​ប្រែ​សម្រួលៈ​វាសនា​/​ហ្សា​ការតា​៖ មេដឹកនាំ​ឥណ្ឌូនេស៊ី​និង​ម៉ាឡេស៊ី កាលពី​ថ្ងៃ​សុក្រ​ទី​០៥​កុម្ភៈ​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​រដ្ឋប្រហារ​យោធា​នៅ​មី​យ៉ាន់​ម៉ា​និង​បាន​ប្រាប់​ទៅ​រដ្ឋមន្ត្រី​ការបរទេស​របស់​​គេ​អោយ​នាំ​បញ្ហា​នេះ​ទៅ​កាន់​ប្រធាន​អាស៊ាន សំរាប់​បើក​កិច្ចប្រជុំ​ពិសេស​មួយ​របស់​រដ្ឋមន្ត្រី​ការបរទេស​របស់​ប្លុក​នេះ​ដើម្បី​ពិភាក្សា​សភាពការណ៍​នេះ​អោយ​ស៊ី​ជំរៅ​។​

​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មូ​យីត​ឌីន យ៉ាស​ស៊ីន បាន​ទៅ​ជួប​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក​ចូកូ វី​ដូ​ដូ នៅ​វិមាន​ប្រធានាធិបតី នៅ​ក្រុង​ហ្សា​ការតា​កាលពី​ថ្ងៃ​សុក្រ​តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​​ឥណ្ឌូនេស៊ី​។​វា​ជា​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​លើកដំបូង​របស់​លោក មូ​យីត​ឌីន​ចាប់តាំងពី​លោកឡើងកា​ន់​តំណែង​កាលពី​ខែ​មីនា​ឆ្នាំ​មុន​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​សារព័ត៌មាន​រួមគ្នា​មួយ លោក​ចូកូ បាន​និយាយថា​« យើង​សង្ឃឹមថា​ការខ្វែងគំនិត​គ្នា​ខាង​នយោបាយ​អាច​ត្រូវបាន​ដោះស្រាយ​ស្របតាម​ច្បាប់​ដែលមាន​។​ដើម្បី​បង្ហាញ​ទស្សនៈ​​សហគមន៍​អាស៊ាន សំខាន់​ណាស់​ដែល​យើង​ទាំងអស់​គ្នា​បន្ត​គោរព​គោលការណ៍​ធម្មនុញ្ញ​អាស៊ាន ជា​ពិសេស​គោលការណ៍​នីតិរដ្ឋ អភិបាលកិច្ច​ល្អ លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ព្រមទាំង​អភិបាលកិច្ច​​ស្រប​តាម​រដ្ឋធម្មនុញ្ញ​»​។​

​ចំណែក​លោកមូ​យីត​ឌីន​បាន​និយាយថា «​ក៏​ដូច​ឥណ្ឌូនេស៊ី​ដែរ ម៉ាឡេស៊ី​ក៏​អោយ​សារសំខាន់​ខ្លាំង​លើ​សភាពការណ៍​នយោបាយ​នៅ​មី​យ៉ាន់​ម៉ា ដែល​បានដើ​រដ​យ​ក្រោយ​នៅក្នុង​ដំណើរការប្រ​ជា​ធិបតេយ្យ​​របស់​ប្រទេស​។​មាន​ការបារម្ភ​ខ្លាចក្រែង​ចលាចល​នយោបាយ​នៅ​មី​យ៉ាន់​ម៉ា​អាច​ប៉ះពាល់​សន្តិភាព​និង​ស្ថិរភាព​នៅក្នុង​តំបន់​»​។​

​លោក មូ​យីត​ឌីន បាន​ទៅ​ដល់​រដ្ឋធានី​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រោម​ពី​ធី​ការពិនិត្យ​សុខភាព​ប្រឆាំង​កូវី​ដ​១៩​យ៉ាង​តឹងរឹង និង​ត្រូវបាន​ស្វាគមន៍​ជាមួយនឹង​ការបាញ់​កាំភ្លើង​គំនាប់​១៩​គ្រាប់​នៅ​​វិមាន​ប្រធានាធិបតី​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​។​លោក​ត្រូវបាន​អមដំណើរ​ដោយ​គណៈប្រតិភូ​នៃ​មន្ត្រីជាន់ខ្ពស់​តូច​មួយ ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការបរទេស ហ៊ី​សាម​មុត​ឌី​ន ហ៊ូ​ស​សេន​។​

​ក្នុងជំនួប​ទល់​មុខតែ​២​នាក់​របស់​ពួកលោក លោកមូ​យីត​ឌីន​និង​ប្រធានាធិបតី ចូកូ បាន​ពិភាក្សា​បញ្ហា​មួយចំនួនធំ រួម​មាន​សមុទ្រ​ចិន​ខាងត្បូង និង​យុទ្ធនាការ​ប្រឆាំង​ដូងប្រេង​នៅ​សហភាព​អឺរ៉ុប​​អូស្ត្រាលី​និង​អូ​សេ​អា​នី​។​ពួក​លោក​ក៏​បាន​ពិភាក្សា​អំពី​ការបង្កើត​របៀង​ធ្វើដំណើរ​មួយ​សំរាប់​អ្នកដំណើរ​ធុរកិច្ច​និង​មន្ត្រី ព្រមទាំង​កិច្ចសហការ​សេដ្ឋកិច្ច​នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ឆ្លងកូវី​ដ​១៩​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​បាន​ជួប​ពិភាក្សា​គ្នា រក​វិធី​ដែល​ប្រទេស​ទាំង​ពីរ​ធ្វើការ​រួមគ្នា​ដើម្បី​ជម្នះ​ការ​ប្រឈម​បង្កឡើង​ពី​ជំងឺឆ្លង​និង​បញ្ហា​ព្រួយបារម្ភ​ទៅវិញទៅមក​។​ក្រសួងការបរទេស​​ឥណ្ឌូនេស៊ី​បាន​និយាយថា «​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​ម៉ាឡេស៊ី នឹង​កាន់តែ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ជិតខាង​គ្នា​ទាំង​ពីរ ។​ម៉ាឡេស៊ី​ជា​ដៃគូ​សំខាន់បំផុត​មួយ​សំរាប់​ពាណិជ្ជកម្ម ការ​វិនិ​​យោគ ទេសចរណ៍ និង​សង្គម​-​វប្បធម៌​»​។​

​ម៉ាឡេស៊ី ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​៥​របស់​ឥណ្ឌូនេស៊ី ជាមួយនឹង​តំលៃ​ពាណិជ្ជកម្ម​១៦,៥​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៩ និង​ជា​អ្នកវិនិយោគ​ធំ​បំផុត​ទី​៦​ជាមួយនឹង​ទឹកប្រាក់​១,៣៥​ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​​ដូចគ្នា​៕

​ប្រធានាធិបតី​ឥណ្ឌូនេស៊ី(ស្តាំ) ជួបពិភាក្សា​ជាមួយ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ផ្ទាល់​កាលពី​ថ្ងៃ​សុក្រ​នៅ​ក្រុង​ហ្សា​ការតា​ដើម្បី​ពិ​ភក្សា​ស្ថានការណ៍​នៅ​មី​យ៉ាន់​ម៉ា​