ដោយៈបាយ័ន / សៀមរាប: នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមសហភាពសហព័ន្ធកម្ពុជា ប្រចាំខេត្តសៀមរាប ដឹកនាំដោយលោក ជឿន វិចិត្រ បានចុះចែកអំណោយរួមនឹង កសាងផ្ទះថ្មី មួយខ្នង ជូនដល់គ្រួសារដែលរងការឆេះផ្ទះអស់ នៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។
លោក ជឿន វិចិត្រ បាននិយាយថាៈ ដោយពិនិត្យឃើញស្ថានភាព នៃគ្រួសារគាត់ លំបាកខ្លាំង ក្រុមការងារ បានសំរេចសាងសង់ផ្ទះថ្មី ទំហំ ៥ម៉ែត្រ គុណនឹង ៦ ម៉ែត្រ និងបង្គន់អនាម័យថ្មី ជូនគ្រួសារគាត់ ឱ្យរួចរាល់យ៉ាងយូរ នៅសប្តាហ៍ក្រោយដោយដាក់ ផ្ទះនោះ មានឈ្មោះថា ផ្ទះសន្តិភាព។ លោកបានបន្តថាៈ គ្រួសារដែលរងគ្រោះ ដោយអគ្គិភ័យនេះ មានប្តីឈ្មោះ គល់ ទិត្យ អាយុ ៦៣ ឆ្នាំ ប្រពន្ធអាយុ ៥០ឆ្នាំមានកូន បង្កើត ៣នាក់ និងកូនប្រសារ ២ នាក់។ អំណោយដែលយកមកចែកជូន រួមមាន អង្ករ ៣០គីឡូ ត្រីខ១យួ មី១កេះ ទឹកស៊ីអីវ១យួរ ទឹកត្រី១យួរ ទឹកខ្មេះ១ដប ស្ករស១គីឡូ អំបិល១មួយគីឡូ ប៊ីចេងកន្លះគីឡូ ទឹកសុទ្ធ៥យួរ ម៉ាស់១ប្រអប់ ភួយ១ អាវរងា១ និងថវិកា ៥00.000 រៀល។
សូមបញ្ជាក់ថា កាលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ២ រសៀល មានអគ្គិភ័យមួយ បានកើតឡើង ដោយភ្លើងឆេះព្រៃ ក្នុងភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ។ ដោយ ខ្លាចរាលដល់ផ្ទះ គ្រួសារឈ្មោះ គល់ ទិត្យ បានទៅពន្លត់ ហើយក៏មានការហើរ រងើកភ្លើង មកតាមខ្យល់ ធ្លាក់ចំដំបូលផ្ទះ ដែលប្រក់ស្បូវ ទើបបណ្ដាលអោយឆេះទាំងស្រុង រួមទាំង សម្ភារៈ និងឯកសារ ដែលមាននៅក្នុងផ្ទះ ឆេះសម្ភារៈទាំងអស់តែមិនប៉ះពាល់ដល់ មនុស្សទេ។
ទ្រព្យសម្ភារដែលេឆេះ រួមមានៈ ផ្ទះទំហំ ទទឹង ៥ម៉ែត្រ បណ្ដោយ ៨ម៉ែត្រ (ដំបូល និងជញ្ជាំង ប្រើស្បូវ) , គោរយន្តកន្ត្រៃ ១គ្រឿង , ម៉ាស៊ីនចិញ្ច្រាំដំឡូង ១គ្រឿង, ម៉ាស៊ីន បូមទឹក ១គ្រឿង, ម៉ាស៊ីន កាត់ស្មៅ ២គ្រឿង, ម៉ាស៊ីន បាញ់ថ្នាំ ២គ្រឿង, ឈើមួយចំនួនធំ និងសម្ភារៈប្រើប្រាស់ផ្សេងទៀត៕/V-PC