ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖ ប្រធានាធិបតី​អាម៉េរិក​លោកចូ បៃ​ដិន បានបញ្ជាក់​ថា លោក​នឹង​ប្រឈម​តតាំង​នឹង​អ្វី​ដែល​លោក​ហៅថា ការរំលោភ​សេដ្ឋកិច្ច​របស់​ចិន និង​អាកប្បកិរិយា​គឃ្លើន តាម​​រយៈ​ស្ថាបនា​ឡើងវិញ​សម្ពន្ធភាព​មួយ​ដែល​លោក​និយាយថា​អ្នក​កាន់​តំណែង​មុន​របស់​លោក​បាន​បំផ្លាញ តែ​ប្រធានាធិបតី​ថ្មី​រូបនេះ​អោយ​សញ្ញា​អំពី​ការត្រៀម​ធ្វើ​កិច្ចសហការ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​​លើ​វិស័យ​ជាច្រើន​ផងដែរ​។​

​ដោយ​ព្រមាន​អំពី​«​មហិច្ឆតា​របស់​ចិន​កាន់តែ​កើនឡើង​»​ក្នុងការ​ប្រជែង​ជាមួយ​សហរដ្ឋ​អាម៉េរិក លោកបៃ​ដិន បាន​និយាយ​នៅក្នុង​សុន្ទរកថា​ស្តីពី​គោលនយោបាយ​ការបរទេស​ធំ​ដំបូង​របស់​លោក​កាលពី​​ថ្ងៃ​ព្រហស្បតិ៍​ថា រដ្ឋាភិបាល​របស់​លោក​នឹង​«​ប្រជែង​ចេញពី​ទីតាំង​មាន​កម្លាំង​ពលំ​មួយ ដោយ​កាត់បន្ថយ​ហានិភ័យ​នៅក្នុង​ស្រុក ធ្វើការ​ជាមួយ​សម្ពន្ធមិត្ត​និង​ដៃគូ​របស់​យើង បន្ត​ឬ​បង្កើត​តួនាទី​របស់​យើង​​ឡើងវិញ​នៅតាម​ស្ថាប័ន​អន្តរជាតិ និង​ដណ្តើម​យក​មក​វិញ​ភាព​ជឿជាក់​និង​អំណាច​សីលធម៌​របស់​យើង​»​។​

​លោក​ក៏​បាន​និយាយថា «​យើង​នឹង​ប្រឈម​នឹង​ការរំលោភ​សេដ្ឋកិច្ច​របស់​ចិន ទប់ទល់​នឹង​អំពើ​គឃ្លើន​និង​សម្លុត​គំរាម​របស់​ចិន រុញច្រាន​ការវាយប្រហារ​របស់​ចិន​លើ​សិទ្ធិ​មនុស្ស កម្មសិទ្ធិបញ្ញា​និង​អ​ភិ​​បាល​កិច្ច​សកល​។​យើង​ក៏​ត្រៀម​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅពេល​តំរូវអោយធ្វើ​ដូច្នេះ​ដើម្បី​ផលប្រយោជន៍​អាម៉េរិក​»​។​

​រដ្ឋការ​របស់​លោកបៃ​ដិន បាន​លើកឡើង​ថា ការប្រែប្រួល​អាកាសធាតុ ជា​បញ្ហា​មួយ​ដែល​អាម៉េរិក​អាច​សហការ​ជាមួយ​ចិន ដែលជា​អ្នក​បញ្ចេញ​ឧស្ម័ន​កាបូនិ​ចច្រើនជាងគេ​ក្នុង​លោក​។​

​សូមបញ្ជាក់​ថា អ្នកកាន់ការ​មុន​បៃ​ដិ​ន គឺ​លោក ដូ​ណា​ល់ ត្រាំ បាន​ប្រកាន់​ជំហរ​ប្រឈម​មុខ​ជាមួយ​ចិន​កាន់តែខ្លាំង​ឡើងៗ​រហូតដល់​ចប់​អាណត្តិ​របស់​លោក ដោយ​ប៉ះទង្គិច​លើ​រណសិរ្ស​ជាច្រើន​រួមមាន​​ការប្រតិបត្តិ​ពាណិជ្ជកម្ម បច្ចេកវិទ្យា ហុងកុង តៃវ៉ាន់ សិទ្ធិមនុស្ស និង​ការគ្រប់គ្រង​សមុទ្រ​ចិន​ខាងត្បូង​។​

​ក្នុងអំឡុង​សុន្ទរកថា​របស់​លោក​នៅ​ក្រសួងការបរទេស លោកបៃ​ដិន បានបញ្ជាក់​អះអាង​ឡើងវិញ​អំពី​បំណង​របស់​លោក​ក្នុង​ការស្តារ​តួនាទី​ជា​ប្រពៃណី​របស់​អាម៉េរិក ជា​ខ្នងបង្អែក​ស្តង់ដា​នៃ​លទ្ធិ​ប្រជា​ធិប​​តេ​យ្យ ដោយ​បង្ហាញ​ថា រដ្ឋការ​របស់​លោក​នឹង​ប្រកាន់​យក​គោ​ជំហរ​តឹង​ត្អឹង​អំពី​រដ្ឋប្រហារ​យោធា​នៅ​មី​យ៉ាន់​ម៉ា​។​

​ប្រធានាធិបតី​អាម៉េរិក​រូបនេះ​ក៏​បាន​ប្រកាស​អំពី​ការ​ពិនិត្យ​សើរើ​មើល​ឡើងវិញ​ការឈរជើង​របស់​ទាហាន​អាម៉េរិក​នៅលើ​ពិភពលោក ដើម្បី​អោយ​វា​ស្រប​នឹង​អាទិភាព​គោលនយោបាយ​ការបរទេស​របស់​​ខ្លួន​។​នៅពេល​ការវាយតំ​លៃ​ឡើង​វិញ​កំពុង​ត្រូវបាន​ធ្វើឡើង លោក​បាន​និយាយថា​លោក​នឹង​លុបចោល​ផែនការ​របស់​រដ្ឋាភិបាល​លោក​ត្រាំ ក្នុង​ការដក​ទា​ហា​នា​អាម៉េរិក​នៅ​អាឡឺម៉ង់ ។​

​បៃ​ដិនបាន​និយាយថា រដ្ឋការ​របស់​លោក​ក៏​នឹង​បង្កើន​កិច្ចការ​ទូត ដើម្បី​បញ្ចប់​សង្គ្រាម​នៅយែ​ម៉ែន ដោយ​បាន​ហៅ​វា​ថា​ជា​មហន្តរាយ​មនុស្សធម៌​មួយ​។​

​ទោះជា​យ៉ាងណា ក្នុង​សុន្ទរកថា​២០​នាទី​របស់​លោក លោកបៃ​ដិន មិន​បាន​និយាយ​អំពី​កូរ៉េខាងជើង​ទេ​។​

​ចេញពី​ការ​ចូល​កាន់តំណែង​នៅ​ថ្ងៃទី​១​របស់ខ្លួន ប្រធានាធិបតី​វ័យ​៧៨​ឆ្នាំ​រូប​នេះ​តាម​ធ្វើ​តាម​ការសន្យា​ក្នុងពេល​ឃោសនា​បោះឆ្នោត​របស់​លោក ដើម្បី​ធ្វើអោយ​ពហុភាគី​និយម​រស់​ឡើងវិញ និង​ស្ថាបនា​​សម្ពន្ធភាព​មួយ​ឡើងវិញ បន្ទាប់​ពី​អាម៉េរិក​ប្រកាន់​យក​ឯ​តោ​ភាគី​និយម​អស់​៤​ឆ្នាំ​ក្រោម​រដ្ឋការ​ត្រាំ​។​លោក​បាន​នាំ​អាម៉េរិក​ចូលក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស និង​បញ្ចប់​ដំណើរការ​ដកខ្លួន​​ចេញពី​អង្គការ​សុខភាព​ពិភពលោក​។​

​បៃ​ដិន ក៏​បាន​ទូរស័ព្ទ​ទៅ​កាន់​មេដឹកនាំ​ប្រទេស​មួយចំនួន​ជុំវិញ​ពិភពលោក រួម​មាន​ជប៉ុន អូស្ត្រាលី និង​កូរ៉េខាងត្បូង ដោយ​បញ្ជាក់​អះអាង​ឡើងវិញ​អំពី​សារសំខាន់​នៃ​សម្ពន្ធភាព​និង​យល់ស្រប​អំពី​កិច្ច​​សហការ​ដោះស្រាយ​ការ​ប្រឈម​របស់​ពិភពលោក ដូច​ជា​ជំងឺ​កូវី​ដ​១៩ និង​ការប្រែប្រួល​អាកាសធាតុ​៕

​ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន ក្នុងអំឡុង​ថ្លែង​សុន្ទរកថា​នៅ​ក្រសួងការបរទេស​ក្នុង​ក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​៤​កុម្ភៈ​