ដោយៈ រ៉ាម៉ន / ភ្នំពេញៈ ក្រុមហ៊ុនដែលមានលក្ខណៈអន្តរជាតិ ចំនួន៣ នឹងចេញប្រតិបត្តិការ លើការប្រមូល និងដឹកជញ្ជូនសំរាម នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចជ្រើសរើស អស់រយៈពេល ១ ឆ្នាំ និងបានប្រគល់សិទ្ធិ និងកិច្ចសន្យាជូន នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ នៅសាលា រាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ក្រុមហ៊ុនទាំង ៣ នោះរួមមានៈ ក្រុមហ៊ុន Cintri (Cambodia) / Everbright (China) ក្រុមហ៊ុន 800 SUPER/GaEa និងក្រុមហ៊ុន Mizida Group Co.,Ltd ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថាៈ បញ្ហាសំរាម សំណល់រឹង គឺជាបញ្ហាប្រឈមសំខាន់១ ក្នុងចំណោមបញ្ហាប្រឈម ចំនួន ៣ដែលរាជធានី ភ្នំពេញ បាននឹងកំពុងជួបប្រទះគឺ ទី១ បញ្ហាស្ទះចរាចរណ៍ ទី២ បញ្ហាស្ទះលូ និងទី៣ បញ្ហាស្ទះសំរាម។ ក្នុងអំឡុងខែតុលា ឆ្នាំ២០១៩ រាជរដ្ឋាភិបាល បានធ្វើកំណែទម្រង់ នៃការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ដោយបានលុបចោលនូវ យន្តការនៃការប្រមូលថ្លៃសំរាម តាមវិក្កយបត្រអគ្គិសនី ហើយបានរៀបចំឱ្យអតិថិជន បង់ប្រាក់ថ្លៃសេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង តាមប្រព័ន្ធអេឡិចត្រូនិក ដោយស្វ័យប្រវត្តិវិញ។
ដើម្បីធ្វើកំណែទម្រង់នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រគល់កិច្ចការនេះ ជូនទៅ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាអ្នកដឹកនាំធ្វើដោយផ្ទាល់ ដោយមានការចូលរួមពី ក្រសួងពាក់ព័ន្ធ និងរដ្ឋបាល រាជធានីភ្នំពេញ ផងដែរ។
លោកបានបន្តថាៈ ការធ្វើកំណែទម្រង់នេះ គឺធ្វើតាំងពីដើមខ្សែ រហូតដល់ចុងខ្សែ មានន័យថា ជាការរៀបចំនូវ យន្តការគ្រប់គ្រងសំរាមថ្មី ដោយចាប់ផ្តើមពី អ្នកបង្កើតសំរាម ដោយបានកំណត់ ពេលម៉ោងបញ្ចេញសំរាម និងទីតាំងទុកដាក់សំរាម ការញែក សំរាម។ល។ លោកបានបន្តទៀតថាៈ ការជ្រើសរើស ក្រុមហ៊ុនប្រមូលសំរាមថ្មី ការរៀបចំទីតាំងទីលាន ទុកដាក់សំរាម ប្រកបដោយសុវត្ថិភាព ដោយបានរៀបចំទីលាន ញែកសំរាមចំនួន ២ និងទីលានចុងក្រោយ ចំនួន១ ព្រមទាំងការរៀបចំតារាងតម្លៃសេវា ប្រមូលសំរាមថ្មី ផងដែរ។
ជាលទ្ធផលមួយ នៃកំណែទម្រង់ ខាងលើ យើងបានសម្រេចប្រកាស ជាផ្លូវការ នូវក្រុមហ៊ុនចំនួន ៣ ដែលបានដេញថ្លៃឈ្នះ ក្នុងការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម នៅរាជធានីភ្នំពេញ ដែលគណៈកម្មការ ភី អ ស៊ី (PRC) ដែលមានតំណាងពីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងរដ្ឋបាល រាជធានីភ្នំពេញ បានប្រើពេលពេញ ១ ឆ្នាំ ក្នុងការជ្រើសរើសយ៉ាងម៉ត់ចត់ ដោយបានអនុវត្ត ទៅតាមដំណើរការ និងនីតិវិធីលទ្ធកម្ម ដេញថ្លៃ ដែលប្រកបដោយ ភាពយុត្តិធម៌ តម្លាភាព និងស្របតាមស្តង់ដារអន្តរជាតិ ដែលត្រូវបានបែងចែកតាមតំបន់ ចំនួន៣ នៅរាជធានីភ្នំពេញ ក្នុងនោះរួមមានៈ
តំបន់ទី១. មាន ៥ ខណ្ឌ គឺខណ្ឌទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌជ្រោយ ចង្វារ និងខណ្ឌព្រែកព្នៅ ដេញថ្លៃឈ្នះ ដោយក្រុមហ៊ុន 800 SUPER និងក្រុមហ៊ុន (Global Action for Environment Awareness Public Limited) ។ តំបន់ទី២. មាន ៥ ខណ្ឌ គឺខណ្ឌ ដូនពេញ ខណ្ឌ៧មករា ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូលដែលដេញថ្លៃ ឈ្នះដោយក្រុមហ៊ុន ម៉ីហ្សីដាគ្រុប (Mizida Group Co., Ltd ) ។ តំបន់ទី៣.មានខណ្ឌ ចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ ដែលដេញថ្លៃឈ្នះ ដោយក្រុមហ៊ុនស៊ិនទ្រី (Cintri Cambodia)(Everbright china) ។
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានផ្តាំផ្ញើឱ្យក្រុមហ៊ុន ទាំង ៣ ប្រតិបត្តិការប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង តាមតំបន់ របស់ខ្លួន ឱ្យបានល្អ ហើយខណ្ឌទាំង ១៤ ក៏ត្រូវសហការ ជាក្រុមហ៊ុន ឱ្យបានល្អផងដែរ។ ចំណែកបងប្អូនប្រជាពលរដ្ឋ ធ្វើការញែក វេចខ្ចប់ ទុកដាក់ និងការបញ្ចេញសំរាម សំណល់រឹង របស់ខ្លួន ឱ្យបានត្រឹមត្រូវតាមការ កំណត់ ដើម្បីធ្វើយ៉ាងណា ឱ្យរាជធានីភ្នំពេញ ស្អាត មានអនាម័យ និងបរិស្ថានល្អ។
រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផាកពិន័យ ទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន ចំពោះអ្នកដែលចោលសំរាម ខុសម៉ោងពេល និងទីតាំងដែលបានកំណត់ បន្ទាប់ពីក្រុមហ៊ុនទាំង ៣ បានចាប់ផ្តើមដំណើរការ នូវកិច្ចការរបស់ខ្លួន ដោយរលូន៕/V-PC