ដោយៈរ៉ាម៉ន/ភ្នំពេញៈ កម្លាំងល្បាតនគរបាលខណ្ឌ និងប៉ុស្តិ៍ទួលសង្កែ២ បានបង្ក្រាបជាក់ស្តែងជនសង្ស័យ២នាក់ ខណៈរកទិញទូរស័ព្ទ ក្នុងហាងមួយកន្លែង ហើយឆក់រត់ឡើងម៉ូតូបំរុងជិះ គេចខ្លួនក៏ត្រូវកម្លាំងនគរបាលចាប់បានភ្លាមៗ។
ករណីបង្ក្រាបជាក់ស្តែងនេះ កើតឡើងកាលពីថ្ងៃទី ០៤ ខែកុម្ភៈឆ្នាំ ២០២១ នៅ ចំណុចហាងលក់ទូរសព្ទ យីហោ ប្រណិត ផ្លូវ៥៩៨ក្រុមទី២ ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។
លោក អធិការខណ្ឌ ហ៊ាង ថារ៉េត បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឆ គីមសេង ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះ លេខC42 ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។ ចំណែកជនសង្ស័យទាំង២នាក់ (ប្រុស) ទី១ ឈ្មោះប៊ុន ផាន់ណា អាយុ២២ឆ្នាំ ស្នាក់នៅភូមិធា សង្កាត់វត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត មុខរបរមិន ពិតប្រាកដ។ ជនសង្ស័យ ទី ២ ឈ្មោះ រុំ ឃៀង អាយុ២១ឆ្នាំ ស្នាក់នៅភូមិសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត មុខរបរមិនពិតប្រាកដ ។
ជាមួយគ្នានេះ នគរបាល បានដកហូតសម្ភារៈរួមមាន ៖ ម៉ូតូមួយគ្រឿង ម៉ាកហុងដា អាសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IH 1753 និងទូរសព្ទ២គ្រឿង ម៉ាក vivo y30 និង ម៉ាក samsung galaxy s 10 ប្រគល់ជូន ជនរងគ្រោះវិញ ។
បើតាម លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានបញ្ជាក់ថា៖ ជនសង្ស័យទាំង២នាក់បាន ជិះម៉ូតូម៉ាកហុងដាសេ ១២៥ មករកទិញ ទូរសព្ទ នៅហាងទូរស័ព្ទ របស់ជនរងគ្រោះ ដោយបានសុំមើលទូរស័ព្ទ ហើយជនសង្ស័យម្នាក់ទៀត ឈ្មោះ ប៊ុន ផាន់ណា ក៏ទៅអង្គុយចាំលើ ម៉ូតូជាស្រេច រួចជនសង្ស័យ ដែលកាន់ទូរស័ព្ទ ឈ្មោះ រុំ ឃៀង ក៏ រត់ឡើងម៉ូតូជិះគេចខ្លួន តែក៏ត្រូវម្ចាស់ហាងស្រែកឆោឡោស្របពេលកម្លាំងល្បាតខណ្ឌ និងប៉ុស្តិ៍បាន ប្រទះឃើញក៏ឃាត់ខ្លួនបាន ។
បច្ចុប្បន្នកំលាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់ទៅសាលាដំបូងរាជធានីភ្នំពេញតាមនិតិវិធី៕