ដោយៈដេប៉ូ/ភ្នំពេញៈ គិតមកដល់ពេលនេះសមាជិកស្រូវត្រយង (Ibis Rice Scheme) នៃគម្រោងទ្រទ្រង់ជីវភាពពលរដ្ឋរស់នៅជុំវិញតំបន់ការពារធម្មជាតិ មានការកើនឡើង ទាំងចំនួនគ្រួសានិងភូមិឋានដែលបានចូលរួមដាំស្រូវត្រយងនេះដើម្បីការពារសត្វព្រៃ។
ក្រុមពលរដ្ឋដែលចូលរួមក្នុងគម្រោងនេះគឺបានចុះកិច្ចព្រមព្រៀងអភិរក្ស ដែលបានសន្យាថា ពួកគាត់មិនបរបាញ់សត្វព្រៃមិនកាប់ព្រៃឈើ ឬមិនទន្ទ្រានដីខុសច្បាប់ក្នុងដែនជម្រក សត្វព្រៃ។ គម្រោងនេះ មានបំណងជួយលើកស្ទួយជីវភាពប្រជាជននៅជុំវិញតំបន់ ការពារធម្មជាតិ តាមរយៈការផ្តល់ពូជស្រូវ និងបច្ចេកទេសដាំដុះស្រូវសរីរាង្គជាមួយនឹង ការទទួលទិញស្រូវពីកសិករមកវិញក្នុងតម្លៃខ្ពស់ជាងទីផ្សារ។
លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានដែលបានដឹកនាំក្រុម អ្នកសារព័ត៌មាន បំពេញទស្សនកិច្ចនៅ ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ខេត្តព្រះវិហារ កាលពីពេលថ្មីៗមកនេះបានឱ្យដឹងថាក្នុងការអនុវត្តគម្រោងស្រូវត្រយងមានភាពជោគជ័យនៅក្នុងការទប់ស្កាត់ការរុករានទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់នៅក្នុងតំបន់សហគមន៍ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា។ពលរដ្ឋជាច្រើនបានចូលរួមក្នុងគម្រោងនេះហើយទទួលបានលទ្ធផលក្នុងការបង្កើនជីវភាពគ្រួសារ។
លោកបន្ថែមថា គម្រោងស្រូវត្រយងនេះបានជួយក្នុងការទប់ស្កាត់ការរុករានទន្ទ្រាន កាន់កាប់ដីព្រៃដោយខុសច្បាប់ហើយក៏ជាការបង្កើតនូវមុខរបរថ្មី ជម្រើសថ្មី ឱ្យពួកគាត់ ងាកមកធ្វើស្រែចម្ការបានស្រូវសម្រាប់គាត់ហូប ហើយមានស្រូវសម្រាប់លក់ដូរក្នុងតម្លៃ ថ្លៃទៅខាងក្រៅទៀត។ លើសពីនេះទៅទៀត ប្រជាសហគមន៍អាចថែរក្សាការពារបាន នូវធនធានធម្មជាតិ ការពារទាំងព្រៃឈើ សត្វព្រៃ។ ជាក់ស្តែងប្រជាពលរដ្ឋមួយចំនួននៅ សហគមន៍អេកូទេសចរណ៍ត្មាតប៉ើយខេត្តព្រះវិហារបានចូលរួមហើយពួកគាត់និយាយថា បើដឹងថារក្សាព្រៃ រក្សាសត្វបានលុយតាមរយៈទេសចរណ៍ធម្មជាតិ ម្លេះពួកគាត់អត់បាញ់ សម្លាប់ឬអត់ទាន្ទ្រានដីព្រៃនោះឡើយ។
ដោយឡែកលោក កែវ សុជាតិ ប្រធានអង្គការម្លប់ព្រៃបានឱ្យដឹងដែរថាគម្រោងនេះ មានបំណងជួយលើកស្ទួយជីវភាពប្រជាជននៅជុំវិញតំបន់ការពារធម្មជាតិតាមរយៈការផ្តល់ ពូជស្រូវ និងបច្ចេកទេសដាំដុះស្រូវសរីរាង្គ ជាមួយនឹងការទទួលទិញស្រូវពីកសិករមកវិញ ក្នុងតម្លៃខ្ពស់ជាងទីផ្សារ។ លោកបន្តថា ពលរដ្ឋដែលអនុវត្តដាំស្រូវត្រយងនេះទទួលបាន នូវផលប្រយោជន៍៣យ៉ាងសំខានគឺទី១ពលរដ្ឋដែលដាំដុះស្រូវប្រភេទនេះមិនបង្កប៉ះពាល់ ជាវិជ្ជមានដល់ការប្រើសារជាតិថ្នាំពល។ទី២អ្នកដែលរស់នៅជុំវិញកន្លែងដាំដុះស្រូវ និងសត្វដែលរស់នៅក្បែរនោះក៏មិនទទួលរងផលប៉ះពាល់ពីសារជាតិគីមីឬថ្នាំពុល និងទី៣អ្នកបរិភោគអង្ករប្រភេទនេះធានាបាននូវសុវត្តិភាពដោយមិនបង្កប៉ះពាល់ពីសារជាតិគីមី ឬថ្នាំពុលលឡើយ។
គួរបញ្ជាក់ដែរថាក្រុមហ៊ុន អាយប៊ីស រ៉ាយស៍ បានបង្កើតឡើងដោយអង្គការសមាគម អភិរក្សសត្វព្រៃ (WCS) និងបានដាក់ឈ្មោះតាមសត្វត្រយងយក្សដែលជាបក្សីជាតិតំណាង ឱ្យប្រទេសកម្ពុជាក្នុងទិសដៅគាំទ្រដល់ការអភិរក្សសត្វប្រភេទនេះមិនឱ្យបាត់ពូជនៅកម្ពុជា។ ម្រោងស្រូវសង្គ្រោះសត្វត្រយងនេះដែរ ត្រូវបានបង្កើតឡើងលើកដំបូងនៅឆ្នាំ២០០៩ ក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារក្នុងគោល បំណងលើកទឹកចិត្តដល់សហគមន៍មូលដ្ឋានឱ្យចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ តាមរយៈការទិញស្រូវសរីរាង្គពូជផ្ការំដួលក្នុងតម្លៃមួយខ្ពស់បំផុតពីក្រុមកសិករផលិត ដែលបានប្តេជ្ញាចិត្តចូលរួមការពារព្រៃឈើ និងឈប់បរបាញ់សត្វព្រៃ។
គិតមកដល់បច្ចុប្បន្ន កម្មវិធីស្រូវត្រយង កំពុងអនុវត្ត នៅក្នុងតំបន់ការពារទេសភាពនៅ កម្ពុជាជាច្រើនដូចជា តំបន់ការពារគូលែនព្រហ្មទេព ឆែប ព្រៃព្រះរការតំបន់ការពារសៀម ប៉ាងភាគខាងលិច តំបន់ការពារកែវសីមា និងតំបន់ការពារព្រៃឡង់ស្ថិតនៅក្នុង ភូមិសាស្ត្រខេត្តស្ទឹងត្រែងជាដើម៕/PC