ដោយៈតារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានផ្តល់ការណែនាំចំនួន១២ចំណុចដើម្បីឱ្យការប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា លើកទី២៣ឆ្នាំ២០២១ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»ប្រព្រឹត្តទៅប្រកបដោយជោគជ័យក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជាសកល។
នៅក្នុងសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី ១៨ ខែ មករា ២០២១ ដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា៖ទិវាវប្បធម៌ជាតិ៣មីនាជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិក្នុងការរំលឹកដល់គុណូបការៈចំពោះបុព្វបុរសនៃយើងដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែបដែលមិនអាចកាត់ថ្លៃបានសម្រាប់កូនចៅជំនាន់ក្រោយនិងជាទិវាបំផុសនូវស្មារតីស្រឡាញ់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ពីសំណាក់ប្រជាពលរដ្ឋជាពិសេសយុវជនបន្ត វេនដែលមានកាតព្វកិច្ចត្រូវចូលរួមថែរក្សាការពារនូវសម្បត្តិវប្បធម៌ជាតិនិងវប្បធម៌ចម្រុះនៃសហគមន៍ជនជាតិដើមនៅព្រះរាជា ណាចក្រកម្ពុជាឱ្យស្ថិតស្ថេរគង់វង្សតរៀងទៅ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖ផ្អែកតាមបរិបទខាងលើនិងដោយយល់ថាវប្បធម៌គឺជាព្រលឹងជាអត្តសញ្ញា ណជាតិនិងជាស៊ីម៉ង់ត៍រស់,សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងពី បុគ្គលម្នាក់ទៅបុគ្គលម្នាក់ពីសហគមន៍មួយទៅសហគ មន៍មួយពីប្រទេសមួយទៅប្រទេសមួយដែលជាមធ្យោបាយនាំមកនូវសាមគ្គីភាព សន្តិភាពនិងសុខដុមភាពសម្រា ប់ប្រជាជាតិទាំងមូលស្របតាមទិសស្លោក«កម្ពុជា៖ព្រះរាជាណាចក្រនៃវប្បធម៌»ទើបរាជរដ្ឋាភិបាលនៃព្រះរាជាណា ចក្រកម្ពុជាសម្រេចឱ្យរៀបចំទិវាវប្បធម៌ជាតិ៣មីនារៀងរាល់ឆ្នាំរហូតមកហើយលើកនេះគឺជាលើកទី២៣ឆ្នាំ២០២១ ដោយរក្សានូវប្រធានបទដដែលដូចឆ្នាំ២០២០ គឺ «យុវជនដើម្បីវប្បធម៌ជាតិ» ក្នុងគោលបំណងជំរុញឱ្យប្រជាពល រដ្ឋ ពិសេសយុវជនទូទាំងប្រទេស៖ ចូលរួមកាន់តែសកម្មថែមទៀតក្នុងការថែរក្សាការពារមរតកវប្បធម៌ជាតិ។យល់ដឹងកាន់តែច្បាស់ពីភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌ដែល ជាប្រភពមិនចេះរីងស្ងួតក្នុងការបង្កើតការងារនិងបង្កើតកាលានុវត្តភាពសម្រាប់ទាញយកប្រាក់ចំណូលប្រកបដោយប្រសិទ្ធភាព ។ លើកកម្ពស់មនសិការនិងស្មារតីចូលរួមក្នុងការផ្ទេរព្រមទាំងទទួលយកនូវចំណេះដឹង ជំនាញ និង បច្ចេកទេសសិល្បៈវប្បធម៌សំដៅជំរុញការអភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិក៏ដូចជាវប្បធម៌ចម្រុះនៃសហគមន៍ជនជាតិ ដើមនៅព្រះរាជាណាចក្រកម្ពុជាឱ្យបានស្ថិតស្ថេរគង់វង្ស ។ បង្កើនការយល់ដឹងឱ្យកាន់តែច្បាស់អំពីតម្លៃពិតនៃវប្បធម៌ជាតិដែលជាប្រភពធនធានមិនចេះរីងស្ងួតក្នុងការរួមចំ ណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គមតាមរយៈការបង្កើនសេវានិងផលិតផលវប្បធម៌សម្រាប់ជាគោលដៅពាណិជ្ជកម្មនិងទេសចរណ៍។ លើកទឹកចិត្តឱ្យមានការចូលរួមក្នុងការសិក្សា ស្រាវជ្រាវឈ្វេងយល់ដើម្បីចងក្រងរក្សាទុកឱ្យបានគង់វង្សល្អនូវរាល់ឯកសារបេតិកភណ្ឌវប្បធម៌គ្រប់ប្រភេទដែលមានក្នុងមូលដ្ឋានរបស់ខ្លួននិងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូ លាយ ។លើកស្ទួយការប្រើប្រាស់សក្តានុពលវប្បធម៌ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។ បង្កើនការងារនិងកាលានុវត្តភាពដល់ ប្រជាពលរដ្ឋទាំងអស់ជាពិសេសយុវជនឱ្យខិតខំបង្កបង្កើនស្នាដៃវប្បធម៌ថ្មីៗប្រកបដោយគុណភាព ។ ជំរុញឱ្យមានការចូលរួមដោយមានការទទួលខុសត្រូវរបស់យុវជនក្នុង កិច្ចអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ជាតិប្រកបដោយនិរន្តរភាពដោយមិនប្រកាន់នូវនិន្នាការនយោបាយ ជំនឿសាសនា និងពណ៌សម្បុរ។
ដើម្បីឱ្យការប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា លើកទី២៣ ឆ្នាំ២០២១ ក្រោមប្រធានបទ «យុវជនដើម្បី វប្បធម៌ជាតិ »ប្រព្រឹត្តទៅប្រកបដោយជោគជ័យក្នុងបរិបទនៃការរីករាល ដាលនៃជំងឺកូវីដ-១៩ជាសកលសម្តេចតេជោនាយករដ្ឋមន្ត្រីបានធ្វើការណែនាំដូចតទៅ៖
ទី១៖ក្រសួងវប្បធម៌និងវិចិត្រសិល្បៈត្រូវសហការជាមួយបណ្តាក្រសួង ស្ថាប័ន អាជ្ញាធរដែនដី បណ្តាអង្គការជាតិ អន្តរជាតិ សមាគមដៃគូអភិវឌ្ឍនិងវិស័យឯកជនដែលកំពុង ប្រតិបត្តិលើវិស័យវប្បធម៌ដើម្បីរួមគ្នាផ្សព្វផ្សាយវប្បធម៌ជាតិតាមរយៈប្រព័ន្ធផ្សព្វផ្សាយឱ្យបានទូលំទូលាយក្នុងគោលបំណងអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២១។
ទី២៖ក្រសួងវប្បធម៌និងវិចិត្រសិល្បៈត្រូវធ្វើជាលេខាធិការដ្ឋានក្នុងការរៀបចំឯកសារឃោសនានិងផ្សព្វផ្សាយខ្លឹមសារទិវាវប្បធម៌ជាតិនិងត្រូវណែនាំគ្រប់មន្ទីរវប្បធម៌និងវិចិត្រ សិល្បៈរាជធានី-ខេត្តក្នុងការផ្សព្វផ្សាយខ្លឹមសារទិវាវប្បធម៌ជាតិឱ្យបានទូលំទូលាយតាមរយៈការចងបដាតាមទីសាធារណៈអំឡុងដើមខែមីនាឆ្នាំ២០២១ជាពិសេសដល់សហ គមន៍ជនជាតិដើមដែលរស់នៅលើទឹកដីភូមិសាស្ត្ររបស់ខ្លួន។
ទី៣៖ក្រសួងព័ត៌មានត្រូវរៀបចំកម្មវិធីផ្សព្វផ្សាយខ្លឹមសារទិវាវប្បធម៌ជាតិ៣មីនា ឱ្យបានទូលំទូលាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយជាតិនិងឯកជនរួមមានវិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្ដីនិងឯកសារពាក់ព័ន្ធដើម្បីបំផុសឱ្យសាធារណជនយល់ដឹងនិងចូលរួមកាន់តែសកម្មថែមទៀតក្នុងការថែរក្សាការពារសម្បត្តិវប្បធម៌ជាតិលើកស្ទួយវប្បធម៌ជាតិសីល ធម៌សង្គមនិងចេះរួមរស់ជាមួយគ្នាដោយភាពសាមគ្គីជាធ្លុងមួយព្រមទាំងមិនប្រកាន់និន្នាការនយោបាយ។
ទី៤៖ក្រសួងអប់រំយុវជននិងកីឡានិងក្រសួងវប្បធម៌និងវិចិត្រសិល្បៈត្រូវសហការគ្នាដើម្បីរិះរកមធ្យោបាយផ្សព្វផ្សាយខ្លឹមសារទិវាវប្បធម៌ជាតិ៣មីនាដល់សិស្សនិស្សិតក្នុងស្ថានភាពជំងឺកូវីដ-១៩ បច្ចុប្បន្នដោយត្រូវអនុវត្តតាមវិធានការការពារនិងណែនាំរបស់ក្រសួងសុខាភិបាល។
ទី៥៖ក្រសួងទេសចរណ៍ត្រូវផ្សព្វផ្សាយនូវខ្លឹមសារទិវាវប្បធម៌ជាតិ៣មីនាតាមលទ្ធភាពបច្ចុប្បន្នដែលអាចធ្វើបានជាពិសេសក្នុងចំណោមភ្ញៀវទេសចរជាតិនិងអន្តរជាតិតាមរយៈទីភ្នាក់ងារទេសចរណ៍និងប្រតិបត្តិករទេសចរណ៍គ្រប់ប្រភេទ។
ទី៦៖ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិត្រូវណែនាំដល់គ្រប់ឯកអគ្គរាជទូត អគ្គកុងស៊ុលនិងកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេសផ្សព្វ ផ្សាយខ្លឹមសារនៃទិវាវប្បធម៌ជាតិ៣មីនារួមមាន៖ ពាក្យស្លោកនិងគំនូរផ្សាយឱ្យបានទូលំទូលាយ។
ទី៧៖ក្រសួងធម្មការនិងសាសនាត្រូវបំផុសចលនាព្រះសង្ឃនិងគ្រប់សាសនិកឱ្យរៀបចំផ្សព្វផ្សាយខ្លឹមសារទិវាវប្បធម៌ជាតិ៣មីនានៅតាមទីអារាម វិហារសាសនា មណ្ឌលវិប ស្សនា និងទីសក្ការៈផ្សេងៗ តាមលទ្ធភាពជាក់ស្តែងបច្ចុប្បន្នដែលអាចធ្វើបាន។
ទី៨៖ក្រសួងមហាផ្ទៃនិងក្រសួងការពារជាតិ ត្រូវមានផែនការណែនាំទៅមូលដ្ឋាន ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសទិវាវប្បធម៌ជាតិ ៣មីនាឱ្យមាន ប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់។
ទី៩៖អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារនិងអាជ្ញាធរជាតិសំបូរព្រៃគុក ត្រូវផ្សព្វផ្សាយ និងរំលេចឡើងនូវលទ្ធផលការងារដែលចូលរួមថែរក្សា ការពារ អភិរក្ស និងលើក តម្កើងតម្លៃបេតិកភណ្ឌវប្បធម៌ជាតិឱ្យបានស្ថិតស្ថេរគង់វង្សប្រកបដោយភាពរស់រវើកនិងមានតម្លៃលេចធ្លោជាសកល ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា។
ទី១០៖រដ្ឋបាលរាជធានី-ខេត្ត ត្រូវចូលរួមជួយឧបត្ថម្ភគាំទ្រដល់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈក្នុងការរៀបចំផ្សព្វផ្សាយនិងបិទផ្សាយខ្លឹមសារទិវាវប្បធម៌ជាតិ ៣មីនា នៅក្នុងដែន ដីរបស់ខ្លួនដោយផ្តោតជាសំខាន់ទៅលើការអប់រំដល់មហាជនជាពិសេសក្នុងស្រទាប់យុវជនឱ្យកាន់តែមានស្មារតីមុតមាំថែមទៀតក្នុងការចូលរួមថែរក្សាការពារនិងលើកកម្ព ស់តម្លៃវប្បធម៌ជាតិ។
ទី១១៖គ្រប់លំនៅដ្ឋានគ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី សាលារៀន សហគ្រាសរដ្ឋនិងឯកជនត្រូវលើកទង់ជាតិ ទង់ជ្វាលា បដាពាក្យស្លោកនិងបិទផ្សាយអាហ៊ូស តាមដង ផ្លូវសាធារណៈតាមអង្គភាពនិងលំនៅដ្ឋានរបស់ខ្លួនឱ្យបានព្រមៗគ្នាចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។
និងទី១២៖ការចូលរួមសកម្មភាពផ្សព្វផ្សាយដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ទិវាវប្បធម៌ជាតិ ៣មីនា ត្រូវស្លៀកពាក់តាមបែបប្រពៃណីជាតិ៕