ដោយ: សុខុម / ស្ទឹងត្រែង: លោក នី ម៉ង់ មេប៉ុស្តិ៍រដ្ឋបាលឃុំស្ដៅស្រុកសេសាន ខេត្តស្ទឹងត្រែង បានបដិសេធថា មិនបានជាប់ពាក់ព័ន្ធទៅនឹងជំនួញឈើខុសច្បាប់ក្នុង ទឹកដីរបស់ខ្លួនឡើយ។
តាមប្រភពរាយការណ៍បានប្រាប់ឲ្យដឹងថា មានឈ្មួញជាច្រើននាក់រស់នៅក្នុងឃុំស្ដៅ បានចូលព្រៃប្រើម៉ាស៊ីនត្រង់ស៊ីន័រ កាត់ផ្ដួលរំលំដើមឈើអារច្រៀកចេញជាឈើគ្រឿងផ្ទះ រួចដឹកពីក្នុងព្រៃយ៉ាងអាណាធិបតេយ្យ តាមចំណុចអូរសេវមកអូរញ៉ាងឃុំស្តៅ តាមមាត់ ទន្លេសេកុង ដើម្បីយកមកចែកចាយបន្តនៅក្នុងក្រុងស្ទឹងត្រែង។
ក្រោយពីមានព័ត៌មានថា មានសមត្ថកិច្ចមួយចំនួនពាក់ព័ន្ធទៅនឹងជំនួញ ឈើខុសច្បាប់ នៅចំណុចខាងលើនេះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្តៅបានបដិសេធចំពោះ អ្នកសារព័ត៌មាន ដោយលើកឡើងថា ខ្លួនមិនពាក់ព័ន្ធនិងជំនួញឈើខុសច្បាប់ទេ ហើយប្រវត្តិលោកក៏ពុំដែល ទិញឬលក់ឈើអ្វីនោះទេ។ ថែមទាំងមិនដែលរត់ការ ឬកាងអោយអ្នកណាទេ អ្នកដែលប្រព្រឹត្តអ្នកហ្នឹងទទួលខុសត្រូវចំពោះមុខច្បាប់ ខ្លួនឯងទៅ។
គួររំលឹកថា កាលពីថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២១ ម្សិលមិញមានឈើប្រភេទគ្រឿងផ្ទះ ប្រមាណពី ៨ ទៅ ១០ម៉ែត្រគូប ក្រុមឈ្មួញប្រមូលគ្នាពី ១០ ទៅ ២០នាក់ អូសទម្លាក់ទឹក ទន្លេសេកុង ត្រង់ចំណុចអូរញ៉ាង ភូមិញឺន ឃុំស្ដៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ឈ្មួញឈើបានប្រមូលគ្នាប្រមាណពី ១០ ទៅ ២០នាក់ លើកឈើដាក់ទូកបន្តដឹកយកមក កាន់ទីរួមខេត្តស្ទឹងត្រែង។ ក្រុមឈ្មួញទាំងនោះ មានអ្នកខ្លះបានពាក់ឯកសណ្ឋានកាងឈើ ពីព្រៃចុះទូកនៅចំណុចអូរញ៉ាងឃុំស្ដៅ៕/PC