ដោយៈ រ៉ាម៉ន / ភ្នំពេញៈ ក្រោយពីស្វែងរក និងចម្រាញ់ជាង ១ឆ្នាំ គិតចាប់ពីខែតុលា ឆ្នាំ២០១៩ មកដល់ពេលនេះ សាលារាជធានីភ្នំពេញ រកបានហើយ នូវក្រុមហ៊ុនឯកជន ចំនួន ៣ ដើម្បីធ្វើអាជីវកម្ម ប្រមូលសំរាម នៅក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុនឯកជនទាំង ៣ នោះ គឺ ក្រុមហ៊ុនស៊ីនទ្រី ក្រុមហ៊ុន Mizuda Group Co.,Ltd និងក្រុមហ៊ុន 800 Super/GAEA ហើយនៅម៉ោង ៩ ព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញរដ្ឋបាល រាជធានីភ្នំពេញ នឹងប្រកាសប្រគល់-ទទួលកិច្ចសន្យា ស្តីពីការផ្តល់សេវាប្រមូល និងដឹក ជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ដល់ក្រុមហ៊ុនទាំងនោះ។
សូមរម្លឹកថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានប្រកាស ជាផ្លូវការ ក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី សម្រេចដកសិទ្ធិប្រមូល សំរាមនៅរាជធានី ភ្នំពេញ ពីក្រុមហ៊ុនស៊ិនទ្រី ដោយដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រង របស់រដ្ឋជាបណ្តោះ អាសន្ន។ សម្តេចតេជោ ក៏បានប្រកាស ឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរ រាជធានីភ្នំពញ រៀបចំបែងចែកតំបន់គ្រប់គ្រង និងប្រមូលសំរាម យ៉ាងហោចណាស់ ៤ តំបន់ ហើយដាក់ ឲ្យក្រុមហ៊ុនឯកជន ដេញថ្លៃប្រមូល និងគ្រប់គ្រងសំរាម នៅរាជធានីភ្នំពេញ ដោយក្រុមហ៊ុន១ មានសិទ្ធិទទួលបានតែ ១ តំបន់ប៉ុណ្ណោះ។
ការដកសិទ្ធិពីក្រុមហ៊ុន ស៊ីន ទ្រី ឈប់ឲ្យប្រមូលសំរាម នៅភ្នំពេញ ដោយសារតែក្រុមហ៊ុន ផ្តាច់មុខយូរឆ្នាំមកហើយ មិនអាចគ្រប់គ្រងប្រមូល និងដឹកជញ្ជូនសំរាមទាន់ពេលវេលា៕/V-PC