​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ឱ្យ​ដោះលែង​មេដឹកនាំ​មី​យ៉ាន់​ម៉ា​លោកស្រី​អ៊ុង សាន ស៊ូ​ជី និង​អ្នក​ផ្សេង​ទៀត​ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​យោធា​​និង​សង្កត់​ធ្ងន់​លើ​ភាពចាំបាច់​ដើម្បី​ប្រកាន់ខ្ជាប់​លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ​មិន​បាន​ថ្កោលទោស​ការ​ធ្វើ​រដ្ឋប្រហារ​នៅ​សប្តាហ៍​នេះ​ទេ​។​

​ខណៈ​ដែល​ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន បាន​និយាយថា យោធា​គួរតែ​ចុះចេញ​ពី​អំណាច ហើយ​ទីប្រឹក្សា​សន្តិសុខ​របស់​គាត់​និយាយថា រដ្ឋបាលបៃដិ​ន​កំពុង​ពិចារណា​លើបទប​ញ្ជា​ប្រតិបត្តិ​ដែល​អាច​​រួមបញ្ចូល​ទាំង​ការដាក់ទណ្ឌកម្ម​។​

​ដំណើរ​ផ្លាស់ប្តូរ​ដ៏​វែងឆ្ងាយ​និង​ពោរពេញ​ដោយ​បញ្ហា​របស់​មី​យ៉ាន់​ម៉ា​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​បាន​បរាជ័យ​កាលពី​ថ្ងៃ​ចន្ទ នៅពេលដែល​មេបញ្ជាការ​កងទ័ព​លោក​មីន អ៊ុង ហ្លាំង​ឡើង​ដណ្តើម​អំណាច​ ដោយ​និយាយថា​មាន​ភាពមិនប្រក្រតី​នៅក្នុង​ការបោះឆ្នោត​ខែ​វិច្ឆិកា ដែល​គណបក្ស​របស់​លោក​ស្រី​ស៊ូ​ជី​ឈ្នះ​ភ្លូកទឹកភ្លូកដី​។ គណៈកម្មការ​រៀបចំ​កា​រ​បោះឆ្នោត​និយាយ​ថា​ការបោះឆ្នោត​នេះ​មាន​ភាព​​ត្រឹមត្រូវ​។​

​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប ដែល​មាន​សមាជិក ១៥ ប្រទេស​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​ឯកភាពគ្នា​ដោយ​ការមូល​មតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​”​សង្កត់ធ្ងន់​លើ​ភាពចាំបាច់​​ដើម្បី​ប្រកាន់ខ្ជាប់​នូវ​ស្ថាប័ន​និង​ដំណើរការ​ប្រជាធិបតេយ្យ​នានា ចៀសវាង​ពី​អំពើហិង្សា និង គោរព​សិទ្ធិមនុស្ស សេរីភាព​ជា​មូលដ្ឋាន​និង​នីតិរដ្ឋ​ពេញលេញ​”​។​

​ភាសា​នៅក្នុង​សេចក្តីថ្លែងការណ៍​នេះ​មាន​សភាព​ទន់ភ្លន់​ជាង​សេចក្តីព្រាង​ច្បាប់​ដើម​របស់​អង់គ្លេស​និង​មិន​បាន​និយាយ​អំពី​ការ​ធ្វើ​រដ្ឋប្រហារ​ជាក់ស្តែង​ទេ​ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​ចិន​និង​រុស្ស៊ី​ដែលជា​​ប្រពៃណី​តែង​ការពារ​មី​យ៉ាន់​ម៉ា​ពី​សកម្មភាព​នានា​របស់​ក្រុមប្រឹក្សាសន្តិសុខ​។ ចិន​ក៏​មាន​ផលប្រយោជន៍​សេដ្ឋកិច្ច​យ៉ាងច្រើន​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​និង​មាន​ទំនាក់ទំនង​ជាមួយ​យោធា​ផងដែរ​៕

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​អំពាវនាវ​ឱ្យ​ដោះលែង​មេដឹកនាំ​មី​យ៉ាន់​ម៉ា​លោកស្រី​អ៊ុង​សាន​ស៊ូ​ជី​និង​អ្នក​ផ្សេង​ទៀត​ដែល​ត្រូវបាន​ចាប់ខ្លួន