ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ភ្ញៀវនៅក្នុងរោងការមួយកន្លែង បានរន្ធត់ចិត្តយ៉ាងខ្លាំង ក្រោយពីបានទទួលព័ត៌មានថា ក្នុងថ្ងៃរៀបមង្គលការ រង់ចាំតែទទួលភ្ញៀវ ស្រាប់តែ កូនកម្លោះ បានស្លាប់ចោលកូនក្រមុំ គូស្នេហ៍ថ្មីថ្មោង។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង នៅម៉ោងប្រមាណ ៣ និង៣០ នាទី រសៀល ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន កន្លែងកើតហេតុ បានឲ្យដឹងថាៈ កូនកម្លោះ មានឈ្មោះ ក្រុង ពុធ អាយុ ៥២ ឆ្នាំ ជាបុរសពោះ ម៉ាយ មានកូនពីរនាក់ រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ហើយបានមកចែចូវ រហូតបានរៀបការ ជាមួយកូនក្រមុំ ឈ្មោះ រស់ ថាវី អាយុជាង ៣០ ឆ្នាំ រស់នៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នៅក្រោយពេលប្រពន្ធមុន របស់កូនកម្លោះរូបនេះ បានរត់ចោលគាត់។
ប្រភពខាងលើ បានបញ្ជាក់ឲ្យដឹងថាៈ នៅមុនពេលកើតហេតុ បុរសរងគ្រោះកំពុងរៀប ចំអាពាហ៍ពិពាហ៍ទៅតាមប្រពៃណី ស្រាប់តែកូនកម្លោះ បានខ្យល់គរដួលហើយត្រូវបាន ក្រុមគ្រួសារ បានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ដើម្បីសង្គ្រោះបន្ទាន់ ហើយគ្រូពេទ្យ មិនអាចសង្គ្រោះបាន ដោយសារកូនកម្លោះនេះ បានស្លាប់រួចហើយ ដោយសារដាច់សរសៃឈាម បណ្ដាលមកពីជំងឺលើសសម្ពាធឈាម។
ក្រោយពេលកើតហេតុ ក្រុមគ្រួសារ ក៏បានដឹកសពកូនកម្លោះ មកតម្កល់ទុកនៅលំនៅដ្ឋាន ក្នុងភូមិសំរោង សង្កាត់ផ្សារឆ្នាំង ដើម្បីរៀបចំធ្វើបុណ្យ ទៅតាមប្រពៃណី។ ដោយឡែក នៅក្នុងរោងការ ក្នុងភូមិកណ្ដាល ដែលជាផ្ទះកូនក្រមុំ នៅល្ងាចថ្ងៃទី៤ ខែកុម្ភៈនេះ គឺអ្នកកំដរខាងកូនក្រមុំ ដែលជាកូនក្មួយ បាន ចេញមុខជួយទទួលភ្ញៀវ ជំនួសកូនក្រមុំ ដែលរូបនាង បានទៅកំដរបុណ្យសព នៅផ្ទះខាងប្ដី ទាំងក្តីអាឡោះអាល័យ។ ចំណែក ឈ្មោះ និងរូបថតកូនក្រមុំ និងកូនកម្លោះ នៅរោងការ ត្រូវបានគេដកចេញ ដែលធ្វើឲ្យភ្ញៀវ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងរឿងនេះ និងមានក្តីអាណិតអាសូរ គ្រប់ៗគ្នា។
ដោយឡែក ភ្ញៀវដែលអញ្ជើញមកហូបការនោះ ក៏បានបាត់អស់មួយចំនួនផងដែរ ព្រោះតែ បានដឹង ពីហេតុការណ៍ ដ៏សោកសៅមួយនេះ។ ពេលនោះដែរ ភ្ញៀវខ្លះ មកស៊ីការបានដឹង រឿងនេះ ក៏បែរជាទៅចូលរួមបុណ្យសព នៅឯផ្ទះកូនកម្លោះទៅវិញ។ នៅលើលោក ជីវិតមនុស្សលោក គ្មានអ្នកណាមួយ អាចចៀសផុត ពីសេចក្តីស្លាប់នេះបានឡើយ ៕/V-PC