ប្រែសម្រួល : កញ្ញាដាលីស ៖ កូរ៉េខាងជើងបានស្នើសុំវ៉ាក់សាំងកូវីដ១៩ ហើយរំពឹងទទួលបានជិត ២ លានដូស នេះបើយោងតាមសម្ព័ន្ធវ៉ាក់សាំង Gavi ដែលជាផ្នែកមួយនៃកម្មវិធី Covaxដែលគាំទ្រដោយអង្គការសុខភាពពិភពលោក ទោះបីជាប្រទេសឯកោមួយនេះនៅតែនិយាយថាខ្លួនគ្មានវីរុសកូរ៉ូណាក៏ដោយ។
នេះគឺជាការបញ្ជាក់ជាផ្លូវការដំបូងបង្អស់ថាកូរ៉េខាងជើងស្នើសុំឱ្យអន្តរជាតិជួយព្រោះហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្ររបស់ប្រទេសនេះត្រូវគេមើលឃើញថាមិនគ្រប់គ្រាន់សម្រាប់ការដោះស្រាយជាមួយនឹងការផ្ទុះវីរុសទ្រង់ទ្រាយធំនោះឡើយ។
យោងតាមរបាយការណ៍ចែកចាយបណ្តោះអាសន្នរបស់ Covax ចេញផ្សាយនៅសប្តាហ៍នេះ កម្មវិធី Covax ដែលដឹកនាំដោយសម្ព័ន្ធ Gavi នឹងចែកចាយវ៉ាក់សាំងចំនួន ១,៩៩ លានដូសទៅកូរ៉េខាងជើង។
អ្នកនាំពាក្យរបស់ Gavi បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសទាំងអស់ដែលទទួលបានការបែងចែកវ៉ាក់សាំងបណ្តោះអាសន្ន បានដាក់សំណើសុំវ៉ាក់សាំង។
លោកបានបន្ថែមថាការបែងចែកដែលបានលើកឡើងនៅក្នុងរបាយការណ៍នេះឆ្លុះបញ្ចាំងពីការប៉ាន់ស្មានចុងក្រោយនៃការផ្គត់ផ្គង់និងពិចារណាលើការត្រៀមខ្លួនរបស់ប្រទេសនីមួយៗនិងការអនុម័តបទប្បញ្ញត្តិ។
យោងតាមរបាយការណ៍នេះកូរ៉េខាងជើងនឹងទទួលបានវ៉ាក់សាំងរបស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា-អក់ស្វត ដែលផលិតដោយវិទ្យាស្ថានសេរ៉ាំរបស់ឥណ្ឌា៕
កូរ៉េខាងជើងនៅតែនិយាយថាខ្លួនគ្មានវីរុសកូរ៉ូណា