ដោយៈ បាយ័ន / ឧត្តរមានជ័យៈ ប្រជាពលរដ្ឋខ្មែរ ចំនួន ៨ នាក់ ត្រូវបានអាជ្ញាធរថៃ បានបញ្ជូនមកស្រុកកំណើតវិញ បន្ទាប់ពីដោះលែង ពីពន្ធនាគារ ពីបទឆ្លងដែនខុសច្បាប់ ចូលកាប់ឈើគ្រញូង ក្នុងទឹកដីថៃ។ ការប្រគល់ និងទទួលប្រជាពលរដ្ឋខ្មែរ ចំនួន ៨ នាក់នោះ បានធ្វើកាលពីវេលាម៉ោង ១និង២០នាទី រសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ស្ថិតនៅច្រកទ្វារព្រំដែនអន្តរជាតិ ជាំស្រងាំ ក្នុងទឹកដីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចនគរបាល ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិ ជាំស្រងាំ បាននិយាយថាៈ ប្រជាពលរដ្ឋខ្មែរ ទាំង ៨ នាក់ ដែលត្រូវបានភាគីថៃ បញ្ជូនមកវិញ គឺជាមនុស្សប្រុស ទាំងអស់ មានៈ ១.ឈ្មោះ ស៊ីង សឿន អាយុ៤៥ឆ្នាំ ត្រូវបានថៃចាប់ខ្លួន ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ , ២.ឈ្មោះ យ៉ែម ឡេ អាយុ៥៧ឆ្នាំ ចាប់ខ្លួនថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ , ពីរនាក់នេះ រស់នៅភូមិត្រពាំងធំ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ , ៣. ឈ្មោះ លូ គឹមលាង អាយុ៤១ឆ្នាំ រស់នៅភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ចាប់ខ្លួន ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ , ៤.ឈ្មោះ សុខ នី អាយុ៣៨ឆ្នាំ ចាប់ខ្លួនថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ , ៥.ឈ្មោះ ផាន ប៊ុនលី អាយុ៣០ឆ្នាំ ចាប់ខ្លួនថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ , ៦.ឈ្មោះ ឃឹម សារឿន អាយុ៤៥ឆ្នាំ ចាប់ខ្លួនថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩, បីនាក់នេះ រស់នៅភូមិឈើទាលកង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត។ អ្នកទាំង ៦ បានត្រូវអាជ្ញាធរថៃ ចាប់ខ្លួនពីបទឆ្លងដែនកាប់ឈើគ្រញូង ដោយចូលតាមច្រកអានសេះ , លើកលែងតែ ពីរនាក់ ចុងក្រោយនេះ ចូលតាមច្រកមុំបី គឺ ៧.ឈ្មោះ ដន ដឿន អាយុ៣៤ឆ្នាំរស់នៅភូមិ តេជោមរកត ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចាប់ខ្លួនថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ , ៨.ឈ្មោះ ឌឹម ចន អាយុ៤៨ឆ្នាំ រស់នៅភូមិទំនប់ដាច់ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចាប់ខ្លួនថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨។
ក្រោយពីទទួលពីភាគីថៃ រួចមក ប្រជាពលរដ្ឋទាំង ៨ នាក់ ត្រូវបានគ្រូពេទ្យប្រចាំការ នៅច្រកជាំ ពិនិត្យវាស់កំដៅ រួចបញ្ជូនបន្តទៅធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សា អន្លង់វែង រយៈពេល ១៤ ថ្ងៃ ដើម្បីបញ្ចៀសពីការចម្លងរោគរាតត្បាតនៃជំងឺកូវីដ ១៩ ចូលទៅក្នុងសហគមន៍៕/V-PC