​អតីត​ប្រធានសភា​ពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ ទទួលមរណភាព​

​ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ អតីត​ប្រធានសភា​ពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ និង​ជា​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន លី អ៊ុត​នី អាហរ័ណ នីហរ័ណ គឺ​លោក​ឧកញ៉ា លី អ៊ុត​នី បានទទួល​មរណភាព ក្នុង​ជន្មាយុ ៦១ ឆ្នាំ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​មន្ទីរ​រ៉ូយ៉ាល់ រាជធានី​ភ្នំពេញ នៅ​បន្ទាប់ពី​លោក តស៊ូ​នឹង​ការធ្វើ​ទុក្ខ​ខ្លាំង នៃ​ជំងឺ​ក្រលៀន លើសឈាម និង​ដា​ច់ស​សៃ​ឈាម​ក្នុង​ខួរក្បាល ក្នុង​រយៈពេល​ខ្លី ។​

​សព​លោក​ឧកញ៉ា បាន​ត្រូវ​តម្កល់​ធ្វើបុណ្យ​ឈាបនកិច្ច ពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិតនៅ​គេហដ្ឋាន ផ្លូវ​លេខ​៣ ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។​

​ញាតិមិត្ត ឥស្សរជន មន្ត្រីរាជការ កងកម្លាំង ធុរជន អ្នកវិនិយោគ ពាណិជ្ជករ យ៉ាងច្រើន​កុះករ បាន​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ចូលរួម​បុណ្យសព និង​ជូន​ដំណើរ​សព ។ ក្នុងនោះ​មាន​លោក​ឧ​ត្ត​ម​សេនីយ៍ ឡាយ គឹម​លី នាយខុទ្ទកាល័យ និង​ជា​តំណាង​របស់លោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ ចុះជួយ​ខេត្តបន្ទាយមានជ័យ , តំណាង​សភាពាណិជ្ជកម្ម​កម្ពុជា​, សភា​ពពា​ណិ​ជ្ចក​ម្ម ខេត្តបាត់ដំបង , សារ​នៃ​សភាពាណិជ្ជកម្ម​ថៃ និង​ខេត្ត​នានា ។​

​នៅ​រសៀល​ថ្ងៃទី​៤ ខែកុម្ភៈ ថ្នាក់ដឹកនាំ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត , សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព ។​

​នៅ​ព្រឹក​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១ លោក អោម ចន្ថា អភិបាលរង​ខេត្ត តំណាង​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ លោក អ៊ុក សឿន សមាជិក ក្រុមប្រឹក្សា​ខេត្ត តំណាង​លោក ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ អមដំណើ​ដោយ​លោក សេក សុខុម ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន មន្ទីរ​ព័ត៌មាន​ខេត្ត និង​គណៈប្រតិភូ ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ចូលរួម ពិធី​គោរព​វិញ្ញាណក្ខន្ធ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​នៃ​សព​។​

​លោក អោម ចន្ថា បាន​ចាត់​ទុក្ខ​មរណភាព​របស់លោក ឧកញ៉ា​លី អ៊ុត​នី ថា​ជាការ​បាត់បង់ នូវ​អ្នកវិនិយោគ ធុរជន សប្បុរសជន ស្វាមី ឪពុក និង​ជីតា ជាទីគោរព​ស្រឡាញ់ ប្រកបដោយ​ព្រហ្ម​វិហារធម៌ មួយរូប ចំពោះ​ក្រុមគ្រួសារ ដែល​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា និង​អប់រំ​ទូន្មាន​កូនចៅ ប្រកបដោយ​គន្លង​ធម៌ និង ជា​បុគ្គល​សំខាន់​មួយរូប ដែល​ពោរពេញ​ទៅដោយ​ឆន្ទៈ មនសិការ ចូលរួមចំណែក យ៉ាងសកម្ម ក្នុង​បុព្វហេតុ​កសាង ស្តារ និង​អភិវឌ្ឍន៍​សង្គម នាំមក​នូវ​សុខសន្តិភាព ជូន​ប្រជាពលរដ្ឋ និង​មាតុភូមិ​កម្ពុជា​។​

​ស្ថិតក្នុង​វេលា ដ៏​សោកសង្រេង​នេះ លោក អោម ចន្ថា លោក អ៊ុក សឿន និង​ប្រតិភូ​អមដំណើរ​ទាំងអស់ សូម​សម្តែង​នូវ​សមាន​ទុក្ខ​ដ៏​ក្តុកក្តួល សោកស្តាយ​អាឡោះ អាល័យ ជាទីបំផុត និង​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ ក្រុមគ្រួសារ​នៃ​សព និង​សូម​ឧទ្ទិស​បួងសួង ដល់​ដួង​វិញ្ញាណក្ខន្ធ​សព លោក លី អ៊ុត​នី បាន​សោយសុខ ក្នុង​សុគតិភព ជា​និរន្តរ៍​តរៀង​ទៅ​។​

​សូមបញ្ជាក់ថា លោក លី អ៊ុត​នី មាន​ភរិយា គឺ​អ្នកស្រី ម៉ឹង រី និង​កូន ៣​នាក់ ស្រី​ម្នាក់ ក្នុងនោះ កូនប្រុស​ពៅ នៅ​លីវ ។ កាល​នៅរស់ លោក​មាន​សកម្មភាព មមាញឹក ក្នុង​ការងារ​សភាពាណិជ្ជកម្ម ក្នុង​និង​ក្រៅប្រទេស ,​ការងារ​អាជីវកម្ម និង​ការងារ​សង្គម ៕/V​.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular