង់បង្ហាញ​ការគាំទ្រ​របស់​ខ្លួន​សំរាប់​កោះ​តៃវ៉ាន់ ដោយ​បាន​ហៅ​ការប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការពារ​កោះ​នេះ​ថា «​រឹង​ដូច​ថ្ម​»​។​

​កាលពី​ខែ​មុន តៃវ៉ាន់​បាន​រាយការណ៍​ថា យន្តហោះ​ចិន​រាប់​សិប​គ្រឿង រួម​មាន​យន្តហោះ​ប្រដេញ​និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​បាន​ហោះចូល​ក្នុង​តំបន់​ការពារ​ដែនអាកាស​របស់ខ្លួន ចំ​ពេល​នាវា​ផ្ទុក​យន្ត​​ហោះ​អាម៉េរិក​ចូល​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​៕

USS John S. McCain​បើក​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​