Home ព័ត៌មានសំខាន់ៗ សម្ដេចក្រឡាហោ...

សម្ដេចក្រឡាហោម ស ខេង បញ្ជាឲ្យអភិបាលរាជធានី-ខេត្ត ត្រូវពិនិត្យស្មៀនឃុំ-សង្កាត់ ជាបន្ទាន់ចំពោះអាកប្បកិរិយាបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ

ដោយ:មុនីរ័ត្ន/ភ្នំពេញ : សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ទាំងអស់ ត្រូវចុះពិនិត្យជាបន្ទាន់ចំពោះស្មៀនឃុំ-សង្កាត់ ព្រោះមានប្រជាពលរដ្ឋបានរាយការណ៍តាមគេហទំព័រហ្វេសប៊ុកផេកផ្លូវការរបស់សម្ដេច ថាមានស្មៀនឃុំ-សង្កាត់ មួយចំនួនមានឫកពាមិនសមរម្យ ខណៈពេលដែលប្រជាពលរដ្ឋមកទទួលយកសេវាសាធារណៈនៅក្នុងមូលដ្ឋានរបស់ពួកគាត់។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១ នារសៀលថ្ងៃទី៤ ខែកុម្ភៈ នៅទីស្តីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា នាពេលកន្លងមកមានប្រជាពលរដ្ឋមួយចំនួនទៅសាលាឃុំ-សង្កាត់ ឲ្យដោះស្រាយបញ្ហាអ្វីមួយ ប៉ុន្ដែមានស្មៀនឃុំ-សង្កាត់ មួយចំនួន មានអាកប្បកិរិយាមិនល្អចំពោះប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍បញ្ជាក់ថា «សូមផ្ដាំឲ្យមើលស្មៀន ផ្តាំពីទីកន្លែងនេះទៅ ឯកឧត្តម លោកជំទាវ អភិបាលរាជធានី-ខេត្ត ព្រោះស្មៀនខ្លះគាត់ឬកធំសម្បើមណាស់។ យន្ដការនៅឃុំ-សង្កាត់ ហ្នឹង គឺមានសិទ្ធិរឹងមាំដោយសារបោះឆ្នោតតាមគោលការណ៍ប្រជាធិបតេយ្យ។ ចឹងមានក្រុមប្រឹក្សា មានមេឃុំ មានជំទប់ ក្រៅពីហ្នឹងមានគណៈកម្មាធិការ មន្ដ្រីផ្សេងៗទៀត ហើយស្មៀនមិនមែនជាមន្រ្តីនយោបាយទេ។ មន្ដ្រីនយោបាយ គឺក្រុមប្រឹក្សា បោះឆ្នោតដោយប្រជាជនផ្ទាល់»។

សម្ដេចក្រឡាហោម ក៏បានកោតសរសើចំពោះស្មៀនឃុំ-សង្កាត់ មួយចំនួនដែលបានខិតខំធ្វើការងារ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋផងដែរ។

សម្ដេចក្រឡាហោម ស ខេង ក៏បានពន្យល់ថា ស្មៀនឃុំ-សង្កាត់ គឺជាមន្ដ្រីមុខងារសាធារណៈ ហើយ ក្រសួងមហាផ្ទៃ ក៏មានសិទ្ធិដក ឬដាក់មន្ដ្រីស្មៀន។ ប៉ុន្ដែនៅផ្នែកខ្លះ ក្រុមប្រឹក្សា ក៏ជាអ្នកតែងតាំងស្មៀន ហើយស្មៀន ត្រូវធ្វើការងារផ្ទាល់ជាមួយក្រុមប្រឹក្សាផងដែរ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular