ដោយ: យោធិន / កំពង់ចាម: ក្រុមជំនាញរុករកកាកសំណល់សង្គ្រាមនិងគ្រឿងយុទ្ធភ័ណ្ឌនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព រួមនឹងស្ថាប័នពាក់ព័ន្ធបានបើកប្រតិបត្តិការរុករកគ្រឿងយុទ្ឌភ័ណ្ឌ ក្នុងខ្មោចនាវាលិចមួយគ្រឿងរបស់កងទ័ពសាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខ លន់ នល់ ដែលត្រូវបាញ់បន្លិចដោយកងទ័ពកម្ពុជាប្រជាធិតេយ្យ នាសម័យកាលសង្គ្រាមត្រជាក់ក្នុងទសវត្សទី៧០ នៅតាមដងទន្លេមេគង្គត្រង់តំបន់ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញចុះសាកសួរសុខទុក្ខ និងពិនិត្យសកម្មភាពរុករករវស់ កងកម្លាំងបោសសម្អាតកាកសំណល់សង្គ្រាមនិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាចម្បាំងលិចក្នុងទន្លេមេគង្គ តាំងពីឆ្នាំ១៩៧២ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាមខាងលើនេះដោយបានថ្លែងបញ្ជាក៎ថាៈក្នុងប្រតិបត្តិការនេះ គ្រាប់មិនទាន់ផ្ទុះជាង៨តោនដែលកងកម្លាំងជំនាញបានរុករកឃើញនោះគឺជាប្រភេទគ្រាប់AK47, គ្រាប់ត្បាល់៦០មីល្លីម៉ែត្រ, គ្រាប់ត្បាល់៨១មីល្លីម៉ែត្រ, គ្រាប់កាំភ្លើងយន្ត១២,៧មីល្លីម៉ែត្រ សរុបជាង៥០០កេសធំតូច បានស្រង់ពីនាវា ចម្បាំងបានលិចក្នុងសម័យសង្គ្រាមនាឆ្នាំ១៩៧២ នៅបាតទន្លេមេគង្គ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
សូមបញ្ជាក់ថាៈក្នុងដំណើរចុះពិនិត្យសកម្មភាពការងាររុករកស្រង់គ្រាប់មិនទាន់ផ្ទុះ ពីបាតទន្លេមេគង្គនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានលើកឡើងថា រហូតមកដល់ពេលនេះ កម្លាំងជំនាញកំពុងសម្រុកកាន់តែខ្លាំង ដើម្បីស្រង់គ្រាប់ចេញពីបាតទន្លេ ដែលកប់ក្នុងនាវាជាច្រើនតោនទៀត។
នាយឧត្តមសេនីយ៍អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានបន្តថាៈ បើតាមគ្រោងការណ៍សកម្មភាពរុករកគ្រឿងសម្ភារៈសឹកក្នុងខ្មោចនាវាខាងលើនេះនឹងបញ្ចប់នៅខែឧសភា ឆ្នាំ២០២១ សំដៅឲ្យទាន់មុនរដូវវស្សាមកដល់។ ប៉ុន្តែ ស្ថានភាពជាក់ស្តែងក្រុមការងារជំនាញពិបាកសន្និដ្ឋាន ព្រោះទំហំនាវានេះ មានទំហំធំ មិនអាចប៉ាន់ប្រមាណបរិមាណទម្ងន់គ្រាប់សរុបនៅក្នុងនាវានោះទេ។
ក្រុមការងារប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្រោមផ្ទៃទឹកបានឱ្យដឹងថា ជុំវិញទីតាំងនាវាលិចនេះ មានវិសាលភាពផ្ទៃទំហំ១.០០០ម៉ែត្រ គុណ១.៥០០ម៉ែត្រ នៅតាមបណ្តោយទន្លេប្រមាណ១៥០ហិកតា៕