លោក ស សុខា សំណេះសំណាល និង​ចែក​កង់​ជូន​ដល់ សិស្សានុសិស្ស នៅ​ស្រុក​រតនមណ្ឌល​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ : លោក ស សុខា អញ្ជើញ​ចូលរួម​ពិធី​សំណេះសំណាល និង​ចែក កង់​ជូន​ដល់​ក្មួយៗ សិស្សានុសិស្ស ចំនួន ២៥០​នាក់ នៅក្នុង​ស្រុក​រតនមណ្ឌល​ក្រោម អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សា​ខន ស ខេង ប្រធានកិត្តិយស​ក្រុម​អ្នក​ម្តាយ មនុស្សធម៌ នៅ​ព្រឹក​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​លោក ស សុខា បាន​មានប្រសាសន៍ថាៈ ការផ្តល់ជូន​កង់ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោកជំទាវ ដល់​សិស្សានុសិស្ស ក្នុងស្រុក​រតនមណ្ឌល នេះ គឺជា​ការរួមចំណែក​ស​ម្រួ​ល​ដល់​ការធ្វើ ដំណើរ​របស់ ក្មួយៗ​សិស្សានុសិស្ស ដែលមាន​ផ្ទះ​ឆ្ងាយ ពី​សាលារៀន​ពិសេស​ដើម្បី​ជួយ ជំរុញ ឲ្យ​បំណងប្រាថ្នា​របស់​ក្មួយៗ បានសម្រេច ក្នុង​បេសកកម្ម​សិក្សា​រៀនសូត្រ ឈានទៅ​ទទួលបាន នូវ​ចំណេះដឹង ចំណេះធ្វើ ឆ្ពោះទៅ​អនាគត ដ៏​ត្រចះត្រចង់ ។​

​ក្នុងឱកាស​នោះ លោក ស សុខា ក៏បាន​សំណូមពរ ដល់​លោកគ្រូ អ្នកគ្រូ និង​ក្មួយៗ​សិ​ស្សា នុ​សិស្ស​ទាំងអស់ ចំនួន ៥​ចំណុច ដូចខាងក្រោម ៖ ១-​សូម​លោកគ្រូ អ្នកគ្រូ និង​ក្មួយៗ ទាំងអស់ បន្ត​យកចិត្តទុកដាក់​ចូលរួម​បង្ការ​ពី​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​ត្រូវតែ​អនុវត្តតាម​វិធានការ​ណែនាំ របស់​ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ យុវជន និង​កីឡា​។

២-​យុវជន គឺជា​សរសរ​ទ្រូង​នៃ​ប្រទេសជាតិ ដើម្បី​ឲ្យ​សរសរ​ទ្រូង អាច​រឹងមាំ​ទៅបាន លុះត្រា​ក្មួយៗ​ទាំងអស់ យកចិត្តទុកដាក់​ក្នុងការ​សិក្សា​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន គ្រឿង​ស្រវឹង ល្បែងស៊ីសង គ្រប់​ប្រភេទ និង​ចៀសវាង​សេពគប់​ជាមួយ​គ្រប់​សមាសភាព មិនល្អ​ដែល​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការសិក្សា និង​អនាគត​របស់ខ្លួន​។​

៣-​ពាក្យចាស់​លោក​ពោលថា “ បើ​ចង់​ស្រាល​ខ្លួន រៀនសូត្រ​ឲ្យ​មួន ឱ្យ​មាំ​ឱ្យ​ស្ទាត់​កុំ​ចេះ ស្ទាក់ស្ទើរ ល្ងីល្ងើ​ឥត​បទ បើ​ចេះ​ប្រាកដ ប្រាក់​រត់តាម​ហៅ​” ។ មានន័យថា​ក្មួយៗ​ទាំងអស់ គ្នា​នៅទីនេះ ត្រូវខិតខំ​ស្រវាស្រទេញ​រក​ចំណេះវិជ្ជា ជំនាញ​ដាក់ខ្លួន​ចេះ​អ្វី​ចេះ​ឱ្យ​ប្រាកដ កុំ​ច្បោលៗ​។ បើ​យើង​មិនចេះ​ច្បាស់​ទេ ប្រាកដជា​មិនអាច​ប្រកួតប្រជែង​ជាមួយ​គេ​បានទេ ជាពិសេស​សម័យ​បច្ចុប្បន្ននេះ ក៏ដូចជា​ទៅ​ថ្ងៃ​អនាគត​។​

៤-​សូម​បង្កើត​ទម្លាប់​អាន​សៀវភៅ ក៏ដូចជា​ស្វ័យ​សិក្សា ឲ្យ​បាន​ច្រើន​បំផុត​តាម ដែល​អាចធ្វើ​ទៅបាន ព្រោះថា សៀវភៅ​គឺជា​ឃ្លាំង​នៃ​ចំណេះដឹង​។ មុននឹង​អ្នកនិពន្ធ​សរសេរ ឬក៏​រៀបរៀង​ចេញ​ជា​សៀវភៅ ១​ក្បាល​បាន ចាំបាច់​ត្រូវធ្វើ​ការសិក្សា​ស្រាវជ្រាវ​ច្រើន ណាស់​ទាំង​តាម​ប្រភព​ឯកសារ​ពី​ទីតាំង​ផ្ទាល់ ក៏ដូចជា ការសាកសួរ​ទៅលើ​សាក្សី​រស់ ឬក៏​អ្នក​ដែល​ធ្លាប់​ដឹង ព្រឹត្តិការណ៍​អ្វីមួយ ដែល​បាន​កើតឡើង ឬក៏​អ្នក​ដែល​បានធ្វើការ សិក្សា​ស្រាវជ្រាវ​ទៅលើ​ប្រធានបទ​អ្វីមួយ​។​

៥-​សូម​ធ្វើជា​ម្ចាស់​លើ Facebook ក៏ដូចជា​បណ្តាញ​សង្គម​នានា​កុំ​បណ្តោយ​ឲ្យ​បណ្តាញ សង្គម ធ្វើជា​ម្ចាស់​លើ​យើង ។ សូម​ប្រើប្រាស់​បណ្តាញ​សង្គម ក៏ដូចជា​ទូរ​សព្ទ​ដៃ តែ​ក្នុងករណី​ចាំបាច់​តែប៉ុណ្ណោះ​ជាពិសេស​បម្រើអោយ​ផលប្រយោជន៍​ក្នុង​ការសិក្សា​ស្រាវជ្រាវ ក៏ដូចជា​ការសិក្សា​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular