ដោយៈ ប.ខុន / ភ្នំពេញៈ ប្រទេសកម្ពុជា នៅបន្តទទួលរងឥទ្ធិពល ដំណើរខ្យល់បក់ឡើងចុះ ( Breeze) ដែលអាចនឹងបង្កឱ្យមាន ភ្លៀងធ្លាក់ ពីតិចទៅមធ្យម នៅតំបន់មួយចំនួន ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកុម្ភៈ ដោយភ្លៀង ចាប់ផ្តើមចេញដំណើរ ពីខេត្តព្រះសីហនុ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ថាៈ ប្រទេសកម្ពុជា ពេលនេះ នៅតែបន្តទទួលរងឥទ្ធិពល ពីបាតុភូតខ្យល់ប្រ៊ីស ( Breeze ) គឺដំណើវិល ចុះឡើង របស់ខ្យល់ ដោយនៅពេលថ្ងៃ ទទួលឥទ្ធិពល ខ្យល់បក់ ពីឈូងសមុទ្រថៃ តែនៅពេលយប់ ទទួលឥទ្ធិពល ពីខ្យល់មូសុងឦសានវិញ( Breeze) បាតុភូតនេះវា នឹងធ្វើឱ្យមានភ្លៀងធ្លាក់ នៅលើខេត្តខ្លះ។
អ្នកនាំពាក្យក្រសួងជំនាញខាងលើ បានបញ្ជាក់ថាៈ ភ្លៀង នឹងផ្តើមមានធ្លាក់ ដោយចេញ ដំណើរ ពីខេត្តព្រះសីហនុ នៅថ្ងៃទី៧ ខែកុម្ភៈ រួចរាលដាល តាមតំបន់ឆ្នេរ ទៅកោះកុង ឡើងទៅវាលវែង និងភាគពាយព្យ នៃប្រទេសកម្ពុជា មានកម្រិត ពីតិចទៅមធ្យម តែចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកុម្ភៈ ទៅ ទើបច្រើន។
លោក ចាន់ យុត្ថា បាននិយាយឱ្យដឹងថាៈ នៅតំបន់ខ្ពង់រាប ភាគខាងកើត ជាប់ព្រំប្រទល់ វៀតណាម ដូចជា ខេត្តមណ្ឌលគិរី ក្រចេះ ក៏មានភ្លៀងដែរ។ ចំពោះ រាជធានីភ្នំពេញ បើមាន ក៏មិនច្រើនដែរ នៅថ្ងៃទី៩ ខែកុម្ភៈ។
ក្រសួងធនធានទឹក និងឧតុនិយម កាលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានជូនជូនដំណឹង ស្តីពីការព្យាករ អាកាសធាតុ សម្រាប់ពីថ្ងៃទី៣ ដល់ ៧ ខែកុម្ភៈ ឆ្នាំ ២០២១ថា ព្រះរាជា ណាចក្រកម្ពុជា បន្តទទួលរងឥទ្ធិពល ខ្យល់មូសុងឦសាន ក្នុងកម្រិតពីមធ្យមទៅខ្លាំង និងនៅអំឡុង ថ្ងៃទី៨ ឬ ៩ ខែកុម្ភៈ ឆ្នាំ២០២១ ទទួល ឥទ្ធិពលពីកម្រិត សម្ពាធទាប ខ្សោយ និងឥទ្ធិពលខ្យល់ប្រ៊ីស( BREEZE) បក់មកពីឈូងសមុទ្រថៃ។
ក្នុងសេចក្តីជូនដំណឹង បានបញ្ជាក់ថាៈ ស្ថានភាពបែបខាងលើនេះ ធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា ពី ១៩-២០ អង្សា សេ សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ អង្សាសេ នៅថ្ងៃទី៨ ឬ ៩ ខែកុម្ភៈ សីតុណ្ហភាព អប្បបរមា មានពី ២២-២៥ អង្សាសេ និងសីតុណ្ហភាពអតិបរមា មាន ពី ២៨-៣១ អង្សាសេ មានភ្លៀងពីខ្សោយទៅមធ្យម នៅលើខេត្តតាកែវ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តពោធិសាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ។ នៅបណ្តាខេត្តជាប់ជួរភ្នំដងរែក និង ខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្ប បរមាពី១៦-១៩ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤អង្សាសេ។ នៅ ថ្ងៃទី៨-៩ខែកុម្ភៈសីតុណ្ហភាពអប្បបរមា មានពី ២០-២៣ អង្សាសេ និងសីតុណ្ហភាព អតិបរមា មានពី ២៨-៣១ អង្សាសេ មានភ្លៀងខ្សោយ នៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ។
សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា ពី ២០-២៣ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ២៨-៣១អង្សាសេ ។ នៅថ្ងៃទី៨ ឬ ៩ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមា មានពី ២១-២៤ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៧-៣០ អង្សាសេ មានភ្លៀងពីខ្សោយ ទៅមធ្យម នៅខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប៕/V-PC