អាហារូបករណ៍​ទេពកោសល្យ ឌីជីថល​តេ​ជោ ទាក់ទាញ​យុវជន​ជិត​បួន​ពាន់​នាក់មក​ដាក់ពាក្យ​សិក្សា​

ដោយ​: ពៅ​និមល / ភ្នំពេញ​: គិត​ត្រឹម​ថ្ងៃទី​៥ ខែ​កុ​ម្ភះ ឆ្នាំ​២០២១​នេះ បន្ទាប់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​ផ្តល់​អាហារូបករណ៍​ទេពកោសល្យ ឌីជីថល​តេ​ជោ បាន​ទាក់ទាញ​បេក្ខជន​មក​ធ្វើការ​ដាក់ពាក្យ​សរុប​ប្រមាណ​ជិត ៤​ពាន់​នាក់ ភាគច្រើន​ជា​យុវជន​។​

​សូមបញ្ជាក់ថា អាហារូបករណ៍​ទេពកោសល្យ ឌីជីថល​តេ​ជោ (Techo Digital Talent Scholarship) ប្រកាស​ផ្តល់ជូន​ចំនួន ១០០​កន្លែង ដែលមាន​តម្លៃ​១៧.០០០​ដុល្លារ ក្នុង​និស្សិត​ម្នាក់​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល នៅ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា (​អតីត​វិទ្យាស្ថាន​ជាតិ NIPTICT) ដែលជា​គ្រឹះស្ថាន​អប់រំ​ស្រាវជ្រាវ​រដ្ឋ​ឈានមុខ​គេ ក្នុងការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល​នៅ​កម្ពុជា លើ​ជំនាញ​បរិញ្ញាបត្រ​ទូរគមនាគមន៍​និង​បណ្ដាញ​, វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​។​

​លោក ជា វ៉ាន​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​មានប្រសាសន៍ថា នេះ​ជា​លើក​ទី​១​ហើយ ដែល​គ្រឹះស្ថាន​អប់រំ​ស្រាវជ្រាវ​សាធារណៈ​បាន​ផ្តល់នូវ​អាហារូបករណ៍​ដ៏​ពិសេស​នេះ ក្នុង​បំណង​លើកស្ទួយ​ធនធានមនុស្ស​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឌីជីថល ក្រោម​ការគិតគូរ​យក​ចិត្ត​ទុកដាក់​របស់​ប្រមុខ​រដ្ឋាភិបាល ដើម្បី​លើកទឹកចិត្ត​ដល់​យុវជន​ឆ្នើម ឲ្យ​សិក្សា​ជំនាញ​នេះ ហើយ​ក្លាយខ្លួនជា​អ្នកដឹកនាំ​លើ​វិស័យនេះ​នាពេល​អនាគត ខណៈដែល​កម្ពុជា​កំពុង​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល និង​បដិវត្តន៍​ឧស្សាហកម្ម​៤​។ ក្នុងឱកាស​នេះ លោក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដែរ ទៅដល់​សិស្សានុសិស្ស​ដែល​ទើប​បញ្ចប់​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ដែលមាន​បំណង​សិក្សា​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល​នេះ អាច​ទាក់​ទាង​និង​រួសរាន់​ឡើង ព្រោះថា​ជំនាញ​នេះ មាន​តម្រូវការ​ខ្ពស់​ក្នុង​ទីផ្សារការងារ និង​ទទួលបាន​ប្រាក់ខែ​ខ្ពស់​ផងដែរ ខណៈដែល​នៅ​បណ្តា​ក្រុមហ៊ុន​ស្ថាប័ន​ទាំងអស់ មិន​ថា​ស្ថាប័នរដ្ឋ ឯកជន​ទេ សុទ្ធតែ​ត្រូវការ​បុគ្គលិក​ដែលជា​អ្នកជំនាញ​មុខវិជ្ជា​នេះ ដូចជា អ្នក​ស​សេរ​កម្មវិធី​កុំ​ព្យូ​រ​ទ័​រ កម្មវិធី​ទូរស័ព្ទដៃ អ្នកគ្រប់គ្រង​បណ្តាញ​កុំ​ព្យូ​រ​ទ័​រ អ្នកជំនាញ អាយ​ធី​(IT) និង​អ្នកជំនាញ​វិទ្យាសាស្ត្រ ទិន្នន័យ​(Data Science) ជាដើម​។​

​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ជា​ស្ថាប័ន​ឧ​ត្ត​ម​សិក្សា​មួយ​ដែលមាន​កម្មវិធីសិក្សា និង​វិធីសាស្ត្រ​បង្រៀន​យ៉ាង​សម្បូរបែប ដោយមាន​បញ្ចូល​ជំនាញ​បច្ចេកទេស​, ជំនាញ​ទុន​, សហគ្រិនភាព​, ភាពជា​អ្នកដឹកនាំ និង​ថែមទាំង​មាន​ដាក់បញ្ចូល​នូវ​កម្មសិក្សា​ចំនួន​២​ដង នៅ​ក្រុមហ៊ុន ដើម្បីឱ្យ​និស្សិត​ចាប់បាន​នូវ​ចំណេះដឹង ចំណេះធ្វើ និង​ជំនាញ​យ៉ាងពិត​ប្រាកដ​។
​សម្រាប់​អាហារូបករណ៍​ទេពកោសល្យ​ខាងលើ នឹង​បិទ​ទទួល​ពាក្យ​ត្រឹម​ថ្ងៃទី​១៤ ខែកុម្ភៈ​ខាងមុខនេះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular