​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ សេត​វិមាន​បានឱ្យដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅមុន​សុន្ទរកថា​អំពី​គោលនយោបាយ​ការបរទេស​ដ៏​សំខាន់​លើកដំបូង​របស់​គណបក្ស​ប្រជាធិបតេយ្យ យ៉ាង​ដូច្នេះ​ថា​លោក​​ប្រធានាធិបតី​ចូ បៃ​ដិ​ននឹង​បញ្ចប់​ការគាំទ្រ​ផ្នែក​យោធា​របស់​សហរដ្ឋ​អាម៉េរិក​សម្រាប់​សង្គ្រាមរ​បស់​ក្រុម​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​នៅក្នុង​ប្រទេស​យេ​ម៉ែន​។​

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក​ជេក ស៊ូ​លី​វ៉ាន់​បាន​ប្រាប់​អ្នកសារព័ត៌មាន​ភ្លាមៗ​មុនពេល​លោកបៃ​ដិន​គ្រោង​នឹង​ថ្លែង​សុន្ទរកថា​នៅ​ក្រសួងការបរទេស​ថា​”​គាត់​នឹង​ប្រកាស​បញ្ឈប់​ការគាំទ្រ​របស់​អាម៉េរិក​​សម្រាប់​ប្រតិបត្តិការ​វាយលុក​នៅយេ​ម៉ែន​។ នោះ​គឺជា​ការសន្យា​ដែល​គាត់​បានធ្វើ​នៅក្នុង​យុទ្ធនាការ​បោះឆ្នោត ដែល​គាត់​នឹង​ត្រូវ​អនុវត្ត​”​។​

​ការបញ្ចប់​ការគាំទ្រ​ផ្នែក​យោធា​របស់​អាម៉េរិក​សម្រាប់​កងកម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ាប៊ីសាអូឌីត​ដែល​កំពុ​ង​ប្រយុទ្ធ​នៅក្នុង​ប្រទេស​យេ​ម៉ែន​គឺ​បញ្ច្រាស់​គោលនយោបាយ​របស់​អតីត​ប្រធានាធិបតី​​ដូ​ណា​ល់​ត្រាំ ដែល​ផ្តល់​ជំនួយ​ភស្តុភារ​និង​ការលក់​អាវុធ​ទំនើបៗ​ជាច្រើន​ដូចជា​គ្រាប់បែក​បញ្ជា​គោល​ដី​វាយប្រហារ​ជាដើម​។​

​ដោយ​បង្ហាញ​នូវ​វិធីសាស្ត្រ​ថ្មី​របស់​វ៉ាស៊ីនតោន​ចំពោះ​សង្គ្រាម​ដែលនាំឱ្យ​មាន​វិបត្តិ​មនុស្សធម៌​នោះ រដ្ឋបាលបៃដិ​នក៏​តែងតាំង​ប្រេសិត​នៅយេ​ម៉ែន​ផងដែរ​គឺ​លោក ធី​ម៉ូ​ធី លេន​ឌឺ​ឃី​ង នេះ​យោងតាម​មនុស្ស​​ម្នាក់​ដែល​ដឹង​ច្បាស់​ពី​បញ្ហា​នេះ​។​

​លោក​ស៊ូ​លី​វ៉ាន់​និយាយថា លោកបៃ​ដិ​ននឹង​និយាយ​អំពី​សហរដ្ឋអាម៉េរិក​ដែល​ដើរ​តួនាទី​កាន់តែ​សកម្ម​និង​ចូលរួម​ក្នុង​ការទូត​ដើម្បី​បញ្ចប់​ជម្លោះយេ​ម៉ែន​។​

​ដោយឡែក លោកបៃ​ដិ​នក៏​នឹងផ្អាក​ផែនការ​របស់​លោកត្រាំ​ក្នុង​ការកាត់បន្ថយវ​ត្តមាន​កងទ័ព​អាម៉េរិ​កនៅ​អាល្លឺម៉ង់​ផង​ដែរ​ដែល​វា​ជា​មូលដ្ឋានគ្រឹះ​នៃ​សន្តិសុខ​របស់​អង្គការ​ណា​តូ​ចាប់តាំងពី​សង្គ្រាម​​ត្រជាក់​ចាប់ផ្តើម​។​

​លោក​ស៊ូ​លី​វ៉ាន់​និយាយថា “​ថ្ងៃនេះ (​បៃ​ដិន​) នឹង​ប្រកាស​…​ការ​ពិនិត្យ​ឡើងវិញ​នូវ​ឥរិយាបថ​កម្លាំង​ពិភពលោក​ហើយ​ក្នុងអំឡុងពេល​រង់ចាំ​ការ​ពិនិត្យ​នោះ នឹង​ផ្អាក​ការផ្លាស់ប្តូរ​ទីតាំង​កងទ័ព​ចេញពី​អាល្លឺម៉ង់​”​។​

​ការសម្រេចចិត្ត​របស់​លោក​ត្រាំ​ក្នុងការ​ដកទ័ព​ចេញ​ត្រូវបាន​គេ​មើលឃើញ​ថា​ជាប់ទាក់ទង​ជាមួយ​នឹង​ភាព​តានតឹង​របស់លោក​ជាមួយ​អាល្លឺម៉ង់​និង​សហភាព​អឺរ៉ុប​ជុំវិញ​បញ្ហា​ពាណិជ្ជកម្ម​ប៉ុន្តែ​បាន​ធ្វើឱ្យមាន​ការព្រួយបារម្ភ​ថា​លោក​កំពុង​ធ្វើ​ឱ្យ​សន្តិសុខ​របស់​លោក​ខាងលិច​ចុះខ្សោយ​នៅ​ចំពោះមុខ​ប្រទេស​រុស្ស៊ី​ដែល​កំពុង​ងើបឡើង​ខ្លាំងក្លា​៕

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក​ជេក ស៊ូ​លី​វ៉ាន់