ដោយ: ប.ជ័យ / បន្ទាយមានជ័យ: ក្រុមក្មេងស្ទាវទំនើង៤នាក់ ដែលថាអត់ការងារធ្វើក្នុងអំឡុងការរីករាលដាលជម្ងឺកូវីដ១៩ ហើយដើរធ្វើសកម្មភាពអុកឡុក កាប់បំផ្លាញនៅក្នុងក្រុងប៉ោយប៉ែតដែលបង្កអោយប្រជាពលរដ្ឋមានការភ័យខ្លាច ធុញទ្រាននោះ ឥឡូវនេះត្រូវបានសមត្ថកិច្ចចេញបង្ក្រាបហើយ។ គឺបង្ក្រាបម៉ោង ២ រសៀលថ្ងៃ៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានឲ្យកម្លាំងជំនាញចុះបង្ក្រាបក្មេងទំនើងទាំងអស់នេះ ដោយបានចុះសហការជាមួយប្រជាពលរដ្ឋ និងកម្លាំងជំនាញព្រហ្មទណ្ឌកំណត់មុខសញ្ញា និងធ្វើការឃាត់ក្មេងទំនើងទាំង ៤នាក់នេះ បានជាបន្តបន្ទាប់។ គឺឃាត់ខ្លួនខណៈក្មេងៗទាំងនោះ បានធ្វើសកម្មភាពកាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងដើរអុកឡុកតាមទំនើងក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត។
លោក សៅ សារឿន បានបន្តទៀតថា ជនសង្ស័យទាំង៤នាក់ មាន ទី១/ឈ្មោះ សេង ណាឃីម ភេទប្រុស អាយុ ១៥ឆ្នាំ។ ទី២/ឈ្មោះ ឃី សំឡី ហៅ ខ្លី ភេទប្រុស អាយុ ១៦ឆ្នាំ។ ទី៣/ឈ្មោះ សេង សម្បត្តិ ភេទប្រុស អាយុ ១៦ឆ្នាំ និងទី៤/ឈ្មោះ វង់ ភ័ក្ត្រា ហៅ ប៉ាប៉ាត្រា ភេទប្រុស។ ជនសង្ស័យទាំង៤នាក់ រស់នៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
យោងពលរដ្ឋនិងសមត្ថកិច្ចថា ក្មេងទំនើងទាំង៤នាក់នេះ តែងតែបង្ករឿងនិងធ្វើសកម្មភាពកាប់គ្នា កាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃជាញឹកញាប់ ហើយគ្មានជម្លោះអ្វីធំដុំកំភួនក៏ដោយ ដូចជាគ្រាន់តែ មើលមុខ ក៏ពួកគេ វាយកាប់ ឬបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដែរ។
សង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ក្រុមរបស់ខ្លួនទទួលខុសត្រូវលើបទប្រព្រឹត្តនោះ នោះមកពីពួកគេ គ្មានការងារធ្វើក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩។
ជនសង្ស័យត្រូវបានបញ្ជូនពីក្រុងមកការិយាល័យជំនាញព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន រៀបចំឯកសារសំណុំរឿងបញ្ជូនបន្តទៅតុលាការនៅថ្ងៃទី៦ខែមករា៕