ដោយ: មេសា / ភ្នំពេញ: លោក ស៊ឹម សុធន នាយកមូលនិធិជនពិការ បានលើកឡើងអំពីសារសំខាន់ នៃ ឧបករណ៍គណនាថ្លៃដើម នៃសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ថា “ឧបករណ៍គណនាថ្លៃដើមសម្រាប់សេវាស្តារលទ្ធភាពពលកម្ម ជាឧបករណ៍សំខាន់មួយ ព្រោះបច្ចុប្បន្នប្រទេសកម្ពុជាកំពុងមានការរីកចំរើនផ្នែកសេដ្ឋកិច្ច ដូចនេះការផ្តល់សេវាលទ្ធភាពពលកម្មនឹងត្រូវមានការបង់ថ្លៃ ដើម្បី ទ្រទ្រង់ដំណើរការសកម្មភាពរបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ចំពោះជនពិការដែលមានលទ្ធភាព និង ជីវភាពសមរម្យ។ ចំពោះជនពិការក្រីក្រ ដែលមានប័ណ្ណសមធម៌ ឬឯកសារបញ្ជាក់ភាពក្រីក្រ នឹងទទួលបានសេវាស្តារលទ្ធភាពពលកម្មដោយឥតគិតថ្លៃ“។
លោក ស៊ឹម សុធន ថ្លែងយ៉ាងដូច្នេះ នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីឧបករណ៍គណនាថ្លៃដើម នៃ សេវាស្តារលទ្ធភាពពលកម្មកាយសម្បទា នាថ្ងៃនេះទី ៥ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ នៅឯសណ្ឋាគារ សាន់វ៉េ ក្នុងរាជធានី ភ្នំពេញ ចូលរួមដោយ តំណាងស្ថាប័នដែលធ្វើការលើវិស័យស្តារលទ្ធភាពពលកម្មថ្នាក់ជាតិ និង អន្តរជាតិ ដូចជាតំណាងអង្គការ ICRC អង្គការ EXCEED អង្កការ VIC អង្គការ HI កម្មវិធី ACCESS និង តំណងមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាចំនួនទាំង១១។
សិក្ខាសាលានេះ មានគោលបំណងប្រមូលធាតុចូលបន្ថែម ដើម្បី ឯកភាពគ្នាលើការបង្កើតទម្រង់ និងឧបករណ៍គណនាថ្លៃដើម ឱ្យទៅជាជាស្តង់ដាររួមសម្រាប់មណ្ឌលស្តារលទ្ធភាពពលកម្មទាំងអស់ និង ចែករំលែកបទពិសោធន៍ នៃ ការប្រើប្រាស់ឧបករណ៍គណនាថ្លៃដើម ដែលកំពុងអនុវត្តដោយមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្ត កំពង់ចាម។
លោក ស៊ឹម សុធន នាយកមូលនិធិជនពិការ បានមានប្រសាសន៍ថា ដោយឡែក កាលពីឆ្នាំ ២០២០ កន្លងទៅ ដោយសារបញ្ហាជាសកល នៃ ជំងឺកូវីដ១៩ មូលនិធិជនពិការ តាមរយៈមជ្ឈមណ្ឌលមណ្ឌលស្តារទាំង ១១ កន្លែង បានផ្តល់សេវាជូនជនពិការចំនួន ១៦ ៦០១ នាក់ ស្មើប្រមាណនឹង ៦០ ភាគរយ ធៀបនឹងផែនការ។ មូលនិធិជនពិការក៏បានសាងសង់ផ្ទះជូនជនពិការក្រីក្រចំនួន ៩ ខ្នងផ្ទះ បានផ្តល់ជាកញ្ចប់អំណោយសប្បុរសធម៌ដល់ជនពិការចំនួន ៣៦៨ គ្រួសារ និង បានបើកផ្តល់ប្រាក់របបគោលនយោបាយពិនិត្យថែទាំសុខភាពជូនជនពិការក្រីក្រចំនួន ១ ៦៥៥នាក់៕