ដោយៈ សរិទ្ធ / កណ្តាលៈ លោក វ៉ិត ធារិទ្ធ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល បានត្រូវលោក សូ សុវិទ្យា ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកណ្តាល ចេញដីកាកោះហៅលើកទី៣ ឲ្យចូលបំភ្លឺករណី ឆបោកលុយកន្លះលានដុល្លារ ដោយយោងតាមពាក្យបណ្តឹង លោក លី វុទ្ធី នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២១។ ប៉ុន្តែដល់ពេលកំណត់ លោក វ៉ិត ធារិទ្ធ បានដាក់ពាក្យសុំពន្យារពេល ទៅថ្ងៃក្រោយវិញ។
ក្នុងដីកាកោះហៅនេះ លោកព្រះរាជអាជ្ញារង សូ សុវិទ្យា បានសង្កត់ធ្ងន់ថាៈ «ក្នុងករណីជនសង្ស័យ វ៉ិត ធារិទ្ធ មិនចូលតាមការកំណត់ ក្នុងដីកាកោះនេះ យើងនឹងចេញដីកាបញ្ជា អោយចូលខ្លួន អនុញ្ញាតអោយមន្ត្រីនគរបាលយុត្តិធម៌ ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំបុគ្គលនោះ អោយចូលបង្ហាញខ្លួន»។
គួររំលឹកថា លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល កាលពីខែមីនា ឆ្នាំ២០២០ ទើបបានតែងតាំងលោក វ៉ិត ធារិទ្ធ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ដើមខ្សែពិសេស ថ្នាក់លេខ៦ (ក.១.៦) ជាអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល ។ ដោយឡែក លោក ហេង សុភារិទ្ធិ ត្រូវបានតែងតាំងជា នាយខណ្ឌរដ្ឋបាលជលផល ខេត្តកណ្តាល ជំនួសលោក វ៉ិត ធារិទ្ធ ៕/V