រថយន្ត​ធុន​ធំ​ឈប់​ស្ងៀម ត្រូវ​ម៉ូតូ​ជិះ​មក​បុក​ពីក្រោយ បណ្ដាល​ស្លាប់​ម្នាក់ នៅ​ស្រុក​ពួក​

1383
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​កើតឡើង​រវាងរ​ថ​យន្ត​ធុន​ធំ​ម៉ាក MITSUBISHI ដែល​ឈប់​ស្ងៀម​នៅតាម​ផ្លូវ និង​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ដែល​បើកបរ​ស្រប​ទិស​គ្នា​ពី​ទិស​លិចទៅ​ទិស​កើត បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ក្រោយពី​កើតហេតុ​តៃកុង​រថយន្ត​ធុន​ធំ​ម៉ាក MITSUBISHI បាន​ចុះ​រត់​គេចខ្លួនបាត់ បន្សល់ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២០​និង​០៥​នាទី ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ស្ទឹង​ព្រះ​ស្រុក ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ពួក បាន​និយាយថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ធុន​ធំ​ម៉ាក MITSUBISHI គ្មាន​ស្លាក​លេខ បាន​បើកបរ​ពី​ទិស​លិចទៅ​ទិស​កើត លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​ខាងលើ​បាន​ឈប់ ដោយ​ពុំមាន​ភ្លើង​ស៊ីញ៉ូ ឬ​សញ្ញា​អ្វី​សំគាល់​នោះទេ​។ សមត្ថកិច្ច​បាន​បន្តថា ចំណែក​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១១ ពាក់​ស្លាក​លេខ ប​.​ជ 1E 6331 បាន​បើកបរ​ស្រប​ទិស​ជាមួយ​រថយន្ត​។ លុះ​មកដល់​ចំណុចកើតហេតុ ស្មានតែ​ខាងមុខ​គ្មាន​ឧបសគ្គ​អ្វី ស្រាប់តែ​បុក​ជាមួយ​រថយន្ត MITSUBISHI នោះ​ពីក្រោយ​យ៉ាង​ពេញទំហឹង​តែម្តង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​នោះ បាន​ស្លាប់​ភ្លាមៗ​តែម្តង​នៅ​កន្លែងកើតហេតុ​។​

​ជនរងគ្រោះ​ដែល​ស្លាប់ គឺមាន​ឈ្មោះ ទី ឌុន ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ប្រ​ហូត ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ឲ្យ​ទៅ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​វត្ថុតាង​មាន​រថយន្ត​និង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម