​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ គ្រូ​នាយក​ម្នាក់​នៅ​ប្រទេស​ថៃ​បាន​ដក​កាំភ្លើង​ចេញពី​ចង្កេះ​នៅឯ​ការប្រជុំ​ពេលព្រឹក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ពេល​គាត់​ដោះស្រាយ​អំពី​ការអះអាង​ថា​គាត់​បាន​ដេក​ជាមួយ​សិស្ស​ស្រី​អាយុ ១៥ ឆ្នាំ​។​

​នាយក​សាលា​ឈ្មោះ សា​យ៉ាន ឆា​លី​ផល អាយុ ៦០ ឆ្នាំ​រូប​នេះ​បាន​បង្ក​ការភិតភ័យ​ដល់​ក្មេងៗ​នៅ​សាលា​ថេ​ផា​ក្នុង​ខេត្ត​សុង​ក្លា នាំ​ឱ្យ​ពួកគេ​រត់​ចែក​ជើង​គ្នា​ទាំង​ព្រលឹងចុងសក់ បន្ទាប់ពី​គាត់​ដក​កាំភ្លើង​បង្ហាញ​ដល់​សិស្ស​។​

​សិស្ស​បាន​ឈរ​តម្រង់​ជួរ​ច្រៀង​ចម្រៀង​ជាតិ​និង​បង្ហូតទង់ជាតិ​នៅពេល​គ្រូ​នាយក​ចាប់ផ្តើម​សុំទោស​ចំពោះ​ការចោទប្រកាន់ថា គាត់​បាន​រួមភេទ​ជាមួយ​ក្មេងស្រី​ជំទង់​ម្នាក់​។​

​បន្ទាប់ពី​គាត់​បានប្រកាស​ពី​របៀបវារៈ​របស់​សាលា នាយក​សាលា​រូបនេះ​បាន​ដក​កាំភ្លើង​ចេញ​ហើយ​បង្ហាញ​វា​ដល់​សិស្ស​រាប់រយ​នាក់​ដែល​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​

​វីដេអូ​ពី​ទូរស័ព្ទ​ចល័ត​បង្ហាញ​គ្រូ​នាយក​ដ៏​គួរឱ្យខ្លាច​រូប​នេះ​បង្ហាញ​កាំភ្លើង​បណ្តាលឱ្យ​សិស្ស​ផ្អើល​រត់​ជាន់ជើងគ្នា​។​

​សិស្ស​ម្នាក់​និយាយប្រាប់​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​ថា “​លោកនាយក​និយាយ​អំពី​ថវិកា​និង​ព័ត៌មាន​លម្អិត​អំពី​ហិរញ្ញវត្ថុ រំពេច​នោះ​គាត់​ក៏​និយាយ​សុំទោស សូម​អត់ឱន​ទោស​ឱ្យ​គាត់​”​។​

​ក្រោយមក គ្រូ​នាយក​បាន​ដាក់​ក្បាល​ម៉ៃក្រូ​ហ្វូន​ចុះ ដោះអាវ​ធំ​របស់​គាត់​ចេញ ហើយ​ដក​កាំភ្លើង​ចេញពី​ចង្កេះ​។​

​សិស្ស​ដែល​ភ័យខ្លាច​បាន​នាំ​គ្នា​ស្រែក​ហើយ​រត់​ចែក​ជើង​គ្នា​យក​ប្រាស់​អាយុ​តែម្តង​។

​គ្រូៗ​បាន​នាំ​លោកនាយក​ចូល​បន្ទប់​មួយ​ដើម្បី​ឱ្យ​គាត់​បន្ធូរ​ភាព​តានតឹង​។ ក្រោយមក​សាលា​បានប្រកាស​ឈប់​មួយថ្ងៃ ហើយ​ឱ្យ​ឪពុក​ម្តាយ​នាំ​កូន​ទៅ​ផ្ទះ​វិញ​។​

​ប៉ូលិស​និយាយថា នាយក​សាលា​រូបនេះ​មានអីៗ​ជាមួយ​សិស្សស្រី​នោះ​ទាំងពី​ឆ្នាំមុន​។ ឪពុក​ម្តាយ​កូនស្រី​នោះ​ដឹង​អំពី​រឿងនេះ ហើយ​ដាក់​សម្ពាធ​ឱ្យ​គ្រូ​នាយក​ឈប់​ទាក់ទង​កូនស្រី​គាត់​ទៀត​។​

​ពុំ​មាន​ចំណាត់ការ​អ្វី​លើ​គ្រូ​នាយក​រូបនេះ​ទេ ក្រោយ​មាន​ហេតុការណ៍​ទាំងពីរ​នេះ​៕

នាយក​សាលា​ឈ្មោះ សា​យ៉ាន ឆា​លី​ផល ដក​កាំភ្លើង​បណ្តាល​ឱ្យ​សិស្ស​ភ័យ​រត់​ចែក​ជើង​គ្នា​កាលពី​ថ្ងៃ​ព្រហស្បតិ៍