ដោយៈ អង្គរតូច / សៀមរាបៈ ផ្តើមចេញពីភាពស្រវឹង ហើយបង្កជាជម្លោះ ក្នុងតុផឹកស៊ី មន្ត្រីកងរាជអាវុធហត្ថម្នាក់ ដកកាំភ្លើងបាញ់ ១ គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើល នាវេលា ម៉ោង ៩និង១០នាទី យប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចហាងផឹកស៊ី យីហោ មហាលាភ ៩៩៩៩ ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ប៉ុន្តែអ្នករងរបួសដេរ គឺជាអ្នកដែលបំផ្ទុះអាវុធទៅវិញ។ របាយការណ៍ ពីកងរាជអាវុធហត្ថខេត្ត បានបង្ហាញថាៈ បទល្មើសព្រហ្មទណ្ឌនេះ ជាករណីហិង្សា ដោយចេតនា។
បើយោងតាមរបាយការណ៍ របស់កងរាជអាវុធហត្ថខេត្ត បានបង្ហាញថា ករណីខាងលើ បង្កឡើងដោយឈ្មោះ តាំង ហូ ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន ANN មានទីលំនៅបច្ចុប្បន្ន ភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ក្នុងខណៈកំពុង ស៊ីផឹក បានធ្វើសកម្មភាព ដោយយកកែវស្រាគប់ ត្រូវក្បាលរបស់ឈ្មោះ អ៊ុក សុផល ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ កងរាជអាវុធហត្ថខេត្ត មានទីលំនៅបច្ចុប្បន្ន ភូមិបន្ទាយ ចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប បណ្តាលឲ្យត្រូវថ្ងាស លើចិញ្ចើមផ្នែកខាងឆ្វេង រយះហូរឈាមពេញមុខ និងមានស្នាមនៅលើក្បាល (របួសមុតអំបែងកែវ) ។
ក្រោយពីធ្វើសកម្មភាពគប់ ទៅលើឈ្មោះ អ៊ុក សុផល ឲ្យរបួសហើយ ជនបង្កឈ្មោះ តាំង ហូ បានរត់គេចខ្លួន ចេញទៅខាងក្រៅហាងបាត់។ ចំណែកឈ្មោះ អ៊ុក សុផល ដឹងថាខ្លួន មានរបួសហូរឈាមពេញមុខ និងដងខ្លួន ក៏បានដើរចេញពីកញ្ចុះ ដែលខ្លួន និងជនបង្ក អង្គុយផឹកស៊ី សំដៅមករថយន្តរបស់ខ្លួន ហើយ បានទាញយកកាំភ្លើងខ្លី ពីក្នុងរថយន្ត ដើរចេញ ហើយបានបាញ់ឡើងលើ ចំនួន ១គ្រាប់ (អាវុធខ្លីដែលឈ្មោះ អ៊ុក សុផល បានបាញ់ គឺម៉ាក K54) ។ បន្ទាប់មក បុគ្គលិក និងសន្តិសុខ ក្នុងហាងខាងលើ បាននាំឈ្មោះ អ៊ុក សុផល ទៅព្យាបាលមុខរបួស នៅគ្លីនិកសុខភាព នៅបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅ ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
របាយការណ៍ បានបង្ហាញទៀតថាៈ នៅពេលបន្ទាប់ ឈ្មោះ តាំង ហូរ បានចូលមកក្នុងហាង ខាងលើម្តងទៀត ហើយបានស្រែកជេរឡូឡា ពេលនោះ សមត្ថកិច្ចនគរបាល ក៏បាននាំ ឈ្មោះ តាំង ហូរ ទៅកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម ដើម្បីសួរនាំ ។ មូលហេតុដែល បណ្តាលឲ្យមានករណី ហិង្សាខាងលើ កើតឡើង គឺបណ្តាលមកពីផឹកស៊ី ជាមួយគ្នា ក៏មានទំនាស់ពាក្យសម្តីគ្នា ។
នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ លោក តាំង ហូ ភ្នាក់ងារបណ្តាញព័ត៌មាន ANN បានថ្លែងប្រាប់តាមទូរស័ព្ទថា ពិតជាមានហេតុការណ៍ផ្ទុះអាវុធមែន។ ដំបូងរូបគេ និងមិត្តភក្តិ ៣ទៅ៤នាក់ ផឹកស៊ីក្នុងហាងខាងលើ រួមទាំងមន្ត្រីប៉េអឹម ដែលផ្ទុះអាវុធផង។ លុះពេល ស្រវឹង មន្ត្រីប៉េអឹម ឈ្មោះ ផល បាននិយាយផ្លែផ្កាថា ពួកអ្នកកាសែត ដើរតែសុំលុយគេ។ ខណៈនោះ រូបគេ (តាំង ហូ) ក៍បានតបទៅវិញថា កុំដៀលអ្នក កាសែតទាំងអស់ ហើយក៍ផ្ទុះជម្លោះតែម្តង។
តាំង ហូ បានបន្តថាៈ ក្នុងពេលផ្ទុះជម្លោះ ក៍ផ្ទុះហិង្សា ប្រតាយប្រតប់គ្នា ដោយឈ្មោះ ផល ដកកាំភ្លើងបាញ់ ទើបរូបគេ (តាំង ហូ) រត់ចេញក្រៅហាង គេចខ្លួនតែម្តង។ ចំពោះថា រូបគេ យកកែវស្រា គប់ក្បាលឈ្មោះ ផល នោះ គឺមិនបានដឹងឡើយ។ ប៉ុន្តែ រូបគេ ក៍បានទៅ ដាក់ពាក្យបណ្តឹង នៅខាងប៉ូលិស ទាំងយប់ផងដែរ។
ជុំវិញករណីផឹកស៊ី បង្កជម្លោះ រហូតមានការផ្ទុះអាវុធ ហើយមានអ្នករងរបួសនេះលោកឧត្ត សេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តសៀមរាប ពុំអាចសុំការ ពន្យល់បានទេ ដោយទូរស័ព្ទហៅចូល តែមិនមានការឆ្លើយតប។
របាយការណ៍ដដែល បានបញ្ជាក់ចុងក្រោយថា ករណីហិង្សាដោយចេតនានេះ កម្លាំងការិយាជំនាញ កំពុងសួរនាំសាក្សី និងជនរងគ្រោះ ដើម្បីអនុវត្តន៍ តាមនីតិវិធី។
ទោះបីយ៉ាងណា មហាជន រង់ចាំមើលថា រឿងរាវមួយនេះ តើភាគីមួយណាទទួលបាន ភាពយុត្តិធម៌៕/V-PC