ប្រែសម្រួលៈវាសនា/យ៉ាងហ្គោន៖ឥស្សរជនសំខាន់ម្នាក់ទៀតនៅក្នុងគណបក្សសម្ពន្ធជាតិសំរាប់លទ្ធិប្រជាធិបតេយ្យរបស់លោកស្រីអ៊ុង សាន ស៊ូជី លោកវីន អេចទីនបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបរទេសថា លោកត្រូវបានចាប់ខ្លួនក្រោយរដ្ឋប្រហារនៅសប្តាហ៍នេះ នៅពេលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពាវនាវអោយដោះលែជនត្រូវចាប់ខ្លួនក្តី។
លោកវីន អេចទីន អាយុ៧៩ឆ្នាំ ជាមនុស្សជំនិតរបស់ស៊ូជី និងជាអ្នកទោសនយោបាយដ៏យូរម្នាក់ ក្នុងអំឡុងយុទ្ធនាការបញ្ចប់ការគ្រប់គ្រងយោធារាប់ទសវត្សរ៍។លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថាលោកត្រូវបានប៉ូលិសនាំចូលក្នុងរថយន្តមួយពីក្រុងយ៉ាងហ្គោនទៅកាន់រដ្ឋធានី ណៃពីដោរ។
លោកមិនបាននិយាយថាតើលោកត្រូវបានគេចោទប្រកាន់ពីបទប្រព្រឹត្តអ្វីនោះទេ តែថា«ពួកមិនកាចទេ ដែលអាចអោយខ្ញុំប្រើទូរស័ព្ទដៃបាន។យើងត្រូវបានគេប្រព្រឹត្តអាក្រក់លើអស់ពេលដ៏យូរ។ខ្ញុំមិនដែលខ្លាចពួកគេទេ ដោយសារខ្ញុំអត់ធ្វើអីខុសក្នុងពេញមួយជីវិតខ្ញុំ»។
មេដឹកនាំគណបក្សសម្ពន្ធជាតិសំរាប់លទ្ធិប្រជាធិបតេយ្យលោកស្រីអ៊ុង សាន ស៊ូជី ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃចន្ទនៅពេលគណបក្សរបស់លោកស្រីដណ្តើមបានជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតដែលយោធាអះអាងថាមានភាពមិនប្រក្រតីទូទៅ។ឥឡូវលោកស្រីជាប់ចោទពីបទនាំចូលវិទ្យុទាក់ទង៦គ្រឿងដោយខុសច្បាប់។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវអោយដោះលែងស៊ូជី និងអ្នកត្រូវចាប់ខ្លួនដទៃទៀត និងក៏បានសម្តែងការព្រួយបារម្ភអំពីសភាពការណ៍នៅមីយ៉ាន់ម៉ា តែមិនបានថ្កោលទោសរដ្ឋប្រហារនេះទេ ។
យោងតាមក្រុមឃ្លាំមើលមួយ មនុស្សប្រមាណ១៤៧នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីមានរដ្ឋប្រហារ រួមមានសកម្មជន សមាជិកសភា និងមន្ត្រីមកពីរដ្ឋាភិបាលរបស់លោកស្រីស៊ូជី៕
លោកវីន អេចទីន ជាមនុស្សជំនិតរបស់ស៊ូជី និងជាអ្នកជាប់ឃុំដ៏យូរក្នុងយុទ្ធនាការបញ្ចប់ការគ្រប់គ្រងយោធានៅមីយ៉ាន់ម៉ា