ដោយៈ health.com.kh អ្នកជំនាញផ្នែកសុខភាពជាច្រើនណែនាំឱ្យអ្នកទទួលទាន ទឹកប្រមាណ ២ លីត្រក្នុងមួយថ្ងៃ។ ហេតុអ្វីបានជាអ្នកចាំបាច់ទទួលទានទឹកឱ្យបានច្រើន គ្រប់គ្រាន់រាល់ថ្ងៃ?
១. កាត់បន្ថយហានិភ័យនៃអាការៈទល់លាមក
ផលប៉ះពាល់ទូទៅបំផុតនៃការទទួលទានទឹកមិនបានគ្រប់គ្រាន់នោះ គឺទល់លាមក។ កំឡុងពេលខ្វះជាតិទឹកក្នុងរាងកាយ ពោះវៀននឹងជួយផ្ដល់ជាតិទឹកទៅផ្នែកផ្សេងៗទៀត នៃរាងកាយដើម្បីអាចដំណើរការមុខងារប្រក្រតី។ ហើយខណៈនោះកាកសំណល់នឹង ធ្វើចលនាកាន់តែយឺតឆ្លងកាត់ពោះវៀននៅពេលគ្មានទឹក ឬមិនរំកិលតែម្ដង។ ជាពិសេស អាការៈទល់លាមកនឹងកើតឡើងតែម្ដង ប្រសិនបើរបបអាហាររបស់អ្នកគ្មានផ្ទុកសម្បូរ ទៅដោយជាតិសសៃ ហើយអ្នកចំណាយពេលអង្គុយយូរៗថែមទៀត។
២. ចៀសផុតពីបញ្ហាចង្វាក់បេះដូងលោតញាប់ខុសប្រក្រតី
មួយក្នុងចំណោមមូលហេតុដទៃទៀតដែលអ្នកគួរទទួលទានឱ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃ គឺដើម្បីរក្សាបរិមាណឈាមត្រឹមត្រូវ។ ប្រសិនបើអ្នកទទួលទានទឹកត្រឹមតែ ១ កែវក្នុងមួយថ្ងៃ បរិមាណឈាមរបស់អ្នកអាចនឹងថយចុះ។ នេះក៏ជាកត្តាដែលធ្វើឱ្យអ្នកអាចនឹងជួបប្រទះ បញ្ហាចង្វាក់បេះដូងលោតញាប់ដោយបេះដូងត្រូវខំធ្វើការកាន់តែខ្លាំងដើម្បីប្រាកដថារាល់ជាលិកានិងសរីរាង្គក្នុងរាងកាយនៅតែទទួលបានអុកស៊ីសែន។
៣. ល្អចំពោះសុខភាពសន្លាក់
ឆ្អឹងខ្ចី និងឆ្អឹងខ្នងបានបង្កើតឡើងពីជាតិទឹកប្រមាណ ៨០ ភាគរយ។ ទឹក គឺចាំបាច់ណាស់ ក្នុងការរក្សាឆ្អឹងពីការសង្កៀតគ្នានៅពេលយើងធ្វើចលនា។ ដូច្នេះប្រសិនបើអ្នកទទួលទាន ទឹកមិនបានគ្រប់គ្រាន់ទេនោះអ្នកនឹងជួបប្រទះបញ្ហាឈឺសន្លាក់ជាក់ជាមិនខានក្រោយពេល ចលនាភ្លាមៗដូចជា រត់ ឬលោត។
៤. ទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់
កង្វះជាតិទឹកអាចបណ្ដាលឱ្យឈាមប្រែជាខាប់ហើយជះឥទ្ធិពលលើលំហូរឈាមដែល បង្កបញ្ហាសម្ពាធឈាមឡើងខ្ពស់។ ដូច្នេះប្រសិនបើអ្នកព្យាយាមទទួលទានទឹកឱ្យបានច្រើន គ្រប់គ្រាន់ នោះបញ្ហានេះនឹងត្រូវបានកាត់បន្ថយ។
៥. ជួយសម្រួលប្រព័ន្ធរំលាយអាហារ
ទឹកជួយសម្រួលដល់ដំណើរការមុខងារនៃប្រព័ន្ធរំលាយអាហារ។ ប្រសិនបើអ្នកទទួល ទានទឹកមិនបានគ្រប់គ្រាន់នោះបរិមាណនៃជាតិរំអិលក្នុងក្រពះត្រូវកាត់បន្ថយដែលបណ្ដាលឱ្យអាស៊ីតក្រពះអាចបង្កប៉ះពាល់ខ្លាំងដល់ផ្នែកខាងក្នុងនៃរាងកាយដូចជា ក្រហាយទ្រូង និងពិបាករំលាយអាហារ។
៦. ទប់ស្កាត់អាការៈឈឺក្បាល
ប្រសិនបើមិនទទួលទានទឹកប្រមាណ ២ លីត្រក្នុងមួយថ្ងៃជាប្រចាំទេនោះអ្នកប្រាកដ ជាងាយនឹងជួយប្រទះអាការៈឈឺក្បាលគួរឱ្យរំខាន។ នេះក៏ព្រោះតែខួរក្បាលត្រូវការជាតិ ទឹកដល់ទៅ ៧៥ ភាគរយ! ដូច្នេះប្រសិនបើអ្នកទទួលទានទឹកមិនបានច្រើនគ្រប់គ្រាន់ ខួរក្បាលអាចនឹងប្រែជារួមតូចហើយត្រូវធ្វើការខ្លាំងច្រើនជាងមុខបង្កជាបញ្ហាឈឺក្បាលគួរឱ្យបារម្ភ។ ម្យ៉ាងវិញទៀតកង្វះជាតិទឹកក្នុងរាងកាយគឺជាមូលហេតុទូទៅបំផុតមួយនៃអាការៈ ឈឺក្បាល។ ដូច្នេះដើម្បីជៀសផុតពីបញ្ហានេះចូរទទួលទានទឹកឱ្យបានគ្រប់គ្រាន់ជាប្រចាំ។
៧. ធ្វើឱ្យសុខភាពស្បែកមានលក្ខណៈប្រសើរឡើង
ទឹកជួយកម្ចាត់នូវរាល់ជាតិពុលក្នុងរាងកាយ រួមទាំងបាក់តេរីបង្កបញ្ហាស្បែកផ្សេងៗដូចជា រោគមុន ការរោលរលាក និងស្ទះរន្ធញើស។ ការទទួលទានទឹកឱ្យបានពី ១០ ទៅ ១២ កែវ ជាប្រចាំអាចជួយឱ្យស្បែកប្រែជាស្រស់ថ្លា និងមើលទៅមានសុខភាពល្អ។
៨. ល្អសម្រាប់តម្រងនោម
តម្រងនោម គឺជាសរីរាង្គដែលច្រោះរាល់ជាតិពុលក្នុងរាងកាយដែលនឹងប្រែក្លាយទៅជា ទឹកនោម។ ទឹកអាចជួយតម្រងនោមក្នុងការច្រោះជាតិពុលបានកាន់តែងាយ។ ហើយការ ទទួលទានទឹកកាន់តែច្រើនក៏ជួយទប់ស្កាត់ និងបំបែកគ្រួសក្នុងតម្រងនោមផងដែរ។
សម្គាល់! ក្រៅពីទទួលទានទឹកធម្មតា អ្នកក៏អាចជ្រើសរើសរួមបញ្ចូលបន្លែផ្លែឈើ ដែលមានផ្ទុក សម្បូរទៅដោយជាតិទឹកក្នុងរបបអាហារប្រចាំថ្ងៃផងដែរ៕/PC