ដោយៈបញ្ញាសាស្ត្រ/ភ្នំពេញៈ ឆ្លើយតបទៅនឹងគោលបំណងរួមគ្នារបស់ភាគីពាក់ព័ន្ធដើម្បីគាំទ្រសហគ្រិនស្ត្រីក្នុងការទទួលបានផលិតផលនិងសេវាហិវត្ថុនានាក្នុងអំឡុងពេលនិងក្រោយពេលជំងឺរាតត្បាតកូវីដ-១៩ធនាគារជាតិនៃកម្ពុជាបានរៀបចំវេទិកាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ក្រោមប្រធានបទ “លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រិនស្ត្រីក្នុងសម័យកាលកូវីដ-១៩” ដែលប្រព្រឹត្តិនៅ សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៤ កុម្ភៈ ២០២១។
អគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជាលោករ័ត្នសុវណ្ណនរៈបានមានប្រសាសន៍ថាវេទិកានេះគឺពិតជាឱកាសដ៏ល្អមួយក្នុងការចែករំលែកព័ត៌មានផ្នែកតម្រូវការផ្នែកផ្គត់ផ្គង់និងផ្នែកបទប្បញ្ញត្តិរវាងសហគ្រិនពិសេសសហគ្រិនស្ត្រីដែលជាអតិថិជនគោលដៅគ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ។
លោកបានឲ្យដឹងថា“ទោះបីជាកម្រិតបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាមានកំណើនឡើងគួរឱ្យកត់សម្គាល់ក៏ការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅជួបប្រទះបញ្ហាប្រឈមមួយចំនួនជាពិសេសចំពោះស្ត្រី។ទោះជាស្ត្រីនិងបុរសមានលទ្ធភាពស្មើគ្នាក្នុងការទទួលបានសេវាហិរញ្ញវត្ថុប៉ុន្តែការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់បុរសនិងស្ត្រីនៅតែមានគម្លាត។ តួយ៉ាងនៅក្នុងប្រទេសកម្ពុជាមូលនិធិUNCDFបានរកឃើញថាគណនីប្រាក់បញ្ញើប្រមាណ៧០%គឺជាគណនីអសកម្មដែលមានសមតុល្យតិចតួចបំផុតហើយភាគច្រើននៃគណនីទាំងនេះគឺជារបស់ស្ត្រី។លើសពីនេះមានភស្តុតាងជាច្រើនបានបង្ហាញថាលទ្ធភាពទទួលបានឥណទានរបស់ស្ត្រីនិងបុរសមានកម្រិតប្រហាក់ប្រហែលគ្នាប៉ុន្តែទំហំឥណទានជាមធ្យមរបស់ស្ត្រីមានកម្រិតទាបបើធៀបនឹងទំហំឥណទានជាមធ្យមរបស់បុរស”។
លោកអគ្គនាយកបានបន្តទៀតថា“ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះការជំរុញនវានុវត្តន៍សេវាឥណទានសម្រាប់សហគ្រាសធុនតូចនិងមធ្យមការលើកកម្ពស់សិទ្ធិនិងបង្កើនកិច្ចការពារអតិថិជនព្រមទាំងបង្កើនតម្លាភាពក្នុងវិស័យហិរញ្ញវត្ថុត្រូវបានកំណត់ជាសកម្មភាពអាទិភាពរបស់យើង”។ បរិយាបន្នហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់វិបុលភាពនៅកម្ពុជា។ ការជំរុញលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុមានតម្លៃសមរម្យនិងការប្រើប្រាស់សេវាទាំងនេះបានត្រឹមត្រូវតាមគោលដៅនឹងផ្តល់ផលប្រយោជន៍ជាច្រើនទាំងផ្នែកសង្គមនិងសេដ្ឋកិច្ច។លើសពីនេះការសិក្សាជាច្រើនបានបង្ហាញថានៅពេលស្ត្រីកាន់តែច្រើនមានលទ្ធភាពទទួលបាននិងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការពួកគេនឹងចូលរួមក្នុងការអភិវឌ្ឍគ្រួសារនិងសហគមន៍ច្រើនជាងបុរសតាមរយៈការលើកកម្ពស់ជីវភាពរស់នៅការបង្កើនឱកាសអាជីវកម្មការសន្សំនិងការត្រៀមខ្លួនទប់ទល់នឹងបញ្ហាហិរញ្ញវត្ថុនាពេលមានអាសន្នដែលកត្តាទាំងនេះនឹងនាំឱ្យគ្រួសារ និងសហគមន៍របស់ពួកគេមានលទ្ធភាពច្រើនជាងមុនក្នុងការទទួលបានសេវាចាំបាច់នានា ដូចជាសេវាអប់រំ សេវាសុខភាព អនាម័យ និងទឹកស្អាត ជាដើម។
សូមជម្រាបថាតាមរយៈគម្រោងសហគ្រិនស្ត្រីសកម្មអង្គការផេកប្រចាំប្រទេសកម្ពុជាដែលទទួលបានជំនួយពីទីភ្នាក់ងារជំនួយសហរដ្ធអាមេរិកដែលហៅកាត់ថាUSAIDបានប្រារព្ធវេទិកាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពក្រោមប្រធានបទ“លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រិនស្ត្រីក្នុងសម័យកាលកូវីដ-១៩” ក្រោមកិច្ចសហការរៀបចំដោយ ធនាគារជាតិនៃកម្ពុជា សហគ្រិនខ្មែរ Swisscontact និង Good Return។
វេទិការនេះត្រូវបានប្រព្រឹត្តិឡើងដើម្បីឆ្លើយតបទៅនឹងគោលបំណងរួមគ្នារបស់ភាគីពាក់ព័ន្ធដើម្បីគាំទ្រសហគ្រិនស្ត្រីក្នុងការទទួលបានផលិតផលនិងសេវាហិវត្ថុនានា ក្នុងអំឡុងពេលនិងក្រោយពេលជំងឺរាតត្បាត កូវីដ-១៩ និងដោយយោងការសង្កេតឃើញនូវតម្រូវការសិក្សា ចែករំលែក និងសហការគ្នារវាងភាគីពាក់ព័ន្ធជាច្រើនដើម្បីផ្តល់ព័ត៌មាន និងផលិតផលហិរញ្ញវត្ថុសម្រាប់សហគ្រិនស្ត្រី។បន្ទាប់ពីវេទិកានេះ ត្រូវបានបញ្ចប់អ្នកចូលរួមអាចបង្កើនកិច្ចសហប្រតិបត្តិការរវាងតួរអង្គសំខាន់ៗដើម្បីពាំនាំនូវជម្រើសហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាពទៅដល់សហគ្រិនស្ត្រីវ័យក្មេង ដើម្បីអោយពួកគេអាចពង្រីកនិងចាប់ផ្តើមមុខជំនួញរបស់ខ្លួនប្រកបដោយជោគជ័យ៕.mara