Home ព័ត៌មានជាតិ សន្តិសុខ សមត្ថកិច្ច ឃា...

សមត្ថកិច្ច ឃាត់ខ្លួន​ជនសង្ស័យ ៣ នាក់ ដែល​កាប់​យុវជន​ម្នាក់ នៅ​រមណីយដ្ឋាន​ជន្លុង​ម្លូ​

ដោយៈ ស​រិ​ទ្ធ/កណ្តាលៈ ជនសង្ស័យ​ចំនួន ៣​នាក់ ដែល​កាប់​លើ​យុវជន​ម្នាក់ ស្ទើរ​ស្លាប់ កាលពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​រមណីយដ្ឋាន​ជន្លុង​ម្លូ ភូមិ​ចុង​បឹង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល វេលា​ម៉ោង ៤​និង​៣០​នាទី​រសៀល​នោះ ពេលនេះ សមត្ថកិច្ច​ឃាត់ខ្លួន​បាន ជា​បន្តបន្ទាប់​ហើយ ដើម្បី​យកមក​សួរនាំ នៅពេល​ជនសង្ស័យ ១១ នាក់​ផ្សេងទៀត កំពុង​រត់គេចខ្លួន​។​

​ជនសង្ស័យ​ជា​យុវជន ៣​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ ទី​១. ឈ្មោះ ទិ​ត ពន្លឺ អាយុ ១៩​ឆ្នាំ មុខរបរ សិស្ស​, ទី​២. ឈ្មោះ ទិ​ត ទីន អាយុ ១៨​ឆ្នាំ មុខរបរ សិស្ស និង​ទី​៣. ឈ្មោះ ហាន់ សុខ​ឆេង អាយុ ១៨​ឆ្នាំ មុខរបរ ជាង​ពិ​ដាន នៅ​ភូមិ​ទួល​ព​ន្សាំ​ង សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។​

​ដោយឡែក ជនសង្ស័យ កំពុង​រត់គេចខ្លួន ទី​១. ឈ្មោះ ចក់ សា​រ៉ា​វ៉ា​ឌី អាយុ ២៤​ឆ្នាំ , ទី​២. ឈ្មោះ គង់ ច​ន្នា ហៅ​តឿ អាយុ ១៦​ឆ្នាំ , ទី​៣. ឈ្មោះ សឿន សំ​អូន ហៅ​ប៊ូ អាយុ​១៧​ឆ្នាំ , ទី​៤. ឈ្មោះ គុណ សុខ​គង់ អាយុ​១៨​ឆ្នាំ , ទី​៥. ឈ្មោះ លី ឆេង​ឆាយ អាយុ​១៤​ឆ្នាំ , ទី​៦. ឈ្មោះ ធី សុ​ផាក់ អាយុ​១៧​ឆ្នាំ , ទី​៧. ឈ្មោះ ភាព ភា អាយុ​១៩​ឆ្នាំ , ទី​៨. ឈ្មោះ ឃឿន ចាន់​រិត ហៅ​ប៉ាក អាយុ​២៦​ឆ្នាំ , ទី​៩. ឈ្មោះ ឈៀន ឆា​នី​ម អាយុ​១៨​ឆ្នាំ , ទី​១០. ឈ្មោះ រឿន ភា​រ៉ា អាយុ​២៣​ឆ្នាំ និង​ទី​១១. ឈ្មោះ ឈន រតនា ហៅ​ជែ​ម អាយុ​១៧​ឆ្នាំ ។​ក្រុម​ក្មេង ប្រុស​ស្ទាវ ទាំង ១១​នាក់​នេះ មានមុខ​របរ​មិន​ពិតប្រាកដ ដូចគ្នា និង​រស់នៅ​ភូមិ​ត្នោត​ខ្ពស់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ ជាមួយគ្នា​។​

​ចំណែក យុវជន​រងគ្រោះ “​ឈ្មោះ ភុំ សាមុត អាយុ​២០​ឆ្នាំ មុខរបរ សិស្ស នៅ​ភូមិ​ចុង​បឹង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​លោកសង្ឃ រាជធានី​ភ្នំពេញ ត្រូវជា​ប្អូនបង្កើត​របស់​យុវជន​ឈ្មោះ ភុំ ភាស់ អាយុ ២៤​ឆ្នាំ មុខរបរ និស្សិត នៅ​ភូមិ​ចុង​បឹង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្តា​” ។​

​សមត្ថកិច្ច បានបញ្ជាក់​ថាៈ នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ទៅ​អង្គុយលេង លើក​ញ្ចុះ ក្នុង​រមណីយដ្ឋាន ជន្លុង​ម្លូ ស្ថិតក្នុង​ភូមិ​ចុង​បឹង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្ដ​កណ្ដាល ជាមួយ​មិត្តភក្តិ​ចំនួន ៩​នាក់ ក្នុងនោះ​មាន​ស្រី ៤​នាក់​។ ស្រាប់​តែមាន ជនសង្ស័យ និង​បក្ខពួក មាន​គ្នា ១៤ នាក់ ជិះ​ម៉ូតូ​ចំនួន ៧ គ្រឿង មកជួប​គ្នា នៅ​កន្លែង​កញ្ចុះ អង្គុយលេង ហើយ​ដេញ​កាប់ ទៅលើ​បក្ខពួក​មួយក្រុម​ទៀត មិន​ស្គាល់​អត្តសញ្ញាណ មាន​គ្នា ៤​នាក់ ជិះ​ម៉ូតូ ២ គ្រឿង ទៅ​ទិសខាងកើត ។ នៅពេល​ឃើញ​ជនរងគ្រោះ ឈរ​នៅមុខ​កញ្ចុះ មាន​កាន់​ដាវ​ជាប់​នឹង​ដៃ ទើប​ជនសង្ស័យ និង​បក្ខពួក នាំគ្នា​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​កន្លែង​កញ្ចុះ ជនរងគ្រោះ​វិញ ហើយ​បាន​សួរ​ទៅ​ជនរងគ្រោះ​ថា ឯង​មាន​ស្គាល់​ពួក​ជិះ​ម៉ូតូ​នោះ ឬ​អត់ ជនរងគ្រោះ​ឆ្លើយតប​វិញ​ថា មិនដែល​ស្គាល់​ទេ ពេលនោះ បក្ខពួក​ជនសង្ស័យ​បាន​សួរ ទៅ​ជនរងគ្រោះ​ទៀតថា បើ​ឯង​មិន​ស្គាល់​ម៉េច ក៏​ឯង​មាន​ដាវ​កាន់​នឹង​ដៃ បន្ទាប់មក បក្ខពួក​ជនសង្ស័យ បាន​និយាយទៀតថា បើ​ឯង​មិន​ស្គាល់​ពួកវា អញ​កាប់​ពួក​ឯង​ដែរ​។ ពេលនោះ ជនរងគ្រោះ បាន​យក​ដាវ ដែល​ខ្លួន​កាន់​ជាប់​នឹង​ដៃ​នោះ​កាប់​ទៅលើ​បក្ខពួក ជនសង្ស័យ​មុន ១​ដាវ ទើប​ជនសង្ស័យ និង​បក្ខពួក បាននាំគ្នា​កាប់​ទៅលើ​ជនរងគ្រោះ បណ្ដាល​ឲ្យ​មាន​របួស​ធ្ងន់ធ្ងរ បន្ទាប់មក ជនសង្ស័យ និង​បក្ខពួក បាននាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន ទៅ​ទិសខាងកើត បាត់អស់​ទៅ​។ ចំណែក​ជនរងគ្រោះ ត្រូវបាន​មិត្តភក្តិ និង​ក្រុមគ្រួសារ នាំយកទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​លោកសង្ឃ រាជធានី​ភ្នំពេញ​។​

​តាម​លទ្ធផល​នៃ​ការស្រាវជ្រាវ របស់​សមត្ថកិច្ច នៅ​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២១ កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​ម្កាក់ និង​សមត្ថកិច្ច​ប៉ុស្ដិ៍​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ បាន​ឃាត់ខ្លួន ជនសង្ស័យ ចំនួន ២​នាក់ ពោលគឺ​ឈ្មោះ ទិ​ត ទីន និង ឈ្មោះ ទិ​ត ពន្លឺ ដើម្បី​សាកសួរ​នាំ តាម​នីតិវិធី​។​

​តាម​ចម្លើយសារភាព របស់​ជនសង្ស័យ ឈ្មោះ ទិ​ត ពន្លឺ សារភាពថា ខ្លួន​និង​បក្ខពួក ពិតជា​បានធ្វើ​សកម្មភាព កាប់​ទៅលើ​ជនរងគ្រោះ បណ្ដាល​ឲ្យ​មាន​របួសធ្ងន់ ពិតមែន​។​

​លទ្ធផល​នៃ​ការស្រាវជ្រាវ របស់​សមត្ថកិច្ច បាន​បន្តថា រហូតមក នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១ កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​ម្កាក់ និង កម្លាំង​ជំនាញ​ខេត្ត និង​សមត្ថកិច្ច​ប៉ុស្ដិ៍​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ ហាន់ សុខ​ឆេង ដើម្បី​សាកសួរ​នាំ និង កំពុង​បន្ត​ឈានទៅ​ស្វែងរក បក្ខពួក ដែល​នៅ​សេសសល់ ដើម្បី​បន្ត​ចាត់ការ តាម​នីតិវិធី​៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular