ដោយៈគ្រញូង/បាត់ដំបងៈប្រជាពលរដ្ឋចំនួនជិត៣០០គ្រួសាដែលរងគ្រោះដោយទឹកជំនន់កន្លងមក នៅព្រឹកថ្ងៃទី០៤ខែកុម្ភៈឆ្នាំ២០២១ នេះ បានទទួលអំណោយ ពីអង្គការខេមបូឌាវើហ្ស៊ិននិងតំណាងសប្បុរសជនខ្មែរនៅទីក្រុងស៊ីដនី សមាគមខ្មែររស់នៅប្រទេសអូស្ត្រាលី និងតំណាងក្រុមហ៊ុនជីហ្គៀគ្រុប ក្រោមអធិបតីភាពលោកសឿម ប៊ុនរិទ្ធិអភិបាលរងខេត្តតំណាងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង។
អំណោយដែលនាំយកមកចែកនេះ រួមមាន: អង្ករ២០គីឡូក្រាម ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, អំបិល ស្ករស និងប៊ីចេងមួយចំនួន។ ក្នុងចំណោមអំណោយ ដែលត្រូវចែកជូននៅថ្ងៃនេះ គឺជាអំណោយដែលក្រុមការងាររបស់ខ្លួនបានរៀបចំចែកក្នុងស្រុកគោលដៅទាំង៩របស់ខេត្តបាត់ដំបង ដែលមានចំនួន២.៧០០គ្រួសារ។
នៅក្នុងឱកាសចែកអំណោយនេះលោកសឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបងបានថ្លែងអំណរគុណ ចំពោះអង្គការខេបូឌា វើហ្ស៊ិន រួមជាមួយនិងបងប្អូនសមាគមន៍ខ្មែរនានា ដែលកំពុងរស់ នៅទីក្រុងស៊ីដនី នៃប្រទេសអូរស្ត្រាលី និងនៅក្នុងប្រទេសកម្ពុជាដែលបានខិតខំនិងលះបង់នូវពេលវេលានិងថវិកាធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌ ចែករំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋយើងនៅពេលនេះ៕